ជាតិ
នយោបាយជាតិ
មហាផ្ទៃ ថា គណបក្សសិទ្ធិមនុស្សនៅតែមានដង្ហើម
× ភ្នំពេញ៖ គណបក្សសិទ្ធិមនុស្ស ដែលបង្កើតឡើងដោយលោក កឹម សុខា នៅតែមានឈ្មោះក្នុងបញ្ជីគណបក្សរបស់ក្រសួងមហាផ្ទៃ បើទោះជាលោក សឺន ស៊ូបែរ្តិ៍ បានប្រកាសរំលាយបក្សនេះក៏ដោយ។ នេះបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។
ក្រោយពីគណបក្សសិទ្ធិមនុស្ស បានប្រកាសរំលាយបក្សនោះ ក្រសួងមហាផ្ទៃ បានចេញលិខិតមួយ ស្នើឲ្យគណបក្សនេះ អនុវត្តតាមលក្ខន្តិកឲ្យបានត្រឹមត្រូវ ពោលគឺការសម្រេចរំលាយគណបក្ស ត្រូវដាក់ឲ្យ សមាជិកដែលមានសិទ្ធិសម្រេចក្នុងអង្គសមាជទាំងមូល អនុម័តតាមសំឡេងគាំទ្រ២ភាគ៣ជាមុនសិន ។ បើមិនដូច្នេះទេ គណបក្សសិទ្ធិមនុស្សនៅតែមានឈ្មោះក្នុងក្រសួងមហាផ្ទៃ។
ត្រង់ន័យនេះអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បាននិយាយថា ក្រសួងមិនទទួលស្គាល់ការសម្រេចរំលាយគណបក្សសិទ្ធិមនុស្សកន្លងមកទេ ដោយសារតែគណបក្សអនុវត្តផ្ទុយពីលក្ខន្តិក ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ខៀវ សុភ័គ បានបកស្រាយដូច្នេះថា៖«បើគាត់(សឺន ស៊ូបែរ្តិ៍) មិនធ្វើសមាជទេ គណបក្សសិទ្ធិមនុស្ស នឹងមិនអាចរំលាយជាផ្លូវការបានទេ ព្រោះគាត់រំលាយដោយខ្លួនឯង ដែលខុសពីលក្ខន្តិកបក្សគាត់ ដែលបានទុកនៅក្រសួងមហាផ្ទៃ ។បើមើលតាមច្បាប់គាត់រំលាយបក្សបានលុះត្រាមានការសម្រេចពីសមាជបក្សឲ្យបានត្រឹមត្រូវសិន។ ដូច្នេះជារួមគណបក្សសិទ្ធិមនុស្សនៅរស់ នៅមានដង្ហើមរស់ដដែលទេ»។
ទាក់ទងនឹងបញ្ហានេះប្រធានគណបក្សសិទ្ធិមនុស្ស លោក សឺន ស៊ូបែរ្តិ៍ បាននិយាយថា គណបក្សលោក នឹងមិនធ្វើសមាជតាមការណែនាំរបស់ក្រសួងមហាផ្ទៃឡើយ ដោយសារតែគ្មានសមាជិកគ្រប់គ្រាន់ ដើម្បីសម្រេចលើរំលាយបក្សនេះ។ លោក សឺន ស៊ូបែរ្តិ៍ ពន្យល់ដូច្នេះថា៖«គណបក្សបានធ្វើសមាជរួចហើយ កាលពី៥ឆ្នាំមុន ដោយផ្ទេរតួនាទីលោក កឹម សុខា មកខ្ញុំធ្វើជាប្រធានបក្ស។ ហើយគណបក្សក៏បានបញ្ចូលសមាជិកខ្លួនទាំងអស់ទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ដូច្នេះយើងគ្មានសមាជិកពីណាមកសម្រេចលើការរំលាយគណបក្សនេះទេ ។ ដូច្នេះបើចង់ឲ្យយើងធ្វើសមាជរំលាយបក្សសិទ្ធិមនុស្សទាល់ឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ហើយយើងទាញយកសមាជិកមកវិញទើបអាចធ្វើសមាជបក្សរំលាយគណបក្សបាន។ ហើយខ្ញុំគិតថា គណបក្សខ្ញុំបានបំពេញករណីយកិច្ចត្រឹមត្រូវរួចហើយ ដូច្នេះវាគ្មានអ្វីដែលយើងមិនអាចរំលាយបក្សមិនបានទេ»។
សម្រាប់លោក ខៀវ សុភ័គ ការលើកឡើងរបស់ លោក សឺន ស៊ូបែរ្តិ៍ គ្រាន់តែជាទស្សនផ្ទាល់ខ្លួន ដើម្បីបង្ហាញឲ្យសាធារណជនឃើញពីវិបត្តិនយោបាយប៉ុណ្ណោះ។ ប៉ុន្តែលោក ខៀវ សុភ័គ អះអាងថា ក្រសួងមហាផ្ទៃ នៅតែរក្សាឈ្មោះគណបក្សសិទ្ធិមនុស្សដដែល ដោយមិនលុបចេញតាមការជូនដំណឹងរំលាយបក្សរបស់លោក សឺន ស៊ូបែរ្តិ៍ នេះឡើយ។
គួរបញ្ជាក់ថា គណបក្សសិទ្ធិមនុស្ស បានបង្កើតឡើងកាលពីឆ្នាំ២០០៧ ដោយលោក កឹម សុខា។ ហើយគណបក្សនេះបានផ្ទេរឲ្យលោក សឺន ស៊ូបែរ្តិ៍ គ្រប់គ្រងជំនួស ចាប់តាំងពីលោក កឹម សុខា រួបរួមជាមួយលោក សម រង្ស៊ី បង្កើតគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១២។ គណបក្សសិទ្ធិមនុស្សនេះ ក៏ទុកចោល ដោយមិនធ្វើសកម្មភាពអ្វីឡើយ។ ឯគណបក្ស សម រង្ស៊ី ដែលជាគណបក្សចាស់របស់លោក សម រង្ស៊ី ក៏មិនធ្វើសកម្មភាពអ្វីដែរ៕
Tag:
ខៀវ សុភ័គ
សឺន ស៊ូបែរ្តិ៍
© រក្សាសិទ្ធិដោយ thmeythmey.com