បទ ព្រហ្មគីតិ
-ថ្លែងពីរឿងប្រុសៗ បើសិនខុសសូមមេត្តា
កុំខឹងនឹងអ្នកថា
សុំចិត្តតាពុកអ៊ុំពូ។
-នេះរឿងអ្នកលេងអុក មានគ្រប់ស្រុកមីងរអ៊ូ
ចេញក្រៅរាល់លើកយូរ ពេលខ្លះពូភ្លេចបាយទឹក។
-ភ្លេចអស់កិច្ចការផ្ទះ ក្រោករួតរះតាំងពីព្រឹក
ជួបគ្នាមមាញឹក លេងទាំងព្រឹកចាប់ក្តាអុក។
-ប្រាប់មីងថាឃ្វាលគោ ចងឲ្យរោទ៍នៅមាត់ថ្លុក
ជក់ខ្លាំងតាំងស្រែកអុក អុកៗៗបុកត្រីបក។
-សេះទូកលូកត្រីនាង ទឹកក្នុងពាងឡើងរីងស្រក
ខ្លះភ្លេចរត់រ៉ឺម៉ក មានខ្លះខកខានរែកដី។
-ខ្លះដឹកស្រូវទៅកិន លេងអុកសិនធ្វើបែបហី
ប្រពន្ធមានកូនខ្ចី ដឹងរកអីដាំបាយបាន។
-កូនតូចទាំងប្រុសស្រី ទារចំណីយំជុំប្រាណ
ចាំប្តីដឹងថ្មើរម៉ាន ញាតិសន្តានក៏គ្មានជិត។
-ជក់អុកទុកផ្ទះចោល ខ្លះកំរោលចូលភ្លេចគិត
ខ្លួនឯងស្តែងខុសពិត បែកគំនិតឈ្លោះអ្នកផ្ទះ។
-មិនខ្មាសអ្នកនៅក្បែរ រួចស្រូវស្រែដាំផ្ទីម្រះ
គេក្រោកមុនថ្ងៃរះ សម្អាតផ្ទះស្រោចដំណាំ។
-គ្រួសារគេសុខសាន្ត កាន់តែថ្កានរៀងរាល់ឆ្នាំ
លុយចូលជាប្រចាំ មិនដែលស្រាំរស់ស្រស់ស្រាយ។
-ការពិតអុកល្អណាស់ ល្បែងចាស់ៗលេងសប្បាយ
បើសិនលេងភ្លេចកាយ ក្តៅក្រហាយដល់គ្រួសារ៕