កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយ​ប្តឹង IOC អត្ត​ព​លិ​ក​រុស្ស៊ី ២៨​រូប​ទៀត អាច​ចូលរួម​ប្រកួត​អូឡាំពិក​ឆ្នាំ​២០១៨ វិញ​បាន​
02, Feb 2018 , 8:39 am        
រូបភាព
​តុលាការ​ម​ជ្ឈ​ត្ត​កម្ម​កីឡា (CAS) បានប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១ ខែកុម្ភៈ​នេះ​ថា បាន​លុបចោល​ការហាមឃាត់​អត្ត​ព​លិ​ក​រុស្ស៊ី​ចំនួន ២៨ នាក់ ក្នុងចំណោម ៤៣​នាក់ ដែល​ត្រូវ​ចោទប្រកាន់​ពីបទ​ប្រើ​សារធាតុ​ហាមឃាត់ (Doping) ដោយ​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា ឆ្នាំ ២០១៨ នេះ​វិញ​។



​កន្លងមក គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) បានសម្រេច​ហាមឃាត់​អត្ត​ព​លិ​ក​រុស្ស៊ី​ចំនួន ៤៣​នាក់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ​២០១៨ នៅ​ទីក្រុង​ព្យុង​ឆាង ប្រទេស​កូរ៉េខាងត្បូង ក្រោយ​រកឃើញថា​ពួកគេ​បាន​ប្រើប្រាស​សារធាតុ​ហាមឃាត់​អំឡុង​ការប្រកួត​អូឡាំពិក​កាលពី​ឆ្នាំ​២០១៤ នៅ​ទីក្រុង​សជី ប្រទេស​រុស្ស៊ី​។​

​ប៉ុន្តែ​ក្រោយ​ការប្រកាស​របស់ IOC នេះ អត្ត​ព​លិ​ក​រុស្ស៊ី ៤២ នាក់​បានដាក់​ពាក្យបណ្តឹង​ឧទ្ធរណ៍  ប្រឆាំងនឹង​បទ​ចោទ​របស់​គណៈកម្មាធិកា​រ​អូឡាំពិក​អន្តរជាតិ​វិញ​។ បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន AFP ករណីនេះ តុលាការ​ម​ជ្ឈ​ត្ត​កម្ម​កីឡា (CAS) បាន​យក​សុំ​ណុំ​រឿង​ខាងលើ​ទៅពិនិត្យ​ឡើងវិញ​ម្តងទៀត ហើយក៏​សម្រេច​ដក​ការហាមឃាត់​អត្ត​ព​លិ​ក​រុស្ស៊ី​មួយចំនួន ដើម្បី​ឲ្យ​ពួកគេ​អាច​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​។

CAS បាន​លើកឡើងថា នៅក្នុង ២៨​ករណី ភ័ស្តុតាង​ដែល​ប្រមូលបាន រកឃើញថា​មិន​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់​ពី​ការប្រើប្រាស់​សារធាតុ​ហាមឃាត់​ពី​សំណាក់​អត្ត​ព​លិ​ក​រុស្ស៊ី​ចំនួន​២៨​រូបនេះ​ឡើយ​។ ហើយ​ភ័ស្តុតាង​ដែល​បាន​ដាក់ចេញ​ដោយ IOC ទាក់ទង​នឹង​បញ្ហា​នេះ​មិនមាន​ទម្ងន់​ដូចគ្នា​ចំពោះ​ករណី​នីមួយៗ​ទេ​។​

​យ៉ាងណាក៏ដោយ អត្ត​ព​លិ​ក​រុស្ស៊ី​ដែល​ស្អាតស្អំ​ដែលមាន​សិទ្ធិ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​នឹង​ស្ថិតក្រោម​លក្ខខណ្ឌ​តឹងរ៉ឹង​បំផុត គឺ​ក្រោម​ទង់​អ​ព្យា​ក្រឹត្យ​។​
​បើទោះបី​មានការ​រឹតបន្តឹង​លើ​អត្ត​ព​លិ​ក​ខ្លួន​ក្តី ប៉ុន្តែ​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​រុស្ស៊ី​វ្លា​ឌី​មៀរ​ពូ​ទីន​នៅតែ​សារ​ទរ​ជាមួយ​ការសម្រេច​នេះ​៕
អត្ថបទទាក់ទង



Tag:
 ​កីឡា​អូឡាំពិក​
  IOC
  CAS
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com