អន្តរជាតិ
អាមេរិក​បង្ហាញ​ឈ្មោះ​មន្ត្រី​ធំៗ​និង​អ្នកជំនួញ​គ្រាក់ៗ​រុស្ស៊ី​ដែល​អាច​ជាប់​ទណ្ឌកម្ម​
30, Jan 2018 , 10:59 pm        
រូបភាព
​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក នៅ​ថ្ងៃទី​៣០ បានចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​មន្ត្រី​ធំៗ និង​អ្នកជំនួញ​គ្រាក់ៗ​របស់​រុស្ស៊ី ដែល​ប្រឈមមុខ​នឹង​ការដាក់ទណ្ឌកម្ម​ជុំវិញ​ការពាក់ព័ន្ធ​ក្នុងការ​ជ្រៀតជ្រែក​ការបោះឆ្នោត​អាមេរិក​ឆ្នាំ​២០១៦ ។ បញ្ជី​ឈ្មោះ​នេះ ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី ដែល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដាក់​ឲ្យ​ប្រើ​កាលពី​ខែសីហា ឆ្នាំ​២០១៧ ។ ក្រុង​មូ​ស្គូ​ចាត់ទុក​បញ្ជី​ឈ្មោះ​នេះ​ជាការ​កាត់ផ្ដាច់​ទំនាក់ទំនង​ទ្វេភាគី​។​



​លើកលែងតែ​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ចេញ មន្ត្រី​កំពូលៗ​របស់​រដ្ឋាភិបាល​រុស្ស៊ី និង​ប្រធាន​ក្រុមហ៊ុន​ធំៗ សុទ្ធតែ​មានឈ្មោះ​ក្នុង​បញ្ជី​ក្រេ​ម​ឡាំង (Kremlin List) របស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ទាំងអស់​។ ជា​សរុប មន្ត្រី​រុស្ស៊ី​ចំនួន​១១៤​នាក់ មានឈ្មោះ​ក្នុង​បញ្ជី​នេះ ហើយ​សុទ្ធតែ​អាច​ប្រឈមមុខ​ទណ្ឌកម្ម​របស់​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន លើ​សំណុំរឿង​កកូរកកាយ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦ ។​

​បើតាម​សារព័ត៌មាន RT អ្នកនយោបាយ​រុស្ស៊ី​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​មាន​លោក Dmitry Peskov អ្នកនាំពាក្យ​លោកពូ​ទីន​, នាយករដ្ឋមន្ត្រី ឌី​មី​ទ្រី ម៉េ​ដ​វ៉េ​ដេ​វ​, ឧបនាយករដ្ឋមន្ត្រី​ទីមួយ Igor Shuvalov ។ រដ្ឋមន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​រុស្ស៊ី​ទាំងអស់​រាប់ទាំង​លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ការពារជាតិ Sergey Shoigu ផង ក៏​ជាប់​ឈ្មោះ​ដូចគ្នា​។ មន្ត្រី​ទទួលបន្ទុក​សន្តិសុខ​ជាច្រើនរូប​មាន​ប្រធាន​ភ្នាក់ងារ​សម្ងាត់ និង​ប្រធាន​អង្គភាព​អង្គរក្ស​របស់​រុស្ស៊ី ក៏​គេច​មិន​ផុត​ដែរ​។​

​គេ​ក៏​ឃើញ​មាន​សេដ្ឋី​គ្រាក់ៗ​ដល់​ទៅ​៩៦ ចាប់ពី​ប្រធាន​ក្រុមហ៊ុន​ឧស្ម័ន Gazprom, ក្រុមហ៊ុន​ប្រេង Rosneft, ក្រុមហ៊ុន​ដឹកជញ្ជូន Russian Railways, ក្រុមហ៊ុន​អាកាសចរណ៍ Aeroflot ព្រមទាំង​ប្រធាន​ធនាគារ​ធំ​ទាំងពីរ Sberbank និង VTB ជាដើម​។ អ្នកជំនួញ​ធំៗ​មួយចំនួនទៀត​ក្នុង​វិស័យ​ឯកជន ជាពិសេស​ប្រធាន​ក្លិប​បាល់ទាត់ Chelsea គឺ​លោក Roman Abramovich ក៏​ស្ថិតក្នុង​បញ្ជី​របស់​អាមេរិក​ដែរ​។​

​ក្នុង​របាយការណ៍​ចេញផ្សាយ​នៅ​ថ្ងៃទី​៣០ ខែមករា បុគ្គល​ទាំងអស់​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី ត្រូវបាន​ជ្រើសរើស​ដោយ​ផ្អែកលើ​តួនាទី​បុគ្គល​នីមួយៗ ឬក៏​មានទ្រព្យ​សម្បត្តិ​មួយ​ពាន់​លាន​ដុល្លារ ឬក៏​ច្រើនជាង​នេះ​សម្រាប់​មនុស្ស​ជាន់ខ្ពស់​មួយក្រុម​។ យ៉ាងណាមិញ អាមេរិក​បញ្ជាក់ថា នេះ​មិនមែនជា​បញ្ជី​ទណ្ឌកម្ម​ឡើយ ហើយ​ការបញ្ចូល​ឈ្មោះ​បុគ្គល ឬ​ក្រុមហ៊ុន​ណាមួយ មិនមែន​មានន័យថា ពួកគេ​ទាំងនោះ​សុទ្ធតែ​ជាប់​ទណ្ឌកម្ម​ដែរ​។

​ក្រោយ​ការចេញផ្សាយ​បញ្ជី​ឈ្មោះ​នេះ ក្រុង​មូ​ស្គូ​បង្ហាញ​ការមិនសប្បាយចិត្ត​យ៉ាងខ្លាំង​។ សមាជិក​ព្រឹទ្ធសភា​រុស្ស៊ី​លោក Vladimir Dzhabarov បាន​ប្រតិកម្ម​យ៉ាងខ្លាំងៗ​បញ្ជី​ឈ្មោះ​នេះ ព្រោះ​មានឈ្មោះ​សមាជិក​រដ្ឋាភិបាល រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​ជាច្រើន​។ លោក​ចាត់ទុក​បញ្ជី​ឈ្មោះ​នេះ​ជាការ​ផ្ដាច់ទំនាក់ទំនង​រុស្ស៊ី និង​អាមេរិក​។ បានន័យថា ការស្ដារ​ឡើងវិញ​ទំនាក់ទំនង​មហាអំណាច​ទាំងពីរ ទំនង​មិនអាច​កើតឡើង​បានឡើយ​


Tag:
 អាមេរិក​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com