ជាតិ
សិល្បះ
លោក សេង តារា គ្រោង​ស្រាវជ្រាវ​ប្រវត្តិ​សិល្បករ​ខ្មែរ​ជំនាន់​មុន​គ្រប់​ទម្រង់​
05, Feb 2018 , 8:39 am        
រូបភាព
​ភ្នំពេញ​៖ លោក សេង តារា ជា​អ្នកនិពន្ធ អ្នកស្រាវជ្រាវ​ប្រវត្តិក​វី អ្នកចម្រៀង និង​បទ​ចម្រៀង​ខ្មែរ​ក្នុង​ឆ្នាំ​១៩៦០ និង ១៩៧០​។ លោក សេង តារា ក៏មាន​គម្រោង​ស្រាវជ្រាវ​ប្រវត្តិ​សិល្បករ​ខ្មែរ​គ្រប់​ទម្រង់​សិល្បៈ​ដែរ នៅ​ថ្ងៃមុខ មាន​តាំងពី​សិល្បករ​អា​យ៉ៃ ល្ខោន យីកេ ចាប៉ី ជាដើម គិតពី​ជំនាន់​បារាំង មកដល់​ឆ្នាំ​១៩៧៥​។  អ្នកស្រាវជ្រាវ​រូបនេះ ក៏​បញ្ជាក់ទៀតថា បើ​មាន​ពេល លោក​នឹង​ស្រាវជ្រាវ​ប្រវត្តិ​សិល្បករ​ល្បីៗ​ក្នុង​ឆាក​អន្តរជាតិ​ថែមទៀត​។​



​មហាជន​ជាច្រើន​បាន​ស្គាល់ លោក សេង តារា តាមរយៈ​ការងារ​ស្រាវជ្រាវ​កន្លង​មកពី​ប្រវត្តិ​បទ​ចម្រៀង និង​ប្រវត្តិ​កវី​ជំនាន់​សង្គមរាស្ត្រនិយម​។ កេរ្ដិ៍ឈ្មោះ​របស់លោក កាន់តែ​ល្បីល្បាញ បន្ទាប់ពី​ការស្រាវជ្រាវ​ទាំងនោះ បាន​បោះពុម្ព​ជា​សៀវភៅ និង​ជា​វាគ្មិន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ បកស្រាយ​ពី​ប្រវត្តិ​បទ​ចម្រៀង សិល្បករ និង​កវី ដែល​ខ្លួន​បាន​ស្រាវជ្រាវ​។ អ្នកនិពន្ធ​មកពី​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​រូបនេះ មិន​ត្រឹមតែ​ស្រាវជ្រាវ​សិល្បៈ​ផ្នែក​ចម្រៀង​នា​អំឡុង​ឆ្នាំ ១៩៦០-១៩៧០ ប៉ុណ្ណោះ​ទេ តែ​លោក​ក៏មាន​គម្រោង​ស្រាវជ្រាវ​ប្រវត្តិ​សិល្បករ​ខ្មែរ​ល្បីៗ គ្រប់​ទម្រង់​សិល្បៈ​ទាំងអស់ ដូចជា​សិល្បករ​អា​យ៉ៃ យីកេ ល្ខោនបាសាក់ ចាប៉ី វិចិត្រករ និង​ស្ថាបត្យករ​ជាដើម​។ លោក តារា បញ្ជាក់ថា​៖« ខ្ញុំ​មាន​គម្រោង​ស្រាវជ្រាវ​គ្រប់​ទម្រង់​សិល្បៈ​ខ្មែរ​ទាំងអស់ ជាពិសេស​អ្នក​ដែល​ល្បីៗ ដើម្បីឱ្យ​ក្មេងជំនាន់ក្រោយ​មាន​ឯកសារ​ស្រាវជ្រាវ​»​។​

  
 
​បើតាម លោក សេង តារា ការស្រាវជ្រាវ​ប្រវត្តិ​ទាំងនេះ គឺ​ដើម្បីឱ្យ​ក្មេងជំនាន់ក្រោយ​បាន​ស្គាល់​បុគ្គល​ល្បីៗ ក្នុង​វិស័យ​សិល្បៈ​ខ្មែរ ជាពិសេស​ស្នាដៃ​ជា​គំរូ​ល្អៗ សម្រាប់​ពួកគេ​រៀនសូត្រ​តាម​។  អ្នកស្រាវជ្រាវ​វ័យ​៣៦​រូបនេះ​អះអាងថា បើ​មាន​ពេល​ខ្លួន​នឹង​ខិតខំ​ស្រាវជ្រាវ និង​ចងក្រង​ជា​សៀវភៅ ពី​ប្រវត្តិ​សិល្បករ​ល្បីៗ ក្នុង​ឆាក​អន្តរជាតិ​ថែមទៀត តែ​ការណ៍​នេះ​ទាល់តែ​លោក​ស្រាវជ្រាវ​សិល្បករ​ល្បីៗ​ក្នុងស្រុក​អស់​សិន​។  លោក តារា បញ្ជាក់​៖«​ខ្ញុំ​ចង់​ដល់​ទៅ​ស្រាវជ្រាវ​អ្នកសិល្បៈ​ល្បីៗ កំពូលៗ លើ​ឆាក​អន្តរជាតិ​ទៀតផង តែ​ពេលនេះ​ខ្ញុំ​មិនមាន​ពេល ព្រោះ​ខ្ញុំ​ត្រូវធ្វើ​ការងារ​ច្រើន មិនមែន​ធ្វើ​តែ​រឿង​ស្រាវជ្រាវ​មួយ​មុខ​ទេ​»​។ 
 
​ពិធីករ​ពូកែ​វោហារ​រូបនេះ​បាន​បញ្ជាក់ថា រាល់​ការស្រាវជ្រាវ​ទាំងអស់ គឺ​លោក​ចេញ​លុយហោប៉ៅ​ខ្លួនឯង​ទាំងស្រុង ប៉ុន្តែ​អ្វីដែល​លោក​ទទួលបាន​មកវិញ គឺ​កេរ្តិ៍ឈ្មោះ​ដែល​គេ​ឱ្យ​តម្លៃ ព្រមទាំង​ប្រាក់​បន្តិចបន្តួច​ថ្លៃ​កម្មសិទ្ធិបញ្ញា​លើ​ការបោះពុម្ព​សៀវភៅ​។ 
 
​ស្នាដៃ​ប្រលោមលោក​ដំបូង​ក្នុង​ឆ្នាំ​២០០២ ដែល​លោក សេង តារា បាន​និពន្ធ​គឺ​រឿង​«​ស្វាយ​លើ​រឿង​ខ្ញុំ​» គឺជា​រឿង​ពិត​របស់​អ្នកនិពន្ធ ហើយ​រឿងនេះ ក៏បាន​ថត​ជា​ល្ខោន​វិទ្យុ​ដែរ​។ បន្ទាប់ពី​ចេញ​ស្នាដៃ​មួយ​នេះ លោក​ចាប់ផ្ដើម​សរសេរ​ប្រលោមលោក​ដទៃទៀត ដែល​ដកស្រង់​ចេញពី​រឿង​ពិត​ទាំងអស់​។ ប្រលោមលោក ខ្លះ​ក៏បាន​យកទៅ​ថត​ជា​ខ្សែភាពយន្ត​ផងដែរ​។  នេះ​បើតាម​ការអះអាង​របស់​លោក សេង តារា​។ 
 
​ទាក់ទង​នឹង​ការស្រាវជ្រាវ​ពី​ប្រវត្តិ​អ្នកចម្រៀង​ក្នុង​ទសវត្សរ៍​ទី​៦០ និង ៧០ លោក សេង តារា បាន​ចងក្រង​ជា​សៀវភៅ​«​មាស​ស្រោប​នគរ​» នៅក្នុង​ឆ្នាំ​២០០៤ ដែលមាន​១៤​ភាគ​។ ពេល​ដំណាលគ្នា​នោះ លោក​ក៏បាន​សរសេរ​ភៅ «​ថ្ងៃ​លិច​ឯនាយសមុទ្រ​ ​» ដែល​និយាយ​ពី​ប្រវត្តិ​បទ​ចម្រៀង​នីមួយៗ ចំនួន​១៣​ភាគ​។ សៀវភៅ «​ផ្ទាំងសំពត់ស​» និយាយ​ពី​ប្រវត្តិ​ផលិតករ​ភាពយន្ត និង​តារាភាពយន្ត​។ សៀវភៅ «​អធិរាជ​ឆ្លងដែន​» និយាយ​ពី​លោក ស៊ីន ស៊ី​សាមុត និពន្ធ​បទ​ចម្រៀង ពី​ទឹកដី​បរទេស​ដែល​លោក​បាន​ទៅ​។ សរុប​សៀវភៅ ដែល​លោក​សេង តារា បាន​សរសេរ​មាន​ប្រមាណ​៣៧​ក្បាល និង​នៅសល់​ច្រើន​ទៀត ដែល​មិនទាន់បាន​បោះពុម្ព​៕
 

 

Tag:
 សេង តារា
© រក្សាសិទ្ធិដោយ thmeythmey.com