អន្តរជាតិ
នយោបាយអន្តរជាតិ
លោក ពូទីននិយាយលេងថា «បើចាញ់ឆ្នោតខែមីនា ខ្ញុំនឹងទៅធ្វើអ្នកបើកគ្រឿងចក្រកសិកម្ម»
× ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកំប្លែងលេងថា បើសិនជាលោកចាញ់ឆ្នោតនៅថ្ងៃ ១៨ ខែមីនាខាងមុខ លោកប្រហែលជាត្រូវមកធ្វើស្រែចម្ការដោយបើកគ្រឿចក្រកសិកម្មវិញ។ មេដឹកនាំរុស្ស៊ីនិយាយបែបនេះពេលលោកទៅទស្សនកិច្ចរោងចក្រផលិតគ្រឿងចក្រកសិកម្មមួយនៅថ្ងៃព្រហស្បតិ៍ទី ១ ខែកុម្ភៈ។
«ប្រសិនលទ្ធផលបោះឆ្នោតដែលមកដល់ខាងមុខនោះមិនល្អ ខ្ញុំនឹងចាប់ផ្តើមធ្វើការងារជាអ្នកបើកគ្រឿងចក្រកសិកម្មហើយ ក្រោយថ្ងៃ ១៨ ខែមីនា»។ នេះជាសម្តីរបស់លោក វ្ល៉ាឌីមៀ ពូទីន ពេលកំពុងស្ថិតនៅលើគ្រឿងចក្រច្រូតស្រូវស្ថិតនៅរោងចក្រ Rostselmash។
បើតាមខ្សែអាត់វីដេអូដែលចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី RT ក្រោយលោក ពូទីន និយាយចប់ នាយកប្រតិបត្តិក្រុមហ៊ុន Rostselmash បានឆ្លើយតបវិញថា ៖«វាគ្មានបញ្ហាអ្វីឡើយ គ្មានបញ្ហាអ្វីទាំងអស់»។
តាមពិតទៅ បេក្ខជនប្រធានាធិបតីប្រាំពីរនាក់ឈរឈ្មោះដើម្បីដណ្តើមតំណែងពីលោក ពូទីន នៅខែមិនាខាងមុខ ហើយឆ្នាំនេះគូប្រជែងរបស់លោកហាក់មានច្រើនជាងមុខដែរ។ ទោះជាណាក៏ដោយ វាគ្រាន់តែជាការនិយាយលេងសើចប៉ុណ្ណោះ ព្រោះវាមានភាគរយច្រើនណាស់ដែលលោកនឹងជាប់ឆ្នោតបន្តតំណែងជាប្រធានាធិបតីទៀតនោះ។
របាយការណ៍ស្ទង់មតិថ្មីមួយរបស់ស្ថាប័នស្រាវជ្រាវរុស្ស៊ី VTsIOM (https://themoscowtimes.com/news/putins-support-drops-below-70-percent-ahead-elections-60364) បង្ហាញថាប្រជាជនរុស្ស៊ីជិត៧០ភាគរយគាំទ្រប្រធានាធិបតីជិតផុតអាណត្តិនេះ។ មកដល់បច្ចុប្បន្នលោក ពូទីនបានក្លាយជាមេដឹកនាំរុស្ស៊ីដែលកាន់តំណែងបានយូរបំផុតបន្ទាប់ពីលោក ចូសិប ស្តាលីន។
ដោយឡែក គូប្រជែងដ៏មានឥទ្ធិពល និងជាអ្នករិះគន់លោក ពូទីន ខ្លាំង លោក Alexei Navalny មិនអាចចូលរួមប្រកួតក្នុងការបោះឆ្នោតប្រធានាធិបតីបានឡើយ ដោយហេតុផលថា លោកមានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ។ អ្នកនយោបាយខ្លះទៀតបានប្រកាសពហិកាចូលរួមការបោះឆ្នោតនៅពេលខាងមុខដើម្បីធ្វើឲ្យការបោះឆ្នោតនោះបាត់បង់ភាពស្របច្បាប់ផង។ ប៉ុន្តែទោះជាបែបនេះក្តី ការបោះឆ្នោតនេះនៅតែត្រូវធ្វើឡើងតាមការគ្រោងទុក ហើយមេដឹកនាំដូចជាលោក ពូទីន នឹងមានលទ្ធភាពកាន់តែច្រើនក្នុងការដណ្តើមជ័យជម្នះថែមទៀតផង។
Tag:
វ្ល៉ាឌីមៀ ពូទីន
កសិកម្ម
បោះឆ្នោតប្រធានាធិបតី
© រក្សាសិទ្ធិដោយ thmeythmey.com