ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ្រួសារ​៖ លោក កឹម សុខា នឹងមាន​វត្តមាន​ក្នុង​សវនាការ នា​ព្រឹកស្អែក​
31, Jan 2018 , 2:54 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់ឃុំ​ជិត​៥​ខែ​មកហើយ​នោះ នឹងត្រូវនាំខ្លួនពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ មកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការនៃសាលាឧទ្ធរណ៍ នាព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២0១៨​។ នេះ​បើតាម​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក កឹម សុខា​។



​កញ្ញា កឹម មនោ​វិទ្យា កូនស្រី​ច្បង​របស់លោក កឹម សុខា បាន​សរសេរ​សារ​បន្ថែម​លើ​គណនី​ហ្វេ​ស​ប៊ុក​យ៉ាង​ដូច្នេះ​ថា​៖«​លោក កឹម សុខា នឹង​មកដល់ សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃស្អែក ដើម្បី​ចូលរួម​សវនាការ​»​។​

​រីឯ លោក ផែង ហេង មេធាវី​១​រូប ក្នុងចំណោម​មេធាវី​ទាំង​៨​រូប ដែល​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ នៅ​រសៀល​ថ្ងៃទី​៣១ មករា បែបនេះ​ថា​៖«​ខ្ញុំ មិនឮ​ផ្ទា​ល់ពី​លោក កឹម សុខា នោះទេ​។ ប៉ុន្តែ ឮ​តាម​ភរិយា​របស់គាត់ ដែល​បាន​ចូលទៅ​សួរសុខទុក្ខ​នៅ​ព្រឹក​មិញ ថា គេ​នឹង​នាំ​គាត់​ទៅ​ចូលរួម​សវនាការ​»​។ លោក បន្តថា ក្រុម​មេធាវី ក៏​នឹងចូលរួម​សវនាការ នៅ​ថ្ងៃស្អែក​ដែរ​។​

លោក នុត សាវនា អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារ មិនបង្ហើបនោះទេថា សមត្ថកិច្ច នឹងដឹកលោក កឹម សុខា មកកាន់សាលាឧទ្ធរណ៍ ឬមិនក៏អត់ ដោយលោក លើកហេតុផលថា ដើម្បីរក្សាសុវត្ថិភាពជូនជនត្រូវចោទ។ លោក បានប្រាប់សារព័ត៌មានថ្មីៗ យ៉ាងដូច្នេះថា៖«រឿងផ្សេងប្រហែលជាខ្ញុំ អាចបកស្រាយបាន។ តែរឿងនេះ ខ្ញុំមិនអាចនិយាយអ្វីឲ្យលើសពីហ្នឹងបានទេ ព្រោះវាជាការរក្សាសុវត្ថិភាពសម្រាប់ជនត្រូវចោទ»។ 

​ការបើក​សវនាការ​រ​បស់​សាលាឧទ្ធរណ៍ គឺធ្វើឡើង​តាម​សំណើ​របស់​ក្រុម​មេធាវី ដែល​សុំ​ឲ្យ​លោក កឹម សុខា រស់នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។ មុន​ឈានដល់​សាលាឧទ្ធរណ៍ ក្រុម​មេធាវី ធ្លាប់​ស្នើ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ម្តង​រួចមកហើយ ប៉ុន្តែ ត្រូវបាន​ច្រានចោល​។

​នេះ ជា​លើកទីមួយ​ហើយ ដែល​លោក កឹម សុខា នឹង​ត្រូវបាន​នាំខ្លួន​ឲ្យ​ចូលរួម​ក្នុង​សវនាការ ដើម្បី​តតាំង​តាមផ្លូវ​ច្បាប់​។ កន្លងមក​តុលាការ តែង​បើកសវនាការ ដោយ​គ្មាន​វត្តមាន​របស់លោក កឹម សុខា​។

​មកដល់ពេលនេះ សំណុំរឿង​របស់លោក កឹម សុខា កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការ​ស៊ើបសួរ​។ លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទៅ​ជួប​លោក កឹម សុខា ដោយផ្ទាល់​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ចំនួន​បី​លើក​រួចមកហើយ ដើម្បី​សាកសួរ​ពីបទ​ឃុបឃិត​ជាសម្ងាត់​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល ដែល​អាច​ចាត់ទុកថា​ជា​អំពើ​ក្បត់ជាតិ​។

​សមត្ថកិច្ច​និង​តុលាការ បានដាក់​ឯកឧត្តម កឹម សុខា  ឲ្យ​ស្ថិតក្រោម​ការសង្ស័យថា ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ ព្រោះ​បាន​ឃុបឃិត​ជាមួយ​បរទេស​ជាសម្ងាត់ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ សមត្ថកិច្ច​និង​តុលាការ ពឹង​ផ្អែកលើ​វីដេអូ​ឃ្លី​ប​មួយ ដែល​ឯកឧត្តម កឹម សុខា បាន​ថ្លែង​សារ​នយោបាយ​ទៅកាន់​អ្នកគាំទ្រ​នៅក្រៅ​ប្រទេស តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ​។ ក្នុង​វីដេអូ​ឃ្លី​ប​នោះ ឯកឧត្តម កឹម សុខា បាន​លើកឡើងថា ឯកឧត្តម មាន​អ្នកជំនាញ​ដែលជា​ជនបរទេស​នៅ​ពីក្រោយ ដើម្បី​ជ្រោមជ្រែង​ក្នុងការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​កម្ពុជា​។

​ក្រោយ​វីដេអូ​ឃ្លី​ប​ខាងលើ បាន​បែកធ្លាយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សមត្ថកិច្ច ក៏បាន​នាំគ្នា​ចុះទៅ​ចាប់​ឯកឧត្តម កឹម សុខា ដល់​គេហដ្ឋាន​តែម្តង កាលពី​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៧​។ ភ្លាមៗ​បន្ទាប់ពី​ចាប់ខ្លួន សមត្ថកិច្ច ក៏​ដឹក​ឯកឧត្តម កឹម សុខា ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ​៕


Tag:
 តុលាការ​
  កឹម សុខា​
  មេធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com