អន្តរជាតិ
នយោបាយអន្តរជាតិ
ស៊ូជី សុំចិត្តតំណាងរាស្ត្របក្សកាន់អំណាចកុំចាត់ទុកតំណាងរាស្ត្របក្សផ្សេងជាសត្រូវ
× មេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី បានសុំចិត្តបណ្តាសមាជិកស្ថាប័ននយោបាយធំៗ ជាពិសេសអង្គនីតិបញ្ញត្តិរបស់មីយ៉ាន់ម៉ា ចាត់ទុកគ្នាជាសមមិត្ត និងប្រឹងធ្វើការរួមគ្នាដើម្បីជាផលប្រយោជន៍រួម និងការអភិវឌ្ឍជាតិ ។
ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃ២ កុម្ភៈ នាឱកាសខួបពីរឆ្នាំនៃការដឹកនាំរបស់បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យនៅក្នុងអង្គនីតិបញ្ញត្តិ បានទទូចឲ្យសមាជិកសភាទាំងអស់បង្កើនស្មារតីសាមគ្គីភាព និងប្រឆាំងរាល់គំនិតគុំគួនគ្នាដោយចាត់ទុកគ្នាជាសត្រូវ ។
លោកស្រី ស៊ូជី ដែលជាប្រមុខបក្សកាន់អំណាចផងដែរនោះ បានលើកឡើងថា៖« ក្នុងក្របខណ្ឌនៃការបម្រើជាតិដើម្បីផលប្រយោជន៍ដូចគ្នា មិនគួរឲ្យមានឡើយនូវផ្នត់គំនិតនៃការយកគ្នាជាសត្រូវ ដោយសារតែភាពខុសគ្នានៃនិន្នាការនយោបាយ។ គ្រប់គ្នា គួរតែផ្តល់លទ្ធភាពដល់គ្នាដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាសម្រាប់ប្រយោជន៍ជាតិ ... » ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានមីយ៉ាន់ម៉ា The Irrawaddy ។
លោកស្រី បានបន្ថែមថា៖« វាគឺជារឿងសំខាន់បំផុត ដែលតំណាងរាស្ត្រទាំងអស់នៅក្នុងសភាចាត់ទុកគ្នាដូចទៅសមមិត្ត ឬគូកន ។ ធ្វើដូចនេះ ទើបយើងអាចបំពេញការងារបម្រើប្រទេសជាតិប្រកបដោយប្រសិទ្ធភាពបាន » ។ នេះបើយោងតាមប្រភព័ត៌មានដដែល ។
ទន្ទឹមនឹងផ្តល់យោបល់ឲ្យមានសាមគ្គីភាពគ្នាក្នុងអង្គនីតិបញ្ញត្តិ មេដឹកនាំកំពូលមីយ៉ាន់ម៉ារូបនេះ ក៏បង្ហាញអារម្មណ៍មិនចូលចិត្តរបស់លោកស្រីចំពោះការប្រើប្រាស់ពាក្យ «បក្សប្រឆាំង» ។ លោកស្រី មិនចង់ឲ្យមានការគិតមួយ ដោយប្រើប្រាស់ឈ្មោះថាបក្សប្រឆាំងដើម្បីប្រឆាំងបក្សកាន់អំណាចឡើយ ។ អ្វីដែលលោកស្រី ចង់ឃើញនោះ គឺបក្សប្រឆាំង គួរតែសហការ និងរិះគន់បក្សកាន់អំណាច ក្នុងន័យស្ថាបនាដើម្បីភាពរុងរឿងរបស់ជាតិ ។
លោកស្រី សង្កត់ធ្ងន់យ៉ាងដូច្នេះ៖«អ្នក(តំណាងរាស្ត្រ) មិនគួរមើលបក្ស ឬក្រុមនយោបាយផ្សេងជាសត្រូវឡើយ ។ នៅក្នុងសង្គមប្រជាធិបតេយ្យពិតប្រាកដ គឺជាសង្គម ដែលផ្តល់លទ្ធភាពឲ្យគ្រប់គ្នាធ្វើការរួមគ្នា បើទោះបីជាមាននិន្នាការនយោបាយខុសគ្នាក៏ដោយ »៕
Tag:
មីយ៉ាន់ម៉ា
ប្រជាធិបតេយ្យ
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com