ជាតិ
គម្រោង​ទំនើបកម្ម​ប្រព័ន្ធ​ចុះបញ្ជី និង​ត្រួតពិនិត្យ​យានយន្ត​របស់ JICA ផ្តល់​ផល​វិជ្ជមាន​
30, Jan 2018 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ចំនួន​យានយន្ត និង​ម៉ូតូ​នៅ​កម្ពុជា កំពុង​កើនឡើង​យ៉ាងច្រើន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ប៉ុន្តែ ប្រព័ន្ធគ្រប់គ្រង​ការចុះបញ្ជី​រថយន្ត និង​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​នៅ​កម្ពុជា នៅ​មិនទាន់មាន​លក្ខណៈ​គ្រប់គ្រាន់​នៅឡើយ ដែលជា​ហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​ទាក់​ទៅនឹង​សុវត្ថិភាព​ចរាចរណ៍ និង​បរិស្ថាន​។



​ផ្អែកទៅលើ​ស្ថានភាព​នាពេល​បច្ចុប្បន្ន​នៅ​កម្ពុជា ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) បានដាក់​ឲ្យ​អនុវត្ត «​គម្រោង​ទំនើបកម្ម​ប្រព័ន្ធ​ចុះបញ្ជី និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​» ដែលមាន​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធគ្រប់គ្រង​ចុះបញ្ជី​យានយន្ត ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត និង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នៅ​កម្ពុជា ដែលមាន​រយៈពេល​៣​ឆ្នាំ ដោយបាន​ចាប់ផ្ដើម​តាំងពី​ខែកក្កដា ឆ្នាំ​២០១៦​មក​។​

​គម្រោង​នេះ រួមចំណែក​ក្នុងការ​សម្រាល​បន្ទុក​ដ​ល់​ប្រជាជន​កម្ពុជា ចំពោះ​ការដាក់​ពាក្យស្នើសុំ​ចុះបញ្ជី និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ដើម្បី​ធានាបាន​នូវ​តម្លៃ​រថយន្ត និង​រក្សា​សុវត្ថិភាព​ចរាចរណ៍ ដើម្បី​ផ្ដល់នូវ​នីតិវិធី​គ្រប់គ្រង​យានយន្ត​ឲ្យ​បានច្បាស់លាស់​ផងដែរ ដើម្បី​ប្រមូល​នូវ​ព័ត៌មាន​យានយន្ត និង​ចែករំលែក​ព័ត៌មាន ជាមួយ​ក្រសួង​ពាក់ព័ន្ធ និង​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​គុណភាព នៃ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ផងដែរ​។

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​លើ​សកម្មភាព​នៃ​អង្គការ JICA  នា​ព្រឹក​ថ្ងៃទី​៣០ ខែមករា​នេះ នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក តូច ចាន់​កុសល បាន​ថ្លែងថា ការគិតគូ​ពី​សុវត្ថិភាព និង​ចរាចរណ៍​ពិត​ជាមាន​សារសំខាន់​ណាស់ នៅក្នុង​វិស័យ​ដឹកជញ្ជូន ដែលមាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នាពេល​បច្ចុប្បន្ន​។ លោក បន្តថា កំណើត​យានយន្ត និង​ការដឹកជញ្ជូន​តាម​យានយន្ត បាន​បង្ក​ឲ្យ​មាន​ភាព​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាងច្រើន ដូច្នេះ​ការសម្របសម្រួល​រវាង​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​ការដឹកជញ្ជូន និង​ការពិចារណា​លើ​បរិស្ថាន គឺជា​ការងារ​ចាំបាច់​បំផុត​។​



​លោក តូច ចាន់​កុសល លើកឡើង​ទៀតថា ការប្រើប្រាស់​ព័ត៌មានវិទ្យា​ចុះបញ្ជី​យានយន្ត មាន​សារសំខាន់​ណាស់ ស្រប​ពេលដែល​មានការ​កើនឡើង​នៃ​ចំនួន​យានយន្ត​។ នៅ​កម្ពុជា ទោះបីជា​ប្រព័ន្ធ​ចុះបញ្ជី និង​ត្រួតពិនិត្យ​លក្ខណៈ​យានយន្ត ត្រូវបាន​បង្កើតឡើង​ក៏ពិតមែន​តែ ប៉ុន្តែ​ការគ្រប់គ្រង នៅ​ជួប​ការលំបាក​នៅឡើយ ដែល​ត្រូវតែ​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ​។ នេះ​បើតាម​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដដែល ដោយ​លោក បាន​បន្ថែមថា ផ្អែកលើ​បញ្ហា​ទាំងនេះ រដ្ឋាភិបាល​កម្ពុជា ស្នើ​រដ្ឋាភិបាល​ជប៉ុន​ជួយ​គាំទ្រ​ផ្នែក​ប​ច្ចេ​ទេស នៃ​ការគ្រប់គ្រង​ប្រព័ន្ធ​នេះ​។

​ពាក់កណ្ដាល​ឆ្នាំ​២០១៦ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានទទួល​ជំនួយ​បច្ចេកទេស ក្រោម​គម្រោង​ទំនើបកម្ម​ប្រព័ន្ធ​ចុះបញ្ជី និង​ត្រួតពិនិត្យ​លក្ខណៈ​ប​ច្ចេ​ទេស​យានយន្ត​ពី​អង្គការ JICA​។

​ជាមួយគ្នានេះដែរ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ស្នើសុំ​ជំនួយឥតសំណង ពី​អង្គការ JICA ដើម្បី​បង្កើត​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​ថ្មី ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធគ្រប់គ្រង​យានយន្ត តាម​ព័ត៌មានវិទ្យា ហើយ​និង​ការកសាង​ធនធានមនុស្ស​ផ្នែក​ព័ត៌មានវិទ្យា​នាពេល​អនាគត​៕


Tag:
 យានយន្ត​
 ​ ចុះបញ្ជី​
  ​តូច ចាន់​កុសល
© រក្សាសិទ្ធិដោយ thmeythmey.com