អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​ត្រៀម​បញ្ចប់​ការទទួលស្គាល់ «​រដ្ឋ​អ៊ីស្រាអែល​»
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​ត្រៀម​បញ្ចប់​ការទទួលស្គាល់ «​រដ្ឋ​អ៊ីស្រាអែល​»
04, Feb 2018 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​អង្គការ​រំដោះ​ប៉ា​ឡេ​ស្ទី​ន (PLO) បាន​បើកផ្លូវ​ឲ្យ​មានការ​ព្យួរ​ការទទួល​ស្គាល់​រដ្ឋ​អ៊ីស្រាអែល​នៅ​ថ្ងៃ​សៅរ៍​ទី ៣ ខែកុម្ភៈ​កន្លងទៅ​ដើម្បី​ឆ្លើយតប​នឹង​ការបន្ត​សាងសង់​សំណង់​ខុសច្បាប់ និង​ការទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​។ ទោះ​មិនទាន់មាន​ការអនុវត្ត​ជា​ផ្លូវការ​ក៏ដោយ ការបញ្ចប់​ការទទួលស្គាល់​អ៊ីស្រាអែល​នឹង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ដំណើរ​កសាង​សន្តិភាព​រវាង​ភាគី​ទាំងពីរ​។​


​គណៈកម្មាធិការ​ប៉ា​ឡេ​ស្ទី​ន​មួយ​នឹងត្រូវ​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​ប៉ា​ឡេ​ស្ទី​ន​ដើម្បី​សិក្សា​ពី​លទ្ធភាព​ក្នុង​ការព្យួរ​ការទទួល​ស្គាល់​អ៊ីស្រាអែល​ជា​រដ្ឋ ក្រោយ​មាន​កិច្ចប្រជុំ​ពិសេស​រវាង​សមាជិក​អង្គការ​រំដោះ​ប៉ា​ឡេ​ស្ទី​ន​នៅ​ថ្ងៃ​សៅរ៍​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អង្គការ​រំដោះ​ប៉ា​ឡេ​ស្ទី​ន​បានរៀបចំ​កិច្ចប្រជុំ​ពិសេស​រយៈពេល​បី​ម៉ោង​ដើម្បី​ពិភាក្សា​ពី​វិធានការ​ប្រឆាំង​អ៊ីស្រាអែល​នេះ ប៉ុន្តែ​យ៉ាងណាមិញ​ក្បាលម៉ាស៊ីន​ដឹកនាំ​នេះ​ត្រឹម​បើកភ្លើង​ខៀវ​ឲ្យ​មានការ​រៀបចំ​ព្យួរ​ការទទួលស្គាល់​អ៊ីស្រាអែល​ប៉ុណ្ណោះ​។ វា​មិនមាន​អនុភាព​អនុវត្ត​ភ្លាមៗ​ឡើយ វា​លែង​តែមាន​ការសម្រេច​ពី​ប្រមុខ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​លោក ម៉ា​មូ​ត អាបាស​។ 
 
​គណៈកម្មការ​ប្រតិបត្តិ​នៃ​អង្គការ​រំដោះ​ប៉ា​ឡេ​ស្ទី​ន​បាន​ទទូច​ឲ្យ​ប្រធានាធិបតី អាបាស ប្រញាប់ប្រញាល​រៀបចំ​គម្រោង​ដើម្បី​បញ្ចប់​ការទទួលស្គាល់​អ៊ីស្រាអែល និង​ផ្តាច់ទំនាក់ទំនង​ក្នុង​កម្រិត​នយោបាយ រដ្ឋបាល សេដ្ឋកិច្ច និង​សន្តិសុខ​ផង​។​
 
​តាមពិតទៅ​ប៉ា​ឡេ​ស្ទី​ន​ទទួលស្គាល់​អ៊ីស្រាអែល​នៅក្នុង​ឆ្នាំ ១៩៨៨ ហើយ​វា​ក៏​ជា​ពេលដែល​ប៉ា​ឡេ​ស្ទី​ន​បង្កើត​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អ៊ីស្រាអែល​ដូចគ្នា​។​
​ត្រឡប់មកវិញ ការសម្រេច​បើកផ្លូវ​នេះ​ធ្វើឡើង​បន្ទាប់ពី​ក្រុមប្រឹក្សា​មជ្ឈិម​ប៉ា​ឡេ​ស្ទី​ន​បាន​ស្នើសុំ​ឲ្យ​មានការ​ចាត់វិធានការ​បន្ទាន់​ដើម្បី​ឆ្លើយតប​នឹង​ការបន្ត​សាងសង់​សំណង់​លំនៅដ្ឋាន​របស់​អ៊ីស្រាអែល​លើទឹក​ដី​ប៉ា​ឡេ​ស្ទី​ន​ដែល​ខ្លួន​កាន់កាប់​ខុសច្បាប់ ក៏ដូចជា​ការទទួលស្គាល់​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​របស់​អាមេរិក​នោះ​។​
 
​ក្រោយ​លោក ដូ​ណា​ល់ ត្រាំ ប្រកាស​ទទួលស្គាល់​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​ជា​ផ្លូវការ កាលពីដើម​ខែធ្នូ​ឆ្នាំមុន ក្បាលម៉ាស៊ីន​ដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​ខឹងសម្បារ​ជាខ្លាំង ហើយ​ពួកគេ​ក៏​ទាមទារ​ឲ្យ​មានការ​ព្យួរ​ការទទួល​ស្គាល់​អ៊ីស្រាអែល​រហូតដល់​អ៊ីស្រាអែល​ឈប់​សង់​សំណង់​ខុសច្បាប់​ដែរ​។​
 
​យ៉ាងណាក៏ដោយ ការព្យួរ​ការទទួលស្គាល់​អ៊ីស្រាអែល​ពី​សំណាក់​ប៉ា​ឡេ​ស្ទី​ន​នឹង​ក្លាយជា​បញ្ហា​ប្រឈម​ធំថ្មី​មួយ​សម្រាប់​ការធានា​សន្តិសុខ​នៅ​មជ្ឈិមបូព៌ា ហើយ​វា​ក៏​ប៉ះពាល់​ដល់​ដំណើរ​នៃ​កិច្ចចរចា​សន្តិភាព​(​ដំណោះស្រាយ​រដ្ឋ​ពីរ​) ដែល​កំពុងតែ​ដង្ហោយ​រក​ការសង្គ្រោះ​ស្រាប់​នោះ​។ ពាក់ព័ន្ធ​បញ្ហា​នេះដែរ បណ្តា​អ្នកការទូត​ជាច្រើន​ជាពិសេស​អឺរ៉ុប​បាន​ទទូច​ឲ្យ​ប្រមុខរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​លោក ម៉ា​មូ​ត អាបាស ពិចារណា​ឲ្យ​បាន​ដិតដល់​ចំពោះ​ការដាក់ចេញ​វិធានការ​នានា ព្រោះ​វា​អាចធ្វើ​ឲ្យ​បញ្ហា​កាន់តែ​អាក្រក់​ផង​៕
 
 
 
 

Tag:
 មជ្ឈិមបូព៌ា​
  អ៊ីស្រាអែល​
  ប៉ា​ឡេ​ស្ទី​ន
© រក្សាសិទ្ធិដោយ thmeythmey.com