ជាតិ
សង្គមជាតិ
អាជ្ញាធរ​ចុះ​បញ្ឈប់​ការរំលោភ​យក​ដី​រដ្ឋ​ជា​លើក​ទី​២​តំបន់​ភូមិ​អញ្ចាញ​
03, Feb 2018 , 3:30 pm        
រូបភាព
​សៀមរាប​៖ គណៈកម្មការ​ចម្រុះ ដែលមាន​រដ្ឋបាលខេត្ត​សៀមរាប អាជ្ញាធរ​ជាតិ​អប្សរា និង​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះ​បញ្ឈប់​សកម្មភាព​រំលោភ​យក​ដី​រដ្ឋ​ជា​លើក​ទី​២ ដែល​ធ្វើឡើង​ដោយ​បុគ្គល​ឈ្មោះ ហួន សីហា នៅ​តំបន់​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប​។

 
​ព្រឹក​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៨ គណៈកម្មការ​ចម្រុះ​ចុះ​អនុវត្តន៍​អនុក្រឹត្យ​លេខ ១៥៨ បាន​បញ្ឈប់​សកម្មភាព​ការ​ព័ន្ធ​របង​យក​ដី​រដ្ឋ ដែល​ធ្វើឡើង​ដោយ​បុគ្គល​ឈ្មោះ ហួន សីហា​។ សកម្ម​ភាពចុះ​ទប់ស្កាត់​នេះ ធ្វើ​ឡើងជា​លើក​ទី​២ ក្រោយពី​មានការ​ចុះ​ទប់ស្កាត់ និង​រុះរើ​របង​ម្តង​កាលពី​ថ្ងៃទី​៣០ ខែមករា​។ 
 
 
 
​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​កន្លែង​ចុះ​ទប់ស្កាត់ និង​រុះរើ​របង​នោះ​ថា ម្តង​ជា​ពីរដង បុគ្គល​ឈ្មោះ ហួន សីហា មានបំណង​រំលោភ​យក​ដី​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។ លោក​បន្ថែមថា នៅ​ថ្ងៃទី​៣០ ខែមករា ក្រុមការងារ​ចម្រុះ​បាន​ចុះ​ដក​របង​ថ្ម ដែលមាន​រាយ​លួស​បន្លា ដែល​រំលោភ​ដី​រដ្ឋ​ចេញ និង​បាន​ដាំ​បង្គោល​ក្បាល​ក្រហម សម្គាល់​ដី​កម្មសិទ្ធិ​រដ្ឋ​។ លោក​បន្តទៀតថា រំលង​មួយថ្ងៃ បុគ្គល ហួន សីហា និង​បក្ខពួក ដក​ករបង​ព្រំដី​អប្សរា​ចេញ និង​បាន​ដាំរ​បងខ្លួន​សាជាថ្មី​។ ហើយ​នៅ​ថ្ងៃទី​២ ខែកុម្ភៈ ត្រូវ​ក្រុមការងារ​បាន​ចុះ​ទប់ស្កាត់​ជាថ្មីទៀត និង​បញ្ជូន​ស​ណ្តុំ​រឿង​ទៅ​តុលាការ​។​
 
​កន្លងមក បុគ្គល ហួន សីហា ធ្លាប់បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ដី​ដែល​ខ្លួន​ធ្វើ​របង​នេះ ជា​កម្មសិទ្ធិ​របស់ខ្លួន និង​មាន​សិទ្ធិ​គ្រប់គ្រាន់​លើដី​ទាំងនោះ​។ សកម្មភាព​រំលោភ​ដី​ស្ថិតក្នុង បុរី​សណ្ឋាគារ ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា ចាប់ផ្តើម​តាំងពី​ថ្ងៃទី ៥ ខែមករា​មក ហើយ​កន្លងមក អាជ្ញាធរ​តែង​ណែនាំ​ឱ្យ​បញ្ឈប់​រាល់​សកម្មភាព​ទាំងអស់​។​
 
​យោងតាម​ខ្លឹមសារ​អនុក្រឹត្យ​លេខ​១៥៨ ស្តីពី​ការ​កាត់​ដី​បុរី​សណ្ឋាគារ បានបញ្ជាក់​ច្បាស់​ថា រាល់​ក្បាលដី​ណា ដែល​មិនទាន់​ដោះស្រាយ​គោលនយោបាយ​រួច ត្រូវប្រគល់​សិទ្ធិ​ឱ្យ​ប្រជាពលរដ្ឋ​វិញ តែ​សម្រាប់​ក្បាល​ដែល​ដោះស្រាយ​រួច ត្រូវប្រគល់​សិទ្ធិ​គ្រប់គ្រង​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com