ជាតិ
សិល្បះ
ក្រសួង​វប្បធម៌ គ្រោង​ធ្វើ​បណ្ណ​បញ្ជាក់​បទពិសោធន៍​ដល់​អ្នកធ្វើការ​ក្នុង​វិស័យ​ភាពយន្ត​
04, Feb 2018 , 9:30 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ គ្រោង​ធ្វើ​បណ្ណ​អាជីព​បញ្ជាក់​បទពិសោធន៍ ដល់​អ្នក​ដែល​បានធ្វើការ​លើ​វិស័យ​ភាពយន្ត​។ នេះ​បើតាម លោក ជៀប សុវិជ្ជា នាយក​មជ្ឈមណ្ឌល​CFC ដែល​បាន​បន្តថា បណ្ណ​នេះ មាន​ប្រយោជន៍​ដល់​អ្នកធ្វើការ ក្នុង​វិស័យ​ភាពយន្ត​គ្រប់ផ្នែក​ទាំងអស់ ពិសេស​វា​ជា​ទំនុកចិត្ត​មួយ​សម្រាប់​ផលិតករ​បរទេស​។​


​លោក ជៀប សុវិជ្ជា នាយក​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ជំនាញ និង​ទទួល​ការថត​ភាពយន្ត​នៅ​កម្ពុជា​(CFC)  បាន​មានប្រសាសន៍ថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​មាន​គម្រោង​ធ្វើ       បណ្ណ​អាជីព ឱ្យដល់​អ្នកធ្វើការ​លើ​វិស័យ​ភាពយន្ត​។ ថ្លែង​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ បញ្ជាក់​ការសិក្សា ដល់​សិក្ខាកាម​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ផាត់មុខ​ពិសេស  កាលពីពេល​កន្លងទៅ លោក សុវិជ្ជា ឲ្យ​ដឹង​ទៀតថា បណ្ណ​នេះ មាន​ប្រយោជន៍​ដល់​អ្នកធ្វើការ ក្នុង​វិស័យ​ភាពយន្ត​គ្រប់ផ្នែក​ទាំងអស់ ជាពិសេស វា​ជា​ទំនុកចិត្ត​មួយ​សម្រាប់​ផលិតករ​បរទេស ពេល​មក​ធ្វើការ​នៅ​កម្ពុជា​។ លោក  ជៀប សុវិជ្ជា បញ្ជាក់បន្ថែម​ដូច្នេះ​៖« បណ្ណ​អាជីព សម្គាល់ថា​បានទទួល​វគ្គ​បណ្ដុះបណ្ដាល​អ្វីខ្លះ​? ធ្លាប់បាន​ធ្វើការ​ក្នុង​ផលិតកម្ម​ក្នុងស្រុក​ប៉ុន្មាន​រឿង ក្រៅ​ស្រុក​ប៉ុន្មាន​រឿង​»​។​

  
 
​នេះ​ជា​លើក​ទី​២​ហើយ ដែល​ការបណ្ដុះបណ្ដាល​ជំនាញ​ផាត់មុខ​នេះ ត្រូវបាន​រៀបចំឡើង និង​មាន​សិក្ខាកាម​ចូលរួម​សរុប​២៥​នាក់​។ លោក លោក ជៀប សុវិជ្ជា នាយក​CFC រំពឹងថា អ្នក​ដែល​បានទទួល​ការបណ្តុះបណ្តាល​ជំនាញ​នេះ នឹងចូលរួម​ធ្វើការ​ក្នុង​វិស័យ​ភាពយន្ដ​កាន់តែច្រើន​។​

សិក្ខាកាម​មួយរូប​អ្នកនាង ង៉ែត សុភាព បានឱ្យដឹងថា បន្ទាប់ពី​បានទទួល​វគ្គ​បណ្ដុះបណ្ដាល​នៅទីនេះ ធ្វើឱ្យ​អ្នកនាង ចេះ​ពី​របៀប​ផាត់មុខ​បែប​អាក្រក់ មាន​របួស និង​ក្បាល​ត្រងោល ជាដើម បន្ថែម​លើ​ជំនាញ​ផាត់មុខ​ស្អាតៗ​របស់ខ្លួន​ថែមទៀត​។ អ្នកនាង​សុភាព អះអាងថា ខ្លួន​នឹង​យក​ជំនាញ​នេះ ទៅធ្វើ​ការ​លើ​វិស័យ​ភាពយន្ត​ឱ្យបាន​ច្រើន តាមតែ​អាចធ្វើ​ទៅបាន​។ អ្នកនាង សុភាព បញ្ជាក់​៖ «​ពីមុន​ធ្លាប់តែ​ផាត់មុខ​ឱ្យគេ​ស្អាតៗ ទៅ​ចូលរួម​កម្មវិធី តែ​ដល់​មក​រៀន​ផាត់មុខ​នេះ ធ្វើយ៉ាងណា​ឱ្យគេ​អាក្រក់ ឱ្យ​មើលទៅ​ខ្លាច​។ រៀន​ដំបូង​លំបាក​បន្តិច  ផលិតផល​អត់​ស្គាល់ ហើយ​ចំណាយពេល​យូរ ខ្លះ​ជាង​ពីរ​ម៉ោង​ទម្រាំ​ធ្វើ​ហើយ​»​។​

  
 
​កញ្ញា ចាន់ តារា​ពិសី សិក្ខាកាម​ម្នាក់ទៀត​បានបញ្ជាក់​ថា ដោយសារតែ ខ្វះ​អ្នកជំនាញ​ផាត់មុខ​ប្លែកៗ អាក្រក់ មុខខ្មោច និង​ផាត់​បែប​គ្រោះថ្នាក់​នៅក្នុង​វិស័យ​ភាពយន្ត​ខ្មែរ ទើប​ខ្លួន​ចាប់អារម្មណ៍ និង​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ បើទោះជា​ខ្លួន​មិន​ធ្លាប់​ចេះ​ផាត់មុខ​ពីមុនមក​ក៏ដោយ​។ ប៉ុន្តែ​បន្ទាប់​ចប់​វគ្គ​បណ្តុះបណ្តាល កញ្ញា តារា​ពិសី អះអាងថា​ខ្លួន បានទទួល​ចំណេះ​ច្រើន ពី​វគ្គ​បណ្តុះបណ្តាល​នេះដែរ ដូចជា​ទាំង​ការ​ផាត់មុខ​ឱ្យ​ស្អាត និង​ផាត់មុខ​បែប​ខ្មោច ឬ គ្រោះថ្នាក់​ជាដើម​។ 

  
 
​គ្រូបង្ហាត់​ជំនាញ​ផាត់មុខ​លោក Jeff Cabral បានឱ្យដឹងថា លោក​ពិតជា​មានការ​ភ្ញាក់ផ្អើល​នៅពេល​ឃើញ​សិក្ខាកាម មាន​ទេពកោសល្យ​ខ្ពស់ ឆាប់​ចាប់បាន​នូវ​អ្វី ដែល​លោក​បាន​បង្រៀន​។ លោក​ថា ពេល​បង្រៀន​ដំបូង សិក្ខាកាម​ខ្លះ សូម្បីតែ​ផលិតផល ក៏​មិន​ស្គាល់​ផង ហើយ​អ្នក​ខ្លះទៀត ពេល​ផាត់មុខ​អាក្រក់ៗ ពួកគេ​ខ្លាច​ថែម​ទៀតផង​។ លោក Jeff Cabral បញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​ពិតជា​មានការ​ភ្ញាក់ផ្អើល​ខ្លាំងណាស់ រៀន​តែ​២​សប្ដាហ៍​សោះ​។ អ្នកខ្លះ​ដំបូង សូម្បីតែ​ផលិតផល​ក៏​មិន​ស្គាល់​ផង តែ​ពួកគេ​រៀន​ចេះ​លឿន​មែនទែន​»៕


 

Tag:
 ភាពយន្ត​
 ​ ជៀប សុវិជ្ជា​
© រក្សាសិទ្ធិដោយ thmeythmey.com