ជាតិ
មេធាវី​៖ លោក កឹម សុខា មាន​ជំងឺលើសឈាម ទឹកនោមផ្អែម និង​កៀប​សរសៃ​ដៃ​
01, Feb 2018 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល​៥​ខែ​ហើយ​នោះ កំពុងមាន​ជំងឺ​ដល់​ទៅ ៣​ប្រភេទ​ឯណោះ គឺ​លើសឈាម ទឹកនោមផ្អែម​ប្រភេទ​ធ្ងន់ និង​កៀប​សរសៃ​ដៃ​ខាងឆ្វេង​។ នេះ​ជាការ​លើកឡើង​របស់លោក ជូ​ង ជូ​ងី មេធាវី​មួយរូប​របស់លោក កឹម សុខា ដោយ​បន្ថែមថា ចំពោះ​ជំ​ង​កៀប​សរ​សៃ​ដៃ គឺ​ទាមទារ​ឲ្យ​មានការ​វះកាត់​។​



​ការអះអាង​ខាងលើ​របស់លោក​មេធាវី ជូ​ង ជូ​ងី គឺ​បន្ទាប់ពី​បញ្ចប់​សវនាការ​នៃ​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ​ឆ្នាំ​២0១៨​។ ការបើក​សវនាការ​នៃ​សាលាឧទ្ធរណ៍ ក៏មាន​វត្តមាន​របស់​លោក កឹម សុខា ផងដែរ​។

​លោក​មេធាវី ជូ ជូ​ងី ដែល​ហ៊ុមព័ទ្ធ​ដោយ​ក្រុម​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តជាតិ​យ៉ាងច្រើន បាន​ថ្លែង​បែបនេះ​ថា​៖«​នៅក្នុង​សវនា​ការ លោក កឹម សុខា បាន​ព្យាយាម​បង្ហាញ​ជំងឺ​របស់គាត់ ដើម្បី​សុំ​រស់នៅ​ក្រៅ​ពន្ធនាគារ​។ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​សោកស្ដាយ គឺ​សាលាឧទ្ធរណ៍ មិនបាន​ពិចារណា​អំពី​ជំងឺ​របស់គាត់ និង​មិន​អនុញ្ញាត​ឲ្យ​គាត់ បាន​នៅក្រៅ​ឃុំ​»​។

​លោក​មេធាវី​រូបនេះ បន្តទៀតថា ក្នុងចំណោម​ជំ​ងី​ទាំង​៣​ប្រភេទ ជំងឺ​សរ​សៃ​ដៃ​ខាងឆ្វេង មិនអាច​ធ្វើ​ចលនា​បាន​ដូច​មុន​ឡើយ ដែល​ត្រូវការ​ការវះកាត់​។ លោក សង្កត់​យ៉ាង​ដូច្នេះ​ថា​៖«​សុខភាព​របស់គាត់  មិនអាច​ធានា​បានទេ​នៅក្នុង​ពន្ធនាគារ​។ ហើយ​ពេលនេះ គាត់​មានការ​ប្រែប្រួល​ច្រើន​។ កាល​ជាប់ឃុំ​ដំបូង ស្មារតី​របស់គាត់​នៅមាន​ភាព​មាំទាំ​។ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ សុខភាព​របស់គាត់​ចុះខ្សោយ ចំណែកឯ​រាងកាយ ក៏មាន​សភាព​ទ្រុធ​ទ្រោម​ដែរ​»​។​

​បើតាម​លោក​មេធាវី​ខាងលើ សាលាឧទ្ធរណ៍ បាន​លើក​ហេតុផល​ថា ការមិន​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ គឺ​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​លោក កឹម សុខា និង​ដើម្បី​ធានា​ដំណើរការ​នៃ​នីតិវិធី​។

​ខណៈ​សវនាការ កំពុងដំណើរការ ម្ដាយ​និង​ភរិយា​របស់លោក កឹម សុខា  ដែល​ស្ថិតនៅ​ខាងមុខ​សាលាឧទ្ធរណ៍ បាន​លើកដៃ​សំពះ​ផង និង​យំ​ផង ដើម្បី​សុំ​ឲ្យ​ដោះលែង​លោក កឹម សុខា​។ ម្តាយ​របស់លោក កឹម សុខា បាន​មានប្រសាសន៍​ទាំង​ទឹកភ្នែក​យ៉ាង​ដូច្នេះ​ថា​៖«​កូន​របស់ខ្ញុំ​មិនបាន​ធ្វើ​សកម្មភាព​ក្បត់ជាតិ ដូច​ការចោទប្រកាន់​នោះឡើយ​»​។ ក្រោយមក​បន្តិច ម្តាយ និង​ភរិយា​របស់លោក កឹម សុខា ក៏ត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលក្នុង​សាលាឧទ្ធរណ៍​។

​ក្រៅពី​អ្នកកាសែត និង​មន្ត្រី​នៃ​អង្គការក្រៅរដ្ឋាភិបាល​នានា ប្រជាពលរដ្ឋ​មួយចំនួន ក៏បាន​នាំគ្នា​ទៅ​ប្រមូលផ្តុំ​នៅខាងមុខ​សាលាឧទ្ធរណ៍​ដែរ។ ប្រជាពលរដ្ឋទាំងនោះ ​សុំ​ឲ្យ​ដោះលែង​លោក កឹម សុខា​។ យ៉ាងណា សវនាការ​នេះ ធ្វើ​ឡើងជា​អសាធារណៈ ដែល​មានតែ​វត្តមាន​លោក កឹម សុខា មេធាវី និង​ចៅក្រម​សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍ ប៉ុណ្ណោះ​។

​ក្រោយ​បញ្ចប់​សវនាការ សមត្ថកិច្ច ក៏​ដឹក​លោក កឹម សុខា ទៅកាន់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​វិញ ដែល​ស្ថិតក្នុង​ខេត្ត​ត្បូងឃ្មុំ​។ លោក ត្រូវបាន​ចាប់ខ្លួន កាលពី​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២0១៧ ដោយ​សង្ស័យថា ក្បត់ជាតិ ព្រោះ​បាន​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​៕ 


Tag:
 កឹម សុខា​
 ​ ជំងឺ​
 ​ ជូ​ង ជូ​ងី​
  ​សាលាឧទ្ធរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com