ជាតិ
រកឃើញ​ត្មាតភ្លើង​ជិត​ផុត​ពូជ​៣​សំបុក​នៅ​ដែនជម្រកសត្វព្រៃ​ឆែប ខេត្តព្រះវិហារ​
31, Jan 2018 , 8:39 am        
រូបភាព
​ព្រះវិហារ​៖ សត្វ​ត្មាតភ្លើង ចំនួន ៣ សំបុក ដែលជា​ប្រភេទ​រងគ្រោះ និង​ជិត​ផុត​ពូជ​បំផុត​នៅលើ​ពិភពលោក ត្រូវបាន​ក្រុម​អ្នក​អភិរក្ស​របស់​ក្រសួងបរិស្ថាន  អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS) និង​សហគមន៍ រកឃើញ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ឆែប ខេត្តព្រះវិហារ​។ បើតាម  WCS ការរកឃើញ​សំបុក​នេះ គឺជា​ក្តីសង្ឃឹម​ដ៏​ធំ​មួយ ដើម្បី​អភិរក្ស​សត្វ​ត្មាត​ប្រភេទ​នេះ កុំ​ឲ្យ​បាត់បង់​នៅពេល​ខាងមុខ​។​



​ចំនួន​សត្វ​ត្មាត​នៅលើ​សកលលោក មានការ​ធ្លាក់ចុះ​ខ្លាំង​គួរ​ឲ្យ​ព្រួយបារម្ភ​។ នៅ​កម្ពុជា មាន​សត្វ​ត្មាត​មាន​ចំនួន ៣​ប្រភេទ គឺ​ត្មាតភ្លើង ត្មាត​ត្នោត និង​ត្មាតផេះ​។ សត្វ​ត្មាត​ទាំង​៣​ប្រភេទ​នេះ ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​IUCN ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​បំផុត​លើ​សកលលោក​។ សត្វ​ត្មាត​ទាំង​៣​ប្រភេទ​នៅ​កម្ពុជា​នេះ មាន​ចំនួន​ពី​២០០ ទៅ ៣០០​ក្បាល​ប៉ុណ្ណោះ ដែលជា​ចំនួន​ច្រើន​គេ​បង្អស់​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

​អ្នកយាម​សំបុក​ត្មាតភ្លើង លោក ស៊ឹង សាំង បាន​និយាយថា លោក​ពេញ​ចិត្តនឹង​ការងារ​យាម​សំបុក​សត្វ​ត្មាត​នេះ​ណាស់ ពីព្រោះ​វា​ជួយ​ឲ្យ​លោក​អាច​រកប្រាក់​ចំណូល ដើម្បី​ជួយ​គ្រួសារ និង​អាច​ថែរក្សា​សត្វ​ត្មាត​ដែល​កម្រ​នាពេល​បច្ចុប្បន្ន​។ លោក  ស៊ឹង សាំង បាន​ចំណាយពេល​យាម​សំបុក​វា​ជាប្រចាំ ដើម្បី​ការពារ​ពី​ហានិភ័យ​នានា​។​



​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គការ WCS សត្វ​ត្មាត​យ៉ាងតិច ៣០ ក្បាល​នៅ​កម្ពុជា ត្រូវបាន​គេ​សម្លាប់​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារ​ការប្រើប្រាស់​ថ្នាំពុល​ដាក់​តាម​ត្រពាំង ក្នុងព្រៃ ដើម្បី​ចាប់​សត្វ​ស្លាប​។ ជាមួយគ្នានេះ ការកើនឡើង​នៃ​ការបាត់បង់​ព្រៃឈើ និង​ការផ្លាស់ប្តូរ​ដីព្រៃ តាមរយៈ​ដី​សម្បទាន​សេដ្ឋកិច្ច បាន​ជះឥទ្ធិពល​ដល់​ការបាត់បង់​ទីជម្រក​ពង​កូន និង​កាត់បន្ថយ​ប្រភេទ​សត្វ​ជា​ចំណី​របស់​ហ្វូង​ត្មាត​ផងដែរ​។

​លោក តាន់ សុផាន់ មន្ត្រី​សម្របសម្រួល​គម្រោង​អភិរក្ស​សត្វ​ត្មាត​របស់​អង្គការ WCS ប្រចាំ​ដែនជម្រកសត្វព្រៃ​ឆែប បាន​លើកឡើងថា ត្មាតភ្លើង​គឺជា​ប្រភេទ​ដ៏​កម្រ​បំផុត​នៅ​កម្ពុជា ហើយ​ចំនួន​របស់​ពួកវា​មាន​តិចតួច​ណាស់នា​ពេលបច្ចុប្បន្ន​នេះ និង​ប្រឈម​ខ្ពស់​នឹង​ការ​ផុត​ពូជ​នៅពេល​ខាងមុខ​ដ៏​ខ្លី​។ មន្ត្រី​សម្របសម្រួល​រូបនេះ បន្ថែមថា ក្រៅពី​កម្មវិធី​ការពារ​សំបុក ក្រុម​អភិរក្ស​ក៏បាន​រៀបចំ​ជា​អាហា​រដ្ឋា​ន​ត្មាត​ដើម្បី​ផ្តល់​ចំណី​ឲ្យ​ពួកវា​ជា​រៀងរាល់ខែ​។​

​សូមបញ្ជាក់ថា អាហា​រដ្ឋា​ន​ត្មាត គឺជា​ទីកន្លែង ដែល​បង្កើតឡើង​ដើម្បី​ផ្តល់​ចំណី​បន្ថែម​ដល់​ហ្វូង​សត្វ​ត្មាត​នៅ​កម្ពុជា​។ អាហា​រដ្ឋា​ន​នេះ គឺជា​កិច្ចសហការ​រួមគ្នា​រវាង​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ និង​អង្គការ​អភិរក្ស​ជាច្រើន​។ អាហា​រដ្ឋា​ន​នេះ បាន​ចូលរួម​លើកកម្ពស់​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​តំបន់​នេះ​សម្រាប់​ការថែរក្សា​តំបន់​ការពារ​នេះ និង​សុខភាព​មនុស្ស​៕


Tag:
 ត្មាតភ្លើង​
  ដែនជម្រកសត្វព្រៃ​ឆែប​
  ព្រះវិហារ​
© រក្សាសិទ្ធិដោយ thmeythmey.com