កីឡាអន្តរជាតិ
អន្តរជាតិ
កីឡា​អូឡាំពិក​៖ អត្ត​ព​លិ​ក និង​អ្នកពាក់ព័ន្ធ​នឹង​បាន​កាដូ​ស្រោមអនាម័យ​ពី​កូរ៉េខាងត្បូង​
04, Feb 2018 , 8:39 pm        
រូបភាព
ការប្រកួត​កីឡា​អូឡាំពិក​រដូវរងារ​ឆ្នាំ​២០១៨ នៅ​ក្រុង​ព្យុង​ឆាង ប្រទេស​កូរ៉េខាងត្បូង​នឹង​ចាប់​ផ្តើមឡើង​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ​ខាងមុខនេះ​។ ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​លើក​នេះ នឹង​បង្កើត​កំណត់ត្រា​មួយ​តាមរយៈ​ការចែក​ស្រោមអនាម័យ​យ៉ាងច្រើន​មិន​ធ្លាប់មាន​ពីមុន​មកដល់​អត្ត​ព​លិ​ក រួមទាំង​ក្រុមការងារ​ដែល​ពាក់ព័ន្ធ​ទាំងអស់​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP​។

 

​នៅសល់តែ​រយៈពេល​៧​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ពោលគឺ​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​ក្រោយ​ពិធី​បើក​ការប្រកួត​កីឡា​អូឡាំពិក​នឹង​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​ហើយ ដោយមាន​អត្ត​ព​លិ​ក​ចូលរួម​សរុប​ចំនួន ២៩២៥ នាក់​។ ក្នុងនោះដែរ​ស្រោមអនាម័យ ១១០០០០ ស្រោម នឹងត្រូវ​ចែកជូន​ដល់​កីឡាករ កីឡាការិនី រួមទាំង​អ្នកចូលរួម​ទាំងអស់​ដោ​យ​ឥតគិតថ្លៃ​ដែល​គិត​ជា​មធ្យម​ក្នុង​ម្នាក់ៗ​ទទួលបាន ៣៧​ស្រោម សម្រាប់​ប្រើប្រាស់​ក្នុងអំឡុង​ការប្រកួត​នេះ​។​
 
​ក្រៅពីនោះ ស្រោម​មួយចំនួនទៀត​នឹងត្រូវ​ដាក់​តាម​បន្ទប់ទឹក​ប្រុស​-​ស្រី និង​នៅតាម​បន្ទប់​ស្នាក់នៅ​របស់​អត្ត​ព​លិ​ក រួមទាំង​ទីតាំង​របស់​ក្រុម​អ្នកសារព័ត៌មាន​ផងដែរ​។​
 
​បើតាម​ការអះអាង​រប​ស់​អ្នករៀបចំ​កម្មវិធី​កីឡា ចំនួន​ស្រោម​ដែល​គ្រោង​ចែកចាយ​លើក​នេះ​គឺ​ច្រើនជាង​កាលពី​អូឡាំពិក​ឆ្នាំ ២០១០ នៅ​ទីក្រុង Vancouver ប្រទេស​កាណាដា និង​នៅ​ទីក្រុង​សូ​ជី ប្រទេស​រុស្ស៊ី ឆ្នាំ​២០១៤​ទៅទៀត​។​
 
​ប្រភព​ខាងលើ​ដដែល​បាន​បន្ថែមថា​ការចំណាយ​ស្រោម​អានា​ម័​យ​ដ៏​ច្រើនសន្ធឹក​មិន​ធ្លាប់មាន​នេះ គឺ​ដើម្បី​បញ្ជៀ​ស និង​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍​ឲ្យ​បាន​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ​២០១៨​នេះ​៕
 

Tag:
 កីឡា​អូឡាំពិក​
  កូរ៉េខាងត្បូង​
  ស្រោម​អានា​ម័​យ
© រក្សាសិទ្ធិដោយ thmeythmey.com