ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មគ្គុទ្ទេសក៍ មើលឃើញថាទីផ្សារទេសចរចិននឹងបន្តកើនឡើងជារៀងរាល់ឆ្នាំ
× សៀមរាប៖ ទីផ្សារទេសចរជនជាតិចិនមកកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័សនារយៈពេលចុងក្រោយនេះ។ ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនកម្ពុជា បានមើលឃើញថា ទីផ្សារទេសចរចិននឹងបន្តកើនឡើងទៅមុខទៀត ហើយនឹងបន្តឈរនៅលំដាប់កំពូល ជាទេសចរបរទេសដែលមកកម្សាន្តនៅប្រទេសកម្ពុជាច្រើនជាងគេ។
ការមើលឃើញរបស់លោក ទៀ គីយូ ព្រោះថាប្រជាជនចិនមានចំនួនច្រើនលើពិភពលោក ហើយសព្វថ្ងៃរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងទេសចរណ៍ បាននិងកំពុងធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដើម្បីទាក់ទាញទេសចរចិន ឱ្យចូលមកប្រទេសកម្ពុជាកាន់តែច្រើន។
ចរន្តនៃការកើនឡើងរបស់ទេសចរចិន បានចាប់ផ្តើមតាំងពីឆ្នាំ ២០១៥មក ហើយតួលេខប្រចាំឆ្នាំ២០១៦ និង២០១៧ មានទេសចរចិនប្រមាណជាង ៨០ម៉ឺននាក់ ដែលមកកម្សាន្តនៅកម្ពុជា។ តាមការព្យាករណ៍របស់ក្រសួងទេសចរណ៍ ក្នុងឆ្នាំ២០១៨នេះ ចំនួនទេសចរចិនអាចនឹងកើនពីមួយលាន ទៅជាងមួយលាននាក់។
ដោយសារកំណើនទេសចរចិនកើនយ៉ាងលឿនដូច្នេះហើយ ទើបធ្វើឱ្យមានកង្វះមគ្គុទ្ទេសក៍ទេសចរណ៍ភាសានេះ។ តាមការលើកឡើងរបស់លោក ទៀ គីយូ សព្វថ្ងៃសមាគមរបស់លោកមានសមាជិកជាង ៤០០នាក់ ហើយចំនួនមគ្គុទ្ទេសក៍ភាសាចិនប្រចាំតំបន់សៀមរាបទាំងអស់ មានប្រមាណ ៨០០នាក់តែប៉ុណ្ណោះ ដែលមិនសមាមាត្រនឹងចំនួនទេសចរចិនដែលសម្រុកមកលេងរៀងរាល់ឆ្នាំនោះឡើយ។ លោកបន្ថែមថា សម្រាប់វិស័យទេសចរណ៍គឺមានរដូវសម្បូរ និងខ្សត់ភ្ញៀវ តែទេសចរចិននេះមួយ គឺលោកមើលឃើញថា មកកម្សាន្តគ្រប់រដូវកាល។
លោកប្រធានសមាគម ស្នើដល់ក្រសួងទេសចរណ៍ គួរបើកវគ្គបណ្តុះបណ្តាលជំនាញមគ្គុទ្ទេសក៍ភាសាចិនឱ្យបានច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការទេសចរចិន៕
ព័ត៌មានលម្អិត សូមស្តាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក ទៀ គីយូ ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនកម្ពុជា ដូចតទៅ៖
Tag:
មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន
ទេសចរចិន
© រក្សាសិទ្ធិដោយ thmeythmey.com