ជាតិ
អាជ្ញាធរ​ចុះ​រើ​របង​ដែល​ធ្វើ​លើ​តំបន់​គ្រប់គ្រង​របស់​អាជ្ញាធរ​អប្សរា​
31, Jan 2018 , 10:45 am        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ គណៈកម្មការ​ចម្រុះ​ចុះ​អនុវត្តន៍​អនុក្រឹត្យ​លេខ ១៥៨ ដែលមាន​រដ្ឋបាលខេត្ត​សៀមរាប អាជ្ញាធរ​អប្សរា និង​តុលាការ កាលពី​ថ្ងៃ​ម្សិលមិញ បាន​ចុះ​រុះរើ​របង​មួយកន្លែង ស្ថិតនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប​។ បើតាម​អាជ្ញាធរ ដី​រដ្ឋ​ជាង​១​ហិកតា បាន​គ្រប់គ្រង​ដោយ​ខុសច្បាប់​ពី​សំណាក់​បុគ្គល​ម្នាក់​ដែល​តាំងខ្លួន​ធ្វើជា​ទាហាន​។​



​សកម្មភាព​រំលោភ​ដី​ស្ថិតក្នុង​បុរី​សណ្ឋាគារ ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា ចាប់ផ្តើម​តាំងពី​ថ្ងៃទី​៥ ខែមករា ដោយ​បុគ្គល​ម្នាក់​ដែល​អះអាង​ខ្លួន​ថា ជា​ទាហាន បាន​ដាំ​របង​ថ្ម​រាយ​លួស​បន្លា និង​ចាក់ដី​បំពេញ​។ គណៈកម្មការ​ចម្រុះ​បាន​ចុះ​អនុវត្ត​អនុក្រឹត្យ​លេខ ១៥៨ នៅ​ព្រឹក​ថ្ងៃទី ៣០ ខែមករា ដើម្បី​រុះរើ​របង និង​ដាំ​បង្គោល​កំណត់​ព្រំដី​របស់​រដ្ឋ (​បង្គោល​ក្បាល​ក្រហម​)​។​



​លោក ខូ​យ គឹម​ទួ ទីប្រឹក្សា​អាជ្ញាធរ​ជាតិ​អប្សរា ទទួលបន្ទុក​គណៈកម្មកា​រ​អន្តរក្រសួង​ដោះស្រាយ​គោ​លន​យោ​បាល​ដីធ្លី​បុរី​វប្បធម៌ ទេសចរណ៍ ថ្លែងថា យោងតាម​អនុក្រឹត្យ​លេខ ១៥៨ ស្តីពី​ការ​កាត់​ដី​បុរី​សណ្ឋាគារ បានបញ្ជាក់​ច្បាស់​ថា ត្រូវប្រគល់​ដី​ទៅ​ពលរដ្ឋ​វិញ​សម្រាប់​ក្បាលដី​ណា​ដែល​មិនទាន់​ដោះស្រាយ​គោលនយោបាយ​ហើយ សម្រាប់​ក្បាលដី​ដែល​ដោះស្រាយ​រួច គឺ​ប្រគល់​សិទ្ធិ​គ្រប់គ្រង​ដល់​អាជ្ញាធរ​អប្សរា​។

​លោក ខូ​យ គឹម​ទួ បាន​អះអាងថា សម្រាប់​ក្បាលដី​ដែល​រង​ការរំលោភ​នេះ គណៈកម្មការ​ចម្រុះ​បាន​ពិនិត្យឃើញថា ធ្លាប់បាន​ដោះស្រាយ​គោលនយោបាយ​រួចហើយ និង​ធ្លាប់មាន​ពលរដ្ឋ​មួយចំនួន​ដាក់ពាក្យ​តវ៉ា ប៉ុន្តែ​ត្រូវបាន​គណៈកម្មការ​ចម្រុះ​ពិនិត្យ និង​បដិសេធ​។​



​ប្រភពពី​ពលរដ្ឋ​នៅក្បែរនោះ បាន​អះអាងថា ពី​ដើម​មក បុរស​ដែល​តាំងខ្លួន​ជា​ទាហាន និង​បក្សពួក គ្រាន់តែ​ជា​អ្នក​ចាំ​ដី​ឱ្យគេ​តែប៉ុណ្ណោះ​។ អភិបាលក្រុង​សៀមរាប លោក សូរ ប្លា​តុង ដែល​បាន​ចុះទៅ​ទីតាំង​រុះរើ​នោះដែរ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​អ្នក​ចំណូល​ថ្មី មុននឹង​ទិញ​ដី​នៅ​កន្លែង​ណាមួយ ត្រូវ​ស្គាល់​ប្រវត្តិ​ដី​នោះ​ឱ្យ​ច្បាស់លាស់ ជៀសវាង​ការខាតបង់​ទៅ​ថ្ងៃក្រោយ​៕




Tag:
 ​អាជ្ញាធរ​អប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com