ភ័យខ្លាច​, បារម្ភ​, រំភើប​, ឱកាស កំពុង​កើតឡើង​លាយឡំ​គ្នា​នៅ​ក្រុងព្រះសីហនុ​ដោយសារ​វត្តមាន​ជនជាតិ​ចិន​
បទវិភាគ
ភ័យខ្លាច​, បារម្ភ​, រំភើប​, ឱកាស កំពុង​កើតឡើង​លាយឡំ​គ្នា​នៅ​ក្រុងព្រះសីហនុ​ដោយសារ​វត្តមាន​ជនជាតិ​ចិន​
26, Nov 2018 , 8:59 am        
រូបភាព
​ក្រុងព្រះសីហនុ​៖ ក្រុងព្រះសីហនុ​បច្ចុប្បន្ន​ខុសពី​ក្រុងព្រះសីហនុ​កាលពី​៥ ឬ​១០ ឬ​២០​ឆ្នាំមុន​។ បច្ចុប្បន្ននេះ អគារ​ធំៗ​បាន​ដុះ​ឡើង​នៅ​មាត់សមុទ្រ និង​នៅ​កណ្តាល​ទីក្រុង​ព្រះសីហនុ​តែម្តង​។ សកម្មភាព​ជំនួញ​ដីធ្លី ជំនួញ​ពាណិជ្ជកម្ម ជំនួញ​អាជីវកម្ម​ផ្សេងៗ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ សកម្មភាព​សេដ្ឋកិច្ច និង​ទំហំ​នៃ​ការវិនិយោគ​របស់​ជន​ជាតិ គឺជា​ហេតុផល​ចម្បង​ដែល​ទាញ​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ​ឲ្យ​ងើបឡើង​ខ្លាំង​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​ចុង​ក្រោយនេះ​។ តើ​ការរីកចម្រើន​នេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រុងព្រះសីហនុ និង​ពលរដ្ឋ​ខ្មែរ​ដទៃទៀត​សប្បាយចិត្ត ឬក៏​ផ្ទុយទៅវិញ ពលរដ្ឋ​ខ្លះ​បែរជា​បង្ហាញ​ក្តីបារម្ភ​ទៅវិញ​?



​ភាព​ស៊ី​វិ​ល័យ និង​ភាពទំនើប​នៃ​ទីក្រុង​ឆ្នេរ​ក្រុងព្រះសីហនុ ដែល​ទទួលបាន​ពី​កំណើន​វិនិយោគ​នៃ​សហគមន៍​ជនជាតិ​ចិន​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​កន្លងមកនេះ ពិតជា​បានធ្វើ​ឲ្យ​ពលរដ្ឋ​មួយចំនួន​សប្បាយចិត្ត​មែន​។ ប៉ុន្តែ ពលរដ្ឋ​ដទៃទៀត សម្តែង​ក្តីបារម្ភ​ជា​ពន់ពេក​។ តើ​មូល​ហេតុអ្វី​បានជា​មាន​អ្នក​សប្បាយចិត្ត និង​អ្នក​មិន​សប្បាយចិត្ត​? 

  
 
​ជាការ​ពិត ទុនវិនិយោគ​ដ៏​គំហុក​របស់​សហគមន៍​ចិន​នៅក្នុង​ខេត្ត​ព្រះសីហនុ ជាពិសេស ក្នុង​ក្រុងព្រះសីហនុ ពិតជា​បានធ្វើការ​ផ្លាស់ប្តូរ​មុខមាត់​ក្រុងព្រះសីហនុ​មែន​សម្រាប់​ពលរដ្ឋ​ក្នុង​ខេត្ត និង​សម្រាប់​ពលរដ្ឋ​ពី​ខាងក្រៅ​។ គ្រាន់តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ អគារ​ខុន​ដូ សណ្ឋាគារ ផ្ទះសំណាក់ ហាង​តូចធំ​។​ល​។ បាន​រីកដុះដាល​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ពេលខ្លះ គេ​មើល​ក្រុង​ឆ្នេរ​តូច​ច្រឡឹង​មួយ​នេះ​ស្ទើរ​លែង​ស្គាល់​។ ចំណុច​ពិសេស​ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​មួយចំនួន​ពេញចិត្ត​នោះ គឺ​ការវិនិយោគ​របស់​សហ​គម​ន៍​ចិន​បាន​បើកឱកាស​ឲ្យ​ពលរដ្ឋ​មួយចំនួន​មានឱកាស​បង្កើត​ជំនួញ​ច្រើនជាង​មុន​។ ពលរដ្ឋ​មួយចំនួន​ទទួលបាន​ផល​ពី​ការជួល​សណ្ឋាគារ ជួល​ហាង ផ្ទះសំណាក់ អគារ​ខុន​ដូរ​។ តម្លៃ​ឈ្នួល​បាន​កើនឡើង​ច្រើន​រយ​ភាគរយ ពោលគឺ​ពី​តម្លៃ​ដើម​ធ្លាប់ជួល​បាន​៧០០​ដុល្លារ បច្ចុប្បន្ននេះ តម្លៃ​អាច​កើនឡើង​ដល់​៣០០០ ឬ​៤០០០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​។ អគារ​ខ្លះ​ជួល​បាន​ដល់​ទៅ​២ ឬ​៣​ម៉ឺន​ដុល្លារ​ក្នុង​មួយខែ​។ អចលនទ្រព្យ​ដីធ្លី​ឡើងថ្លៃ​បាន​បើកឱកាស​ឲ្យ​ពលរដ្ឋ​មួយចំនួន​បាន និង​កំពុង​ទាញ​ប្រយោជន៍​ពី​ការ​ឡើងថ្លៃ​នេះ​យ៉ាងច្រើន​។​
 
​ដីធ្លី​នៅ​ក្រុងព្រះសីហនុ​កំពុង​ត្រូវបាន​គេ​សំឡឹងមើល​គ្រប់គ្នា​។ អ្នកទិញ​អាចជា​ជនជាតិ​ចិន​, ខ្មែរ​នៅក្នុង​ព្រះសីហនុ​, ខែ្មរ​ពី​ក្រុងភ្នំពេញ និង​ខ្មែរ​អ្នកមាន​ពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ​។ អ្នកខ្លះ​ទិញ​លក់​ភ្លាមៗ​យកចំណេញ​ភ្លាមៗ​, អ្នកខ្លះ​ទិញ​ហើយ​ស្តុក​ទុក​មួយរយៈ និង​អ្នក​ខ្លះទៀត​កំពុង​ហក់​ចូល​ទីផ្សារ​អចលនទ្រព្យ​នេះដែរ​។ បច្ចុប្បន្ននេះ ហាងឆេង​ដីធ្លី​នៅក្នុង​ក្រុងព្រះសីហនុ​កំពុង​ហក់​ឡើង​យ៉ាងខ្លាំង ហើយ​គេ​មិនដឹងថា តើ​វា​នឹង​បន្ត​កើនឡើង​ទៀត ឬក៏​អាច​ធ្លាក់ចុះ​វិញ​។ នេះ គឺជា​សំណួរ​ដែល​ពលរដ្ឋ​ពាក់ព័ន្ធ​កំពុង​ចោទសួរ​។ ចម្លើយ​ជារួម ពួកគេ​ឆ្លើយថា អ្វីៗ​វា​អាស្រ័យទៅលើ​វត្តមាន​នៃ​សហគមន៍​ចិន និង​ចម្លើយ​ដោយឡែក គឺថា ការទិញ​នេះ​ធ្វើឡើង​ដោយ​ហេងស៊យ​តាម​គេ​តាម​ឯង​។ និយាយ​ជារួម អ្នកមាន​អចលនទ្រព្យ​ជួល​, អ្នក​បើកហាង អ្នករកស៊ី​ដីធ្លី សប្បាយ​ចិត្តនឹង​កំណើន​វិនិយោគ​នៃ​សហគមន៍​ចិន ព្រោះ ពួកគេ​ទទួលបាន​ផល​ច្រើន​ពី​ចលនា​អភិវឌ្ឍ​មួយ​នេះ​។ 

  
 
​តែ​ទន្ទឹមនឹង​ការអភិវឌ្ឍ​នេះ អ្នករកស៊ី​មួយចំនួន​ផ្សេងទៀត​ក៏​ត្អូញត្អែរ​មិនតិច​ដែរ​។ អ្នកជំនួញ​បរទេស​មកពី​អឺរ៉ុប និង​ប​ស្ចឹ​ម​ប្រទេសមួយ​ចំនួន​បាន​ដកថយ​ពី​ការរកស៊ី​នៅក្នុង​ក្រុងព្រះសីហនុ ព្រោះ​តម្លៃ​ឈ្នួល​ជួល​ហាង​ឡើងថ្លៃ​ខ្លាំងពេក និង​ម្យ៉ាងទៀត ជន​ជាតិចិន​ត្រូវបាន​ពួក​អឺរ៉ុប​វាយតម្លៃថា រកស៊ី​ដោយ​មិនសូវ​គិតពី​ការថែរក្សា និង​គាំពារ​បរិស្ថាន​។ អ្នករកស៊ី​ខ្មែរ​តូចតាច​ធ្លាប់ជួល​ផ្ទះ​ក្នុង​តម្លៃថោក ឬ​មធ្យម មិនអាច​ជួល​បន្តបាន​ទៀតឡើយ ព្រោះ អគារ​ឬ​ផ្ទះ​ទាំងនោះ​ត្រូវបាន​ម្ចាស់ផ្ទះ​ឈ្នួល​ឲ្យ​ទៅ​ជន​ជាតិចិន​អស់ហើយ​។ «​ចិន​ដេញ​ខ្មែរ ខ្មែរ​ដី​ខ្មោច​»​។ នេះ គឺជា​ពាក្យ​ពេញនិយម​ត្រូវបាន​គេ​ប្រើប្រាស់​នៅ​ក្រុងព្រះសីហនុ​នាពេល​បច្ចុប្បន្ននេះ​។ 
 
​ជនជាតិ​អឺរ៉ុប​ត្រូវបាន​គេ​រាយការណ៍​ថា ឈប់​រកស៊ី ឬ​ឈប់​បើកហាង​នៅក្នុង​ព្រះសីហនុ​ដោយសារតែ​វត្តមាន​ដ៏​ច្រើន​លើស​លប់នៃ​អ្នកជំនួញ​ជនជាតិ​ចិន​។ ស្របពេល​ជាមួយគ្នា អ្នកជំនួញ​ប​ស្ចឹ​ម​ប្រទេស​ក៏​ថយចុះ​ដែរ​នៅ​តំបន់ឆ្នេរ​ដោយសារតែ​ឥទ្ធិពល​នៃ​វត្តមាន​ជនជាតិ​ចិន​។ ជាការ​កត់សម្គាល់​ជាក់ស្តែង តម្លៃ​ផ្ទះសំណាក់ សណ្ឋាគារ ត្រូវបាន​គេ​តំឡើងថ្លៃ​យ៉ាងខ្លាំង​នៅ​ក្រុងព្រះសីហនុ ហើយ​ជារួម ភ្ញៀវ​ខ្មែរ​ជាពិសេស ចាប់ផ្តើម​ពិបាក​រក​កន្លែង​ស្នាក់នៅ​ហើយ​។ ប្រសិនបើ​គេ​រកបាន ក៏​អ្នកកាន់កាប់​ភាគច្រើន​ជា​ជនជាតិ​ចិន​ដែរ​។ ជនជាតិខ្មែរ​បាន​ជួល​អគារ​ឲ្យ​ទៅ​ជន​ជាតិចិន​កាន់កាប់​អស់ហើយ​។ 

  
 
​ពលរដ្ឋ​ខ្លះ​ផ្សេងទៀត សម្តែង​ក្តីបារម្ភ​ថា ក្រុងព្រះសីហនុ នឹង​ក្លាយទៅជា​ទីក្រុង​ចិន​(China Town) នាពេល​ខាង​មុននេះ​។ ក្រៅពី​មក​ដណ្តើម​ការងារ ជំនួញ​នៅ​ក្រុងព្រះសីហនុ ចំណុច​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​មួយទៀត គឺថា ជន​ជាតិចិន​មួយចំនួន​នៅក្នុង​ព្រះសីហនុ​ចាប់ផ្តើម​បង្កបញ្ហា​សង្គម​ជាច្រើន​ដល់​ខេត្ត​ដ៏​តូច​មួយ​នេះ ដូចជា ការបើកបរ​មិន​គោរព​ច្បាប់ ការ​ពិសា​គ្រឿង​ស្រវឹង​ហួសការ​កំណត់ ការប្រើប្រាស់​អាវុធ​ខុសច្បាប់​។​ល​។ លើសពីនេះទៅទៀត វត្តមាន​កាស៊ីណូ​ល្បែង​ច្រើនពេក​បង្ក​ឲ្យ​មាន​ក្តីបារម្ភ​សម្រាប់​អនាគត​កូនចៅ​ជំនាន់​ក្រោយ​នៃ​ប្រជាពលរដ្ឋ​អ្នក​ខេត្ត​ព្រះសីហនុ​។ 

  
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ ចំណុច​សំខាន់​ចុងក្រោយ​ដែល​ពលរដ្ឋ និង​អ្នកជំនាញ​មួយចំនួន​ព្រួយបារម្ភ​ខ្លាំង​បំផុត​នោះ គឺ​ការអភិវឌ្ឍ​ដែល​ខ្វះ​ប្លង់​មេ​ត្រឹមត្រូវ​ដែល​ការអភិវឌ្ឍ​នេះ​អាច​នឹង​ប៉ះពាល់​សម្រស់​បៃតង និង​ឆ្នេរ​ខ្សាច់​ដ៏​ល្អ​របស់​ខេត្ត​ព្រះសីហនុ​។ «​បើ​ភ្នំ​លែង​បៃតង ឆ្នេរ​កាន់តែ​អាក្រក់ តើ​ឲ្យ​អ្នកទេសចរ​ទៅ​ទស្សនា​ក្រុង​ព្រះ​ស៊ី​ហ​នុ​ដូ​ម្តេចទៅ​?»​។ នេះ គឺជា​សំណួរ និង​កង្វល់​របស់​អ្នក​រិះគន់​មួយចំនួន​។ 
 
​សរុបសេចក្តី​មក ការអភិវឌ្ឍ គឺ​រឿង​ចាំបាច់​។ ការអភិវឌ្ឍ​ត្រូវធ្វើឡើង​សម្រាប់​ទាំងអស់គ្នា ពោល គឺ​មិន​សម្រាប់តែ​ក្រុម​ណា​នោះទេ​។ មិនមែន​ការអភិវឌ្ឍ​ក្រុងព្រះសីហនុ​សម្រាប់តែ​ជនជាតិ​ចិន រីឯ​ជនជាតិខ្មែរ ជនជាតិ​អឺរ៉ុប ឬ​ប​ស្ចឹ​ម​ប្រទេស​ដកខ្លួន​ថយ​ឈប់​ទៅ​ទស្សនា​ក្រុង​ដ៏​តូច​ច្រឡឹង​នោះទេ​៕ 
 





 

Tag:
 ជនជាតិ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com