ជាតិ
អ្នកសារព័ត៌មាន​នៅ​ពាយព្យ ទទួលបាន​ការអប់រំ​បន្ថែម​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​
30, Jan 2018 , 7:39 pm        
រូបភាព
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
​សៀមរាប​៖ ច្បាប់​សិទ្ធិ​ទទួលបាន​ព័ត៌មាន ទើបនឹង​បញ្ចប់​សេចក្តីព្រាង​បឋម​របស់ខ្លួន កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨​។ ច្បាប់​នេះ មិន​ត្រឹម​តែមាន​ប្រយោជន៍​សម្រាប់​អ្នកសារព័ត៌មាន​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ផង​។ ស្ថាប័ន​ពាក់ព័ន្ធ បានរៀបចំ​វេទិកា​បណ្តុះបណ្តាល​មួយ ដល់​អ្នកសារព័ត៌មាន​ក្នុង​ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ និង​បន្ទាយមានជ័យ ក្នុង​បំណង​ដើម្បី​ផ្សព្វផ្សាយ​ពី​ដំណើរការ​ចងក្រង​ច្បាប់​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នេះ​។​



​វេទិកា​ស្តីពី​«​ការផ្សព្វផ្សាយ​បទពិសោធន៍ និង​ចំណេះដឹង​ក្នុងការ​បង្កើត​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​» ត្រូវបាន​រៀបចំឡើង​នៅ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ដោយមាន​អ្នកសារព័ត៌មាន​ចំនួន​៣​ខេត្ត​ចូលរួម មាន​ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ និង​បន្ទាយមានជ័យ​។

​លោក ឆាយ សុផល តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា បាន​លើកឡើងថា ក្នុង​រយៈពេល​ចំនួន​២​ឆ្នាំកន្លះ​នេះ គឺមាន​ការពិភាក្សា​វែកញែក លើ​ចំណុច​ជាច្រើន​ជុំវិញ​ការរៀបចំ​សេចក្តីព្រាងច្បាប់​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នេះ​។ លោក​បន្ថែមថា ច្បាប់​នេះ​គឺ​ក្រសួង​ជា​អ្នក​គ្រោង​លើ​មាត្រា​នីមួយៗ ហើយ​បាន​យកមក​ឱ្យ​ក្រុមការងារ​បច្ចេកទេស ដែលមាន​សមាជិក​ចម្រុះ​ពី​ស្ថាប័នរដ្ឋ អង្គការ និង​ក្លឹប​អ្នកកាសែត​ចូលរួម​ពិភាក្សា ដូច្នេះ​ធ្វើឱ្យមាន​ចំណុច​ជាច្រើន​ដែល​មិន​ស្របគ្នា និង​ជជែក​គ្នា​ខ្លាំង​។​

​លោក ឆាយ សុផល បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« ចំណុច​ដែល​ប្រទាញប្រទង់​គ្នា​ខ្លាំង​លើ​ច្បាប់​សិទ្ធិ​ទទួលបាន​ព័ត៌មាន គឺ​ទាក់ទង​នឹង​ព័ត៌មាន​សំងាត់ និង​រយៈពេល​ស្នើសុំ​ព័ត៌មាន​ពី​មន្ត្រីរដ្ឋបាល​សាធារណៈ​»​។​



​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែងថា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ចាំបាច់​ត្រូវតែ​មានច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន មានន័យថា គេ​មិនអាច​ខ្វះ​គ្នា​បានឡើយ​។ លោក​រដ្ឋមន្ត្រី​បន្តថា ច្បាប់​នេះ​មិន​សម្រាប់តែ​អ្នកសារព័ត៌មាន​ប៉ុណ្ណោះ​ទេ តែ​វា​ធ្វើឡើង​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ផង​។ «​ស្ថាប័ន​សាធារណ​មាន​ភារកិច្ច និង​កាតព្វកិច្ច​ផ្តល់ព័ត៌មាន​ទូលំទូលាយ លើកលែងតែ​ព័ត៌មាន​មួយចំនួន​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ជាដើម​។ សួរថា​យើង​ធ្វើ​ដើម្បី​អី​? នៅក្នុង​សង្គម​ប្រជាធិបតេយ្យ សំខាន់​ការបោះឆ្នោត តែ​វា​ជា​ចំណុច​ចុងក្រោយ​ទេ សំខាន់​គឺ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ដំណើរការ​អធិការកិច្ច អភិបាលកិច្ច គាត់​ដឹង​ទាំងអស់ គាត់​រើស​បាន គាត់​សម្រេច​ចិត្តបាន បើ​មិនដឹង​គាត់​វិលវល់​អស់​...»​។ នេះ​ជាការ​ពន្យល់​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន ក្នុង​វេទិកា​នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៨​។​

​លោក សោម រតនា នាយក​វិទ្យាស្ថាន​សារគមនាគមន៍​កម្ពុជា បានឱ្យដឹង​ក្នុង​វេទិកា​នេះដែរ​ថា ក្នុង​កិច្ច​ការរៀបចំ​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន​នេះដែរ ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ប្រទេស​ស៊ុយ​អ៊ែត (SIDA) បាន​ឧបត្ថម្ភ​មូលនិធិ តាមរយៈ​អង្គការ យូណេស្កូ ភ្នំពេញ ដល់​វិទ្យាស្ថាន​របស់លោក​រយៈពេល​៣​ឆ្នាំ ដើម្បី​អនុវត្ត​គម្រោង បង្កើន​ការទាមទារ​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ពី​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ ២០១៧​។



​តាម​ការបញ្ជាក់​របស់​លោក សោម រតនា ក្រោម​គម្រោង​ខាងលើនេះ វិទ្យា​សា្ថ​ន​សារ​គម​ន៍គ​មន៍​កម្ពុជា ក្រោម​អនុ​គម្រោង​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ ផ្តោតលើ​សមាសភាព​សំខាន់​បី ទី​១ គោលការណ៍ និង​ទស្សនទាន​មូលដ្ឋាន​នៃ​សិទ្ធិ​ទទួល​ព័ត៌មាន ទី​២ ការសរសេរ និង​រាយការណ៍​ព័ត៌មាន​បែប​ស៊ើបអង្កេត និង​ទី​៣ ក្រមសីលធម៌​អ្នកសារព័ត៌មាន​៕


Tag:
 សិទ្ធិ​ទទួលបាន​ព័ត៌មាន​
  អ្នកកាសែត
© រក្សាសិទ្ធិដោយ thmeythmey.com