អន្តរជាតិ
ដំរី​មួយ​ក្បាល​ដើរ​រំលង​លើ​រនាំង​ព្រំដែន​ឆ្លងកាត់​ពី​ព្រំដែន​ចិន​ចូលទៅ​ទឹកដី​ឡាវ​
30, Jan 2018 , 9:19 pm        
រូបភាព
ដោយ: ធីតា
​ដំរី​ដ៏​ធំ​មួយ​ក្បាល ត្រូវបាន​កាមេរ៉ា​ត្រួតពិនិត្យ​ប៉ុស្តិ៍​ព្រំដែន ថត​ជាប់​ពី​សកម្មភាព​របស់​វា ឆ្លងកាត់​ព្រំដែន​ចិន​-​ឡាវ នា​ពាក់​កណ្តាលយប់​ថ្ងៃ​សៅរ៍ ឈានចូល​ថ្ងៃអាទិត្យ​កន្លងមក​។ បើតាម​ការផ្សាយ​របស់​ទូរទស្សន៍ CCTV ដំរី​នោះ បាន​វិល​ចូល​ទឹកដី​ចិន​វិញ តាម​ច្រក​ដដែល​នា​រយៈពេល​២​ម៉ោង​ក្រោយមក​។



​ដំរី​នោះ បាន​ចេញពី​ព្រំដែន​នៅ​តំបន់​ស្វយ័ត Xishuangbanna នៃ​ខេត្ត​យូ​ណាន ប្រទេស​ចិន ឆ្ពោះទៅកាន់​ក្រុង Louang Namtha ភាគ​ខាងជើង​នៃ​ប្រទេស​ឡាវ​។ តាមរយៈ​កាមេរ៉ា​សុវត្ថិភាព ដំរី​នោះ បាន​ឆ្លង​ចូល​ដោយ​ឈាន​ជើង​រំលង​លើ​រនាំង​ព្រំដែន​។​

​បន្ទាប់ពី​ឃើញ​សកម្មភាព​នោះ កងកម្លាំង​ព្រំដែន​បាន​បើកភ្លើង​បំភ្លឺ និង​តាមដាន​មើល​ដំណើរ​ប​ស់វា ហើយពីរ​ម៉ោង​ដំរី​បាន​វិលត្រឡប់​ចូលក្នុង​ទឹកដី​ចិន​វិញ នៅតាម​ច្រក​ដដែល ប៉ុន្តែ​វា​មិនបាន​រំលង​រនាំង​ទៀតឡើយ ដោយ​ដើរ​នៅ​ច្រក​ផ្លូវ​ធម្មតា​។​



​លោក Li Zhifu មន្ត្រី​ព្រំដែន​ម្នាក់​របស់​ចិន បាន​អះអាងថា​៖ «​ពេលនេះ​ជា​រដូវក្តៅ ដូច្នេះ​តំបន់​ព្រៃឈើ​មិនសូវ​សំបូរ​ចំណីរ​អាហារ​ឡើយ​។ យើង​តែងតែ​ឃើញ​ជា​ញឹកញាប់​ករណី​ដំរី​ចេញ​ទៅរក​ចំណី​នៅតាម​តំបន់​ជិតខាង​»​។ ជាមួយគ្នានេះ​ផងដែរ កងកម្លាំង​មាន​សមត្ថកិច្ច បាននាំគ្នា​ផ្សព្វផ្សាយ​ទៅកាន់​អ្នកភូមិ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ក្រែង​មាន​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​សត្វ​ដំរី​។​

​របាយការណ៍​បាន​បង្ហាញថា ដំរី​ប្រមាណ​៣០០​ក្បាល​កំពុង​រស់នៅ​តំបន់​ព្រៃ​ត្រូពិច ក្នុង​ខេត្ត​យូ​ណាន ហើយ​វា​ជា​ប្រភេទ​សត្វ​ដែល​ត្រូវការពារ​នៅក្នុង​ប្រទេស​ចិន​៕


Tag:
 ដំរី​
© រក្សាសិទ្ធិដោយ thmeythmey.com