អន្តរជាតិ
តុលាការ​ថៃ​បញ្ជាក់​ជាថ្មី​ពី​ភាពស្របច្បាប់​របស់រប​ប​សឹក​ដែល​រឹបអូស​ទ្រព្យសម្បត្តិ​លោកស្រី យី​ង​ឡាក់​
30, Jan 2018 , 10:19 pm        
រូបភាព
ដោយ:
​តុល​ការ​ថៃ បាន​បន្ត​ទាត់ចោល​បណ្តឹង​មោឃភាព​របស់លោក​ស្រី​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់ ពាក់ព័ន្ធ​នឹង​សេចក្តី​បង្គាប់​របស់លោក​នាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ក្នុងការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់លោក​ស្រី ជា​សំណង​ចំពោះ​គោលនយោបាយ​ស្រូវ​អង្ករ​។



​តុលាការ​រដ្ឋបាល​ថៃ នៅ​ថ្ងៃ​២៩ ខែមករា បាន​បដិសេធ​សំណើ​របស់​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ដែល​ស្នើ​ឲ្យ​តុលាការ​មោឃភាព​សេចក្តី​បង្គាប់​របស់​របប​សឹក​ដែល​បញ្ជា​ឲ្យ​លោកស្រី ផ្តល់​សំណង​ប្រមាណ ៣៥.៧​ពាន់​លាន​បាត (៩៩៦ លាន​ដុល្លារ​) លើ​ការខូចខាត​ដ៏​ច្រើន​លើសលប់​ពាក់ព័ន្ធ​បញ្ហា​គោលនយោបាយ​ស្រូវ​អង្ករ​ថៃ​ក្នុងពេល​លោកស្រី​ដឹកនាំ​ប្រទេស ។

​នេះ គឺជា​លើក​ទី​ពីរ​ហើយ ដែល​តុលាការ​ថៃ សម្រេច​បដិសេធ សំណើ​របស់លោក​ស្រី​យី​ង​ឡាក់ ។ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation មិន​ខុសពី​លើកទីមួយ​ឡើយ តុលាការ បាន​បញ្ជាក់ថា អំ​ណេះ​អំ​ណា​ង​របស់​លោកស្រី មិនមាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់ថា សេចក្តី​បង្គាប់​រដ្ឋបាល​របស់រ​បប​សឹក​ថា ខុសច្បាប់​ឡើយ ។

អត្ថបទទាក់ទង


​តាម​ប្រភពព័ត៌មាន​ដដែល​នោះ មេធាវី​របស់លោក​ស្រី យី​ង​ឡាក់ បាន​ឲ្យ​ដឹងថា នៅពេលនេះ ក្រុមការងារ​កំពុងតែ​បន្តការងារ​ដើម្បី​ប្តឹង​ជំទាស់​ទៅនឹង​សេចក្តី​បង្គាប់បញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ចន្ទ ។ មេធាវី​រូបនោះ បន្ថែមថា មកទល់ពេលនេះ អាជ្ញាធរ បាន​បង្កក​គណនី​ធនាគារ​លោកស្រី​យី​ង​ឡាក់ ១២ ឬ​១៣​គណនី ហើយ​អាជ្ញាធរ ក៏​កំពុងតែ​ដាក់​គោលដៅ​លើផ្ទះ​របស់លោក​ស្រី​ផងដែរ ។

​សូម​រម្លឹក​បន្តិច​ដែរ​ថា នៅ​ឆ្នាំ​២០១៦ កន្លងទៅ រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ ចន្ទ អូ​ចា  បានចេញ​លិខិត​បង្គាប់បញ្ជា​ដែល​ផ្តល់​ដោយ​ប្រការ​៤៤​នៃ​រដ្ឋធម្មនុញ្ញ​ថៃ​បណ្តោះអាសន្ន​ដើម្បី​ផ្តល់​ភាពស្របច្បាប់​សម្រាប់​ខ្លួន​ក្នុងការ​រឹបអូស​ទ្រព្យសម្បត្តិ​លោកស្រី យី​ង​ឡាក់ និង​អតីត​មន្ត្រីក្រោមឱវាទរ​បស់​លោកស្រី ពាក់ព័ន្ធ​នឹង​ការធ្វើ​ឲ្យ​បាត់បង់​ថវិកាជាតិ​តាមរយៈ​កម្មវិធី​ស្រូវ​អង្ករ​ក្នុងពេល​លោកស្រី​កាន់អំណាច ។​
 
​ការបង្គាប់​រឹបអូស​នេះ មិនបាន​ឆ្លងកាត់​ដីកា​បង្គាប់​ពី​តុលាការ​ថៃ ដែល​ចំណុច​នេះហើយ ធ្វើ​ឲ្យ​លោកស្រី យី​ង​ឡាក់ ចាត់ទុកថា ជា​រឿង​មិន​យុត្តិធម៌ ។ យ៉ាងណាក៏ដោយ កន្លងមក រដ្ឋាភិបាល​របប​សឹក ក៏​ធា្ល​ប់​បាន​បកស្រាយ​រួចហើយ​ថា ការ​រឹបអូស​ទ្រព្យ​ដែលជា​កម្មសិទ្ធិ​របស់​អតីត​នាយករដ្ឋមន្ត្រី លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា អាចអនុវត្ត​ទៅបាន​ដោយ​មិនចាំបាច់​រង់ចាំ​ដីកា​បង្គាប់​របស់​តុលាការ​រដ្ឋបាល​ឡើយ ៕

Tag:
 ​ថៃ​
  នយោបាយ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com