ជាតិ
នយោបាយជាតិ
គ.ជ.ប នឹងចំណាយជិត២ម៉ឺនដុល្លារ ដើម្បីបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ផ្តល់បទសម្ភាសដល់អ្នកកាសែត ពេលរៀបចំបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតឃុំ សង្កាត់ កន្លងមក
× ភ្នំពេញ៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២0១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្តើមបោះពុម្ពសន្លឹកឆ្នោតប្រមាណ ២ម៉ឺន៤ពាន់ សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤នេះ។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ការបោះពុម្ពសន្លឹកឆ្នោតទាំងនេះ នឹងត្រូវចំណាយថវិកាចំនួន ១ម៉ឺន៧ពាន់ដុល្លារ។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២0១៨ មានការិយាល័យបោះឆ្នោតចំនួន៣៣ នៅក្នុង២៥ រាជធានី-ខេត្ត។ ហើយអង្គបោះឆ្នោត (អ្នកបោះឆ្នោត) មានចំនួន ១១,៦៩៥នាក់។
អង្គបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងតំណាងរាស្ត្រ ក្នុងតំណែង។ ក្រុមប្រឹក្សាឃុំ-សង្កាត់ មានចំនួន ១១,៥៧២នាក់ និងតំណាងរាស្ត្រ មានចំនួន ១២៣នាក់ ដែលនឹងត្រូវចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤នេះ មានគណបក្សតែ៤ប៉ុណ្ណោះ ដែលចូលរួមប្រកួតប្រជែង ដោយក្នុងនោះរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ និងគណបក្សយុវជនកម្ពុជា៕
Tag:
គ.ជ.ប
ព្រឹទ្ធសភា
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com