ជាតិ
សេដ្ឋកិច្ច
​ប្រមុខ​រដ្ឋាភិបាល​៖ កសិកម្ម​ត្រូវតែ​ខ្លឹម ស្របពេល​វិស័យ​សេវាកម្ម​យក​ចំណែក​សេដ្ឋកិច្ច​កាន់តែ​ធំ​
01, Feb 2018 , 10:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទន្ទឹមនឹង​ការរួម​តូច​នៃ​ចំណែក​វិស័យ​កសិកម្ម​ក្នុង​សេដ្ឋកិច្ចជាតិ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ការយកចិត្តទុកដាក់​លើ​វិស័យ​សេវាកម្ម​។ នេះ​ជា​គំរូ​របស់​ប្រទេស​អភិវឌ្ឍន៍  ដែល​សម្ដេច​បាន​ថ្លែងថា គ្រាន់តែ​ពង្រឹង​ការផលិត​ក្នុង​វិស័យ​កសិកម្ម​ឲ្យ​ល្អ ដើម្បី​បម្រើ​ឲ្យ​វិស័យ​សេវាកម្ម ពិសេស​ទេសចរណ៍ ក៏​ផល​សេដ្ឋកិច្ច​មិនតិច​ដែរ​។ ប្រមុខ​រដ្ឋាភិបាល​បាន​ថ្លែង​ដូចនេះ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​តិច​ណូ​) នៅ​ថ្ងៃទី​១​ខែកុម្ភៈ​។​



​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ហ៊ុន សែន ខាងក្រោម​នេះ​៖




​សម្ដេច ហ៊ុន សែន បានលើកឡើង​ពី​ការរួមចំណែក​កាន់តែ​តិច​នៃ​វិស័យ​កសិកម្ម​របស់​កម្ពុជា ស្រប​នឹង​អ្វីដែល​កើតឡើង​នៅ​ប្រទេស​អភិវឌ្ឍន៍ ដូចជា សហរដ្ឋអាមេរិក ជប៉ុន ដោយ​វិស័យ​សេវាកម្ម និង​ឧស្សាហ​ម្ម​កានកាប់​ចំណែក​សេដ្ឋកិច្ច​កាន់តែ​ធំ​។ បើទោះបី​រួមចំណែក​តូច តែ​វិស័យ​កសិកម្ម​ត្រូវតែ​ខ្លឹម ដែល​អាច​ចិញ្ចឹម​តម្រូវការ​ក្នុងស្រុក​គ្រប់គ្រាន់ និង​ធ្វើការ​នាំចេញ​បាន ពោលគឺ​មិន​បោះបង់​វិស័យ​នេះឡើយ​។ នេះ​បើតាម​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​។​

​ការរួមចំណែក​របស់​វិស័យ​កសិកម្ម​ក្នុង​ផលិតផល​ជាតិ​ស្រុក​សរុប (GDP) របស់​កម្ពុជា បាន​ថយ​មក​នៅត្រឹម​ចំនួន ២៥ ភាគរយ ខណៈ​សេវាកម្ម​កាន់កាប់​ដល់ ៤៥​ភាគរយ និង​ឧស្សាហកម្ម ៣០​ភាគរយ​។​

​សម្ដេច​បាន​ជំរុញ​ឲ្យ​យកចិត្តទុកដាក់​លើ​វិស័យ​សេវាកម្ម ពិសេស​វិស័យ​ទេសចរណ៍ ដោយ​វិស័យនេះ​ផ្ដល់​ការងារ​ច្រើន​កន្លែង និង​ចំណូល​សេដ្ឋកិច្ចជាតិ ព្រមទាំង​ស្រូបយក​ផលិតផល​កសិកម្ម​ផងដែរ​។ សម្ដេច​បាន​ថ្លែង​ដូច្នេះ​ថា​៖«​ឧទាហរណ៍ ភ្ញៀវ​ទេសចរណ៍ ៥,៦​លាន​នាក់ ផ្ដល់​ចំណូល​ប៉ុន្មាន ការងារ​ប៉ុន្មាន​កន្លែង ហើយ​បង្កើន​ការនាំចេញ​នៅនឹងកន្លែង​សម្រាប់​ផលិតផល​របស់​យើង​»​។​

​សម្ដេច​បាន​អះអាងថា លំហូរ​ទេសចរណ៍​អន្តរជាតិ​មក​កម្ពុជា នឹងមិន​រង​សម្ពាធ​បរទេស​ណាមួយ​ឡើយ​។ «​លើកលែងតែ​ប្រទេស​យើង​មាន​សង្គ្រាម ទើប​ទេសចរ​អត់​មក​។ គ្មាន​ប្រទេស​ណាមួយ​បិទ​សេរី​ភាពមិន​ឲ្យ​ទេសចរ​ទៅ​ប្រទេស​ណាមួយ​នោះទេ​។ គ្មាន​នរណា​ដាក់​ទោសទណ្ឌ​យើង​កើត​នោះទេ​»​។ នេះ​ជា​ថ្លែង​របស់​សម្ដេច ហ៊ុន សែន មុននឹង​សម្ដេច​ថ្លែងបន្តថា​៖«​យើង​ផលិត​ឲ្យ​តែ​បានល្អ ហើយ​នាំ​ចូលទៅ​សណ្ឋាគារ សម្រាប់​មនុស្ស ៥​លាន​នាក់​បរិភោគ មិនមែន​តូច​ទេ ធំ​ណាស់​»​។​

​ប៉ុន្តែ​សម្រាប់​វិស័យ​ឧស្សាហកម្ម សម្ដេច ហ៊ុន សែន មិនបាន​លើកឡើង​ពី​ការកត់សម្គាល់​លម្អិត​របស់​សម្ដេច ក្នុងការ​ថ្លែង​ខាងលើនេះ​ទេ​៕



Tag:
 ហ៊ុន សែន​
  កសិកម្ម​
  សេវាកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com