ជាតិ
ចិន នឹង​បញ្ជូន​រថក្រោះ និង​ឧទ្ធម្ភាគចក្រ​មួយចំនួន​មក​កម្ពុជា ដើម្បី​ត្រៀម​ធ្វើ​សមយុទ្ធ​រួមគ្នា​
01, Feb 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ចិន នឹង​បញ្ជូន​រថក្រោះ ឧទ្ធម្ភាគចក្រ និង​សម្ភារ​យោធា​មួយចំនួនទៀត មកកាន់​កម្ពុជា ដើម្បី​ត្រៀម​ហ្វឹកហ្វឺន​និង​ធ្វើ​សមយុទ្ធ​រួមគ្នា នៅ​ខេត្តកំពង់ស្ពឺ ក្នុងអំឡុង​ខែមីនា ឆ្នាំ​២0១៨ ខាងមុខនេះ ក្រោម​ប្រធានបទ «​ប្រឆាំងនឹង​អំពើ​ភេ​វរ​កម្ម​»​។ នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា បច្ចុប្បន្ននេះ មន្ត្រី​កម្ពុជា​-​ចិន បាន​ពិភាក្សាគ្នា​បណ្តើរៗ​ហើយ ដើម្បី​រៀបចំ​បញ្ជូន​គ្រឿង​សព្វាវុធ​ទាំង​នោះមក​កម្ពុជា​។​



​លោក ឈុំ សុជាតិ អះអាងថា ការធ្វើ​សមយុទ្ធ​នេះ គឺ​ដើម្បី​រម្លឹក​ខួប​លើក​ទី​៦0 នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ចិន​។ លោក លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​អ្នកខ្លះ​ថា​ជា​ជំនួយ​របស់​ចិន​។ ខ្ញុំ​សូមបញ្ជាក់ថា សម្ភារ​ទាំងនោះ មិនមែនជា​ជំនួយ ដែល​ចិន​ឲ្យ​មក ដើម្បី​បំពាក់​ឲ្យ​យោធា​ទេ គឺ​គ្រាន់តែ​បញ្ជូនមក​សម្រាប់​ត្រៀម​ហ្វឹកហ្វឺន​និង​ធ្វើ​សម​ប្រយុទ្ធ​រួមគ្នា​ប៉ុណ្ណោះ ដើម្បី​ជាការ​រម្លឹក​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​»​។

​យ៉ាងណា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រូបនេះ មិន​បញ្ជាក់​នោះទេ​ថា រថក្រោះ ឧទ្ធម្ភាគចក្រ និង​សម្ភារ​យោធា មាន​ចំនួន​ប៉ុន្មាន ដែល​នឹងត្រូវ​បញ្ជូនមក​កម្ពុជា​៕


Tag:
 កម្ពុជា​
  ចិន​
  សម​ប្រយុទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com