ជាតិ
ពិធីបុណ្យ​មាឃបូជា​ដែល​ពុទ្ធសាសនិក​ត្រូវ​ដឹង និង​ស្វែងយល់
08, Feb 2020 , 7:39 am        
រូបភាព
រូបភាពតំណាង៖ ជាថ្ងៃដែល ព្រះភិក្ខុ១២៥០អង្គ មកជួបជុំគ្នាក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធដោយ មិនមានការណាត់ជាមុន។ ហើយព្រះសម្មាសម្ពុទ្ធ ក៏បានសម្តែងឱវាទបាតិមោក្ខ ដល់ព្រះភិក្ខុទាំងនោះ។
រូបភាពតំណាង៖ ជាថ្ងៃដែល ព្រះភិក្ខុ១២៥០អង្គ មកជួបជុំគ្នាក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធដោយ មិនមានការណាត់ជាមុន។ ហើយព្រះសម្មាសម្ពុទ្ធ ក៏បានសម្តែងឱវាទបាតិមោក្ខ ដល់ព្រះភិក្ខុទាំងនោះ។
ដោយ: ថ្មីៗ
​មាឃបូជា គឺជា​បុណ្យ​ដ៏​ធំ​មួយ​ក្នុង​ព្រះពុទ្ធសាសនា ដែល​ប្រទេស​កម្ពុជា តែង​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​។ សម្រាប់​ឆ្នាំនេះ បុណ្យមាឃបូជា នឹងត្រូវ​ប្រារព្ធ​ឡើង​នូវ​ថ្ងៃ​១៥​កើត ខែមាឃ ដែល​ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ទី​៨ ខែកុម្ភៈ ឆ្នាំ​២0២០​។ មិនមែន​តែ​កម្ពុជា​នោះទេ សូម្បីតែ​ប្រទេស​ដទៃ ដូចជា​ស្រីលង្កា មី​យ៉ាន់​ម៉ា និង​ថៃ ជាដើម ដែល​កាន់​ព្រះពុទ្ធសាសនា​ផង​នោះ ក៏​ប្រារព្ធ​ពិធីបុណ្យ​នេះដែរ​។



​ការ​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា គឺ​ដើម្បី​រម្លឹក​នូវ​ព្រឹត្តិការ​ណ៏​សំខាន់​៣​យ៉ាង ដែល​រួមមាន ទី​១ ការធ្វើ​ចតុរង្គសន្និបាត និង​ទី​២ ព្រះពុទ្ធ សម្តែង​ឱវាទបាតិមោក្ខ​ដល់​ភិក្ខុ ហើយ​ទី​៣ ព្រះពុទ្ធ ដាក់​អាយុសង្ខារ​។

​ចតុរង្គសន្និបាត មានន័យថា ជាការ​ជួបជុំគ្នា​របស់​សាវ័កព្រះពុទ្ធ នៅក្នុង​ថ្ងៃមួយ ហើយ​ប្រកបដោយ​អង្គ​ឬ​ហេតុ​៤​យ៉ាង​។ អង្គ​ឬ​ហេតុ​ទាំង​៤ ដែល​កើតឡើង​ក្នុង​ថ្ងៃ​ជួបជុំ​នោះ គឺ​ទី​១ ជា​ថ្ងៃ​ឧបោសថ ដែលមាន​ព្រះ​ច័ន្ទ​ពេញវង់​ល្អ ទី​២ ជា​ថ្ងៃ ដែល​ព្រះ​ភិក្ខុ​ទាំង​១២៥០​អង្គ មកជួប​ជុំគ្នា​ក្នុង​សំណាក់​ព្រះសម្មាសម្ពុទ្ធ​ដោយ​មិន​មានការ​ណាត់​ជាមុន ទី​៣ ព្រះ​ភិក្ខុ​ទាំងអស់នោះ សុទ្ធសឹងតែ​ជា​ព្រះអរហន្ត និង​ទី​៤ ព្រះ​ភិក្ខុ​ទាំងអស់នោះ សុទ្ធសឹងតែ​ជា​ឯ​ហិ​ភិក្ខុ​។ ឯ​ហិ​ភិក្ខុ គឺ​សំដៅលើ​ជនណាម្នាក់ ដែល​គ្រាន់តែ​ចូលទៅ​ស្តាប់ធម៌​របស់​ព្រះពុទ្ធ ហើយក៏​ក្លាយជា​ភិក្ខុ​ដូច​គេ​ដែរ​។ ចតុរង្គសន្និបាត​នេះ មានតែ​ម្តង​ប៉ុណ្ណោះ​ក្នុងសម័យ​ព្រះពុទ្ធ​។​

​រីឯ ការសម្តែង​ឱវាទបាតិមោក្ខ ជា​កម្រង​ដំបូន្មាន​របស់​ព្រះពុទ្ធ ដើម្បី​ដឹកនាំ​សត្វលោក​ទាំងអស់​ឲ្យ​រួចផុត​ទុក្ខ​។ ឱវាទបាតិមោក្ខ មានដូចជា សេចក្តី​អត់ធន់ ការមិន​ធ្វើបាប​ទាំងពួង ការបំពេញ​កុសល ការញ៉ាំង​ចិត្ត​របស់ខ្លួន​ឲ្យ​ផូរផង់ ការមិន​ពោល​ពាក្យ​តិះដៀល និង​ការមិន​បៀតបៀន​គ្នា ជាដើម​។ 

​ក្រោយ​សម្តែង​ឱវាទបាតិមោក្ខ​រួចហើយ ព្រះពុទ្ធ ក៏​ប្រកាស​តែងតាំង​ភិក្ខុ​២​អង្គ ជា​អគ្គសាវ័ក​កំពូល​លើស​ភិក្ខុ​ទាំងឡាយ​។ ភិក្ខុ​ទាំង​២​នោះ​គឺ ព្រះ​សារីបុត្ត ជា​អគ្គសាវ័ក​ស្តាំ ដែលមាន​បញ្ញា​លើសគេ និង​ព្រះមហា​មោគ្គល្លាន ជា​អគ្គសាវ័ក​ឆ្វេង ដែលមាន​ឫទ្ធិ​លើសគេ​។​

​ចំណែក ការដាក់​អាយុសង្ខារ គឺជា​ថ្ងៃ​ដែល​ព្រះពុទ្ធ កំណត់ថា​៣​ខែ​ទៅមុខទៀត ព្រះអង្គ នឹង​ចូល​ព្រះ​និព្វាន ដែល​ជាការ​លាចាក​លោក​នេះ ដោយ​ពុំមាន​ការវិលត្រឡប់​វិញ​ឡើយ​។  រយៈពេល​៣​ខែក្រោយ ព្រះអង្គ ក៏​ចូល​ព្រះ​និព្វាន ក្នុង​ព្រះជន្ម​៨០​ព្រះវស្សា​៕



Tag:
 មាឃបូជា
© រក្សាសិទ្ធិដោយ thmeythmey.com