ជាតិ
ប្រទេស​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ អនុម័ត​កម្មវិធី​បរិ​ស្ថាន​ក្នុង​ទឹកប្រាក់ ៥៤០​លាន​ដុល្លារ​
04, Feb 2018 , 6:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មកពី​ប្រទេស​ទាំង​៦ នៃ​មហា​អនុតំបន់​ទន្លេមេគង្គ (GMS) បានអនុម័ត​លើ​របៀបវារៈ​បរិស្ថានរ​យៈ​ពេល ៥​ឆ្នាំ ក្នុង​ទឹកប្រាក់​ជាង ៥៤០​លាន​ដុល្លារ សម្រាប់​គម្រោង​អាទិភាព​មួយចំនួន ដើម្បី​ជំរុញ​ការវិនិយោគ​បៃតង និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​បរិស្ថាន​។​


​នេះ​ជាការ​អនុម័ត​លើ​ក្របខណ្ឌ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​នៃ​កម្មវិធី​បរិស្ថាន​ស្នូល (CEP) ឆ្នាំ​២០១៨-២០២២​។ ការអនុម័ត​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​នៃ​មហា​អនុតំបន់​ទន្លេមេគង្គ​លើក​ទី​៥ ដែល​រៀបចំឡើង​ពីថ្ងៃ​ទី​៣០​ខែមករា ដល់​ថ្ងៃទី​១​ខែកុម្ភៈ នៅ​ទីក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ​។ កម្មវិធី CEP នេះ បានចាប់ផ្ដើម​អនុវត្ត​តាំងពី​ឆ្នាំ​២០០៦ និង​គ្រប់គ្រង​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​បច្ចុប្បន្ន​កម្មវិធី​នេះ​ឈានដល់​ដំណាក់កាល​ទី​៣​។ កម្មវិធី​បាន​ជួយ​រំដោះ​ពលរដ្ឋ​ជាង ៣​ម៉ឺន​នាក់​ពី​ភាពក្រីក្រ នៅ​តំបន់​ជនបទ​ក្នុង​តំបន់ GMS ។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ ADB នៅ​ថ្ងៃទី​១​ខែកុម្ភៈ​។​
 
​ទឹកប្រាក់ ៥៤០​លាន​ដុល្លារ​ក្នុង​កម្មវិធី​នេះ នឹង​ត្រូវបាន​ប្រើប្រាស់​ដោយ​ផ្ដោតលើ​ការគ្រប់គ្រង​ដីធ្លី គ្រប់គ្រង​កាកសំណល់ ការត្រួតពិនិត្យ​ការបំពុល​បរិស្ថាន និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​។ ខ្លឹម​នៃ​ការអនុម័ត​ខាងលើនេះ ក៏​ត្រួស​ត្រាយផ្លូវ​បង្កើត​គម្រោង​ថ្មី​មួយ ដើម្បី​ជួយ​ប្រទេស GMS  ស្វែងរក​ធនធាន​ថវិកា សម្រាប់​វិនិយោគ​បន្ថែម​លើ​ការអភិវឌ្ឍន៍​បៃតង​។​
 
​លោក Ramesh Subramaniam អគ្គនាយក​នៃ​នាយកដ្ឋាន​អាស៊ី​អា​គ្នេ​ហ៍រ​បស់ ADB មា​ប្រសាសន៍ថា​៖«​ចាប់តាំងពី​ឆ្នាំ​២០០៦ មក កម្មវិធី CEP បាន​ពង្រឹង​ខ្លួន​ជា​គំនិត​ផ្ដួចផ្ដើម​ផ្នែក​បរិស្ថាន​ដ៏​សំខាន់​ជាងគេ​មួយ នៅ​តំបន់​អនុ​មហា​ទន្លេមេគង្គ​នេះ​។ យើង​នឹង​បន្ត​អនុវត្ត​សកម្មភាព​សំខាន់ៗ ដែល​ត្រូវបាន​ដាក់ចេញ​ក្នុង​កិច្ចប្រជុំ​នេះ ដើម្បី​ជួយ​សម្រេច​ការអភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ចីរភាព នៅក្នុង​តំបន់ GMS នេះ​»៕

Tag:
 បរិស្ថាន​
  GMS
© រក្សាសិទ្ធិដោយ thmeythmey.com