អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក ចាត់ទុក​មហា​យក្ស​ចិន​ជា​«​មហាអំណាច​ចក្រពត្តិ​ថ្មី​» នៅ​អាមេរិក​ឡាទីន​
03, Feb 2018 , 12:30 pm        
រូបភាព
​រដ្ឋមន្ត្រីការបរទេស​អាមេរិក រិច ធី​ល័​រ​សិន បាន​ណែនាំ​ឲ្យ​បណ្តា​ប្រទេស​អាមេរិក​ឡាទីន​ពិ​ចា​ណា​ឈប់​ពឹងពាក់​លើ​មហា​យក្ស​ចិន​ខ្លាំងពេក​ជាពិសេស​លើ​បញ្ហា​សេដ្ឋកិច្ច​។ ប្រមុខ​ការទូត​រូបនេះ​ព្រលយ​ថា តំបន់​អាមេរិក​ឡាទីន​មិន​ត្រូវការ​មហាអំណាច​ចក្រពត្តិ​ថ្មី​នោះឡើយ​។​

​ប្រមុខ​ការទូត​អាមេរិក រិច ធី​ល័​រ​សិន បាន​ទិតៀន​មហាអំណាច​ចិន​ដែល​កំពុង​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​នៅ​ទូទាំង​ពិភពលោក​ជាពិសេស​នៅ​អាមេរិក​ឡាទីន ហើយ​ប្រឹង​ធ្វើយ៉ាងណា​ទាញ​ប្រយោជន៍​សម្រាប់​ខ្លួនឯង​។ 
 
«​ចិន​បច្ចុប្បន្ននេះ​កំពុងមាន​ឥទ្ធិពល​ខ្លាំង​នៅ​អាមេរិក​ឡាទីន​។ ប្រទេស​នេះ​កំពុង​ប្រើប្រាស់​គោលនយោបាយ​សេដ្ឋកិច្ច​របស់ខ្លួន​ដើម្បី​ទាញ​អាមេរិក​ឡាទីន​ចូល​ក្រោម​ឥទ្ធិពល​របស់ខ្លួន​»​។ នេះ​ជាការ​លើកឡើង​របស់លោក ធី​ល័​រ​សិន មុន​ចេញដំណើរ​ទៅ​ទស្សនកិច្ច​តំបន់​អាមេរិក​ឡាទីន​ថ្ងៃ ២ ខែកុម្ភៈ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋមន្ត្រីការបរទេស​អាមេរិក​រូបនេះ បាន​កត់សម្គាល់ថា ប្រទេស​ជាច្រើន​នៅ​អាមេរិក​ឡាទីន ដូចជា​ប្រេ​ស៊ី​ល អា​ហ្ស​ង់​ទីន ប៉េ​រូ និង​ស៊ី​លី សុទ្ធ​តែមាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ធំ​បំផុត​ជាមួយ​ចិន ដែល​វា​មានន័យថា​ពួកគេ​កំពុង​ផ្តេកផ្តួល​លើ​ចិន​ខ្លាំង​ដូចគ្នា​។​
 
«​ខណៈដែល​ពាណិជ្ជកម្ម​នាំ​ប្រយោជន៍ ការអនុវត្ត​គោលការណ៍​ពាណិជ្ជកម្ម​មិន​ស្មោះត្រង់​ដែល​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​ចិន​នោះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ផលិតកម្ម​នៅក្នុង​ប្រទេស​អាមេរិក​ឡា​ទីន ហើយ​វា​បង្កើត​និ​ទណ្ឌ​ភាព និង​ធ្វើ​ឲ្យ​ប្រាក់ខែ​គោល​របស់​ប្រជាជន​ធ្លាក់ចុះ​ទាប​ទៀត​»​។ លោក ធី​ល័​រ​សិន បាន​និយាយ​ដូច្នេះ​។​
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ រដ្ឋមន្ត្រីការបរទេស​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ នេះ​បានចាត់ទុក​មហា​យក្ស​ចិន​ជា​សាធារណៈ​ថា «​មហាអំណាច​ក្រព​ត្តិ​ថ្មី​»​ដែល​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​លោក​បាន​ឆ្លៀត​ដាស់តឿន​បណ្តា​រដ្ឋ​អាមេរិក​ឡាទីន​ឲ្យ​ឈប់​ផ្តេកផ្តួល​លើ​ចិន​ទៀត​ជាពិសេស​បញ្ហា​សេដ្ឋកិច្ច​នេះ​តែម្តង​។ 
 
«​អាមេរិក​ឡាទីន​មិន​ត្រូវការ​មហាអំណាច​ចក្រពត្តិ​ថ្មី​ដែល​ប្រឹង​ទាញយក​ប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ​។ គម្រូ​អភិវឌ្ឍ​របស់​ចិន​នៅតែ​ដក់​ជាប់​នឹង​រឿង​អតីតកាល​។ វា​មិនត្រូវ​កើតឡើង​នៅពេល​អនាគត​ឡើយ​»​។  
 
​ដោយឡែក លោក ធី​ល័​រ​សិន ក៏បាន​ឆ្លៀត​ទិតៀន​រុស្ស៊ី​ដូចគ្នា​។ លោក​កត់សម្គាល់ថា រុស្ស៊ី​ក៏​កំពុង​ព្យាយាម​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​ដូចគ្នា​តាមរយៈ​ការលក់​សព្វាវុធ និង​សម្ភារៈ​យោធា​ជាដើម ហើយ​អាវុធ​ទាំងនោះ​ត្រូវបាន​លក់​ទៅ​ឲ្យ​របប​ដឹកនាំ​ដែល​មិន​ដើរ​តាមផ្លូវ​ប្រជាធិបតេយ្យ​និង​គោរព​សិទ្ធិមនុស្ស​ថែមទៀត​៕ 

Tag:
 អាមេរិក​ឡាទីន​
  ​រិច ធី​ល័​រ​សិន​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com