អន្តរជាតិ
​ត្រាំ សម្រេច​ដក​បម្រាម​ប្រឆាំង​ជនភៀសខ្លួន​ពី​ប្រទេស ១១ តែ​រឹតបន្តឹង​ការត្រួតពិនិត្យ​ឲ្យ​ខ្លាំង​
30, Jan 2018 , 8:19 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: ថ្មីៗ
​សហរដ្ឋអាមេរិក​សម្រេច​ដក​បម្រាម​ជនភៀសខ្លួន​ដែល​មកពី​ប្រទេស​ចំនួន ១១ ដែល​អាមេរិក​ចាត់ទុកជា​ប្រទេស​គ្រោះថ្នាក់​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​។ ប៉ុន្តែ​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​នឹងដាក់​វិធានការ​តឹងតែង​ជំនួស​វិញ​ដើម្បី​ត្រួតពិនិត្យ​រាក់​ប្រជាជន​ដែល​ចង់​សុំ​សិទ្ធិ​ជ្រកកោន​នៅ​អាមេរិក​។​



​ចុងក្រោយ រដ្ឋបាល​អាមេរិក​របស់លោក ដូ​ណា​ល់ ត្រាំ សម្រេច​ដក​ការហាមឃាត់​ចំពោះ​ប្រជាជន​ជា​ជនភៀសខ្លួន​មកពី​ប្រទេស ១១ ដែល​ភាគច្រើន​ជា​ប្រទេស​ម៉ូ​ស្លី​ម​ដែល​ស្ថិតក្នុង​បញ្ជី​គ្រោះថ្នាក់​របស់​អាមេរិក​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ថ្វីបើ​មិនមាន​ការបញ្ជាក់​ច្បាស់​ក៏ដោយ គេ​ដឹងថា ប្រទេស​ចំនួន ១១ នោះ​មាន​ប្រទេស​ម៉ូ​ស្លី​ម​ធំៗ​ចំនួន ១០ បូក​ប្រទេស​កូរ៉េខាងជើង​។ ពាក់ព័ន្ធ​បញ្ហា​នេះ មន្ត្រី​អាមេរិក​បាន​អះអាងថា ប្រជាជន​ពី​ប្រទេស​ទាំង ១១ នោះ​នឹងត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​បំផុត​ដើម្បី​ធានាថា ពួកគេ​មិនមែនជា​គ្រោះថ្នាក់​សម្រាប់​អាមេរិក​។

​រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ​អាមេរិក Kristjen Nielsen បានលើកឡើង​ដូច្នេះ​៖« វា​សំខាន់​ខ្លាំង​ដែល​យើង​អាច​ដឹង​ច្បាស់​ថា អ្នក​ដែល​ចូលដល់​ទឹកដី​អាមេរិក​នោះ​ជា​អ្នកណា​។ វិធានការ​សន្តិសុខ​បន្ថែម​នេះ​នឹងធ្វើ​ឲ្យ​ក្រុម​ដែលមាន​បំណង​មិនល្អ​ពិបាក​យក​ឋានៈ​ជា​ជនភៀសខ្លួន​ជា​ខែល​ដើម្បី​ចូល​ទឹកដី​អាមេរិក​។ ម្យ៉ាង​វិធានការ​នេះ​ជួយ​ឲ្យ​យើង​អាច​ធានា​និង​ការពារ​ទឹកដី​អាមេរិក​បាន​»​។​

​តាមពិតទៅ​ប្រទេស​ទាំង ១១ ខាងលើ​ត្រូវបាន​ក្រុង​វ៉ាស៊ីនតោន​ដាក់​បម្រាម​ជា​ផ្លូវការ​កាលពី​ខែតុលា​ឆ្នាំមុន ប៉ុន្តែ​គេ​មិនបាន​បញ្ចេញ​ឈ្មោះ​ជា​ផ្លូវការ​ថា​ប្រ​ទស​ទាំងនោះ​មាន​ប្រទេស​ណាខ្លះ​ឡើយ​។ ប៉ុន្តែ​ក្រុម​ជនភៀសខ្លួន​បាន​អះអាងថា ប្រទេស​ទាំងនោះ​មាន​អេ​ហ្ស៊ី​ប​, អ៊ីរ៉ង់​, អ៊ីរ៉ាក់​, លី​ប៊ី​, ម៉ាលី , កូរ៉េខាងជើង​, សូ​ម៉ាលី​, ស៊ូដង់​ខាងត្បូង​, ស៊ូដង់​, ស៊ី​រី និង​យេ​ម៉ែន​។​

​ការដាក់​វិធានការ​រឹង​រ៉ឹង​ប្រឆាំង​ជនភៀសខ្លួន​នេះ ត្រូវបាន​ក្រុម​សិទ្ធិមនុស្ស​រិះគន់​ជា​បន្តបន្ទាប់ ប៉ុន្តែ​ខាង​មន្ត្រីរដ្ឋបាល​លោក ត្រាំ បាន​បកស្រាយ​ជាថ្មី​ថា វិធានការ​វាយតម្លៃ​ផ្នែក​សន្តិសុខ​មិនមែន​បង្កើតឡើង​ដើម្បី​សំដៅលើ​ក្រុម​ប្រជាជន​ម៉ូ​ស្លី​ម​ដូច​គេ​ចោទ​ឡើយ​។  មន្ត្រី​ដែល​និយាយ​ដោយ​មិនបាន​បង្ហាញ​អត្តសញ្ញាណ​នោះបាន​បន្ថែមថា វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​ផ្តោតលើ​ប្រទេស​ដែលមាន​គ្រោះថ្នាក់​ខ្លាំង​នោះ​។

​តាមពិតទៅ​តាំងពី​ឃោសនា​ដល់​ស្បថ​ចូលកាន់​តំណែង លោក ត្រាំ បង្ហាញ​ជំហរ​ឥត​ងាករេ​ក្នុង​ការធានា​សន្តិសុខ និង​សុវត្ថិភាព​ដល់​ប្រជាជន​អាមេរិក​តាមរយៈ​ការ​រឹតបន្តឹង​លំហូរ​ចូល​នៃ​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍​ខុសច្បាប់​។ លោក​កែទម្រង់​កម្មវិធី​ជនភៀសខ្លួន​ដោយ​កាត់បន្ថយ​ចំនួន​ជនភៀសខ្លួន​ចូលមក​អាមេរិក ហើយ​លោក​ក៏​ស្នើ​លុបចោល​ឆ្នោត​ផ្សងសំណាង​ដើម្បី​បាន​ចូលមក​រស់នៅ​អាមេរិក (Green Card Lottery) និង​ជំទាស់​កម្មវិធី​ផ្តល់​សិទ្ធិ​រស់នៅ​ស្របច្បាប់​ដល់​ជនអន្តោប្រវេសន៍​ក្មេងៗ​ដែលមាន​អាយុ​ចន្លោះ​ពី ១០​ដល់ ១២​ឆ្នាំ (Dreamers)​ផង​។​

​បច្ចុប្បន្ននេះ​សមាជិកសភា​ទាំងពីរ​បក្ស​នាំគ្នា​ចរចា​លើ​សំណើរ​កែទម្រង់​កម្មវិធី​ជនភៀសខ្លួន​និង​ជនអន្តោប្រវេសន៍​នេះ ហើយ​ពួកគេ​ក៏​ពិភាក្សា​លើ​សំណើរ​សុំ​លុយ ២៥ ពាន់​លាន​ដុល្លារ​ដើម្បី​សាងសង់​ជញ្ជាំង​ភាគខាងត្បូង​ជាប់​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​ដើម្បី​ការពារ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ដែរ​៕


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ជនភៀសខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com