ជាតិ
សង្គមជាតិ
ចិន នឹងផ្ដល់គ្លីនិកចល័ត៤០គ្រឿង ដល់ក្រសួងសុខាភិបាល រូបភាពហ្វេសប៊ុក ក្រសួងសុខាភិបាល
× ភ្នំពេញ៖ រដ្ឋាភិបាលចិន នឹងផ្ដល់គ្លីនិកចល័ត៤០គ្រឿង ដល់ក្រសួងសុខភិបាលកម្ពុជា សម្រាប់បម្រើសេវាថែទាំសុខភាពដល់ប្រជាពលរដ្ឋឲ្យកាន់តែរហ័ស។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានចុះហត្ថលេខាព្រមព្រៀងអនុវត្តលើគម្រោងជំនួយគ្លីនិកជាមួយលោក លី អាន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី១ កុម្ភៈ។
តាមរយៈកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលចិន សន្យាផ្ដល់គ្លីនិកចល័តចំនួន២០គ្រឿង នៅចុងខែមេសាខាងមុខ។ ចំណែកគ្លីនិក២០គ្រឿងទៀត នឹងផ្ដល់ឲ្យក្រសួងសុខាភិបាលកម្ពុជា នៅដំណាច់ខែតុលា ឆ្នាំ២០១៨។ គ្លីនិកចល័តនេះ គឺជាប្រភេទរថយន្តធំបំពាក់ដោយ សម្ភារបរិក្ខាពេទ្យ ដែលអាចបំពេញភារកិច្ចជាមន្ទីរពេទ្យ ក្នុងការថែទាំសុខភាពផ្នែកជំងឺកុមារ ផ្នែកវះកាត់ទូទៅ ផ្នែកសម្ភព ផ្នែកត្រចៀក ច្រមុះ បំពង់ក ផ្នែកទន្តសាស្ត្រ ផ្នែករូបភាព ផ្នែកពិសោធន៍ និងសម្ភពស្ត្រីជាដើម។នេះបើតាមហ្វេសប៊ុកក្រសួងសុខាភិបាល។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បាននិយាយថា គម្រោងនេះ នឹងរួមចំណែកផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ កាន់តែរហ័ស និងមានប្រសិទ្ទភាព ។បើតាមលោក ម៉ម ប៊ុនហេង កិច្ចសហប្រតិបត្តិការនេះ ក៍ជាការឆ្លើយតបទៅនិងការប្តេជ្ញាចិត្តរវាងកម្ពុជា-ចិន ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយផងដែរ។ កាលពីពេលថ្មីៗនេះ កម្ពុជា-ចិន បានចុះហត្ថលេខាលើគម្រោងសាងសង់មន្ទីរពេទ្យចំនួនពីរ គឺមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យខេត្តត្បូងឃ្មុំ៕
© រក្សាសិទ្ធិដោយ thmeythmey.com