ជាតិ
សេដ្ឋកិច្ច
និន្នាការ​វិស័យ​អចលនទ្រព្យ​ប្រចាំឆ្នាំ ២០១៧ និង​ផែនទី​ចង្អុល​ផ្លូវ​នៅ​ឆ្នាំ ២០១៨
05, Feb 2018 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មុននឹង​ផ្ដើម​ពិ​ព័ណ៌​នាពី​ទស្សនវិស័យ​អចលនទ្រព្យ​កម្ពុជា​នៅ​ឆ្នាំ​២០១៨​ គេ​គួរតែ​ពិនិត្យមើល​ពី​និន្នាការ​សំខាន់ៗ ​នៅ​ឆ្នាំ​២០១៧​ជាមុនសិន ដើម្បី​ទទួលបាន​ចំណេះដឹង​ចាំបាច់​មួយចំនួន ​សម្រាប់​ការវិនិយោគ​នៅ​ថ្ងៃ​អនាគត​។ និន្នាការ​សំខាន់ៗ​ ទាំងនោះ​រួមមានការកើនឡើង​តម្រូវការ​គេហដ្ឋាន​តម្លៃ​សមរម្យ​ ការធ្លាក់ចុះ​គម្រោងខុន​ដូ​ថ្មីៗ ច្បាប់​រឹតបន្តឹង​អាជ្ញាបណ្ណ​សាងសង់ និង​ឥទ្ធិពល​ទេសចរ​ចិន ​មកលើ​កម្ពុជា​។ កត្តា​ទាំងនេះ គឺជា​ព័ត៌មាន​ចាំបាច់​ សម្រាប់​អ្នកវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​កម្ពុជា ​នៅ​ឆ្នាំ​២០១៨​នេះ​។

 
​របាយការណ៍​ប្រចាំឆ្នាំ២០១៧ ដែល​បានចេញ​ផ្សាយ​ដោយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ (MLMUPC) បង្ហាញថា តម្លៃ​សរុប​នៃ​គម្រោង​សាងសង់ ​ដែល​បានអនុម័ត បាន​កើន​ឡើងដល់ ៦.៤២ ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ២០១៧ ពោលគឺ​កើនឡើង ២២.៣ ភាគរយ ​ធៀប​នឹង​ឆ្នាំ ២០១៦​។​
 
​គម្រោង​លំនៅដ្ឋាន​តម្លៃ​សមរម្យ​ ត្រូវបាន​គេ​មើលឃើញថា​ ​កើនឡើង​ខ្លាំងជាងគេ​នៅ​ឆ្នាំ​២០១៧​។​ យោងតាម​របាយការណ៍​លំនៅដ្ឋាន​ឆ្នាំ២០១៧ ដែល​បានចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន VTrust Appraisal ការផ្គត់ផ្គង់​លំនៅដ្ឋាន​នៅ​ទូទាំងប្រទេស ​បាន​កើនឡើង ១១ ភាគរយ​នៅ​ឆ្នាំ ២០១៧ ជាមួយនឹង​លំនៅដ្ឋាន​ចំនួន ១៣,៩០០ ខ្នង​ ត្រូវបាន​ផ្គត់ផ្គង់​នៅក្នុង​ទីផ្សារ ធៀប​នឹង​លំនៅដ្ឋាន ១២,៥០០ ខ្នង​កាលពី​ឆ្នាំ ២០១៦​។​
 
​លោក ហ៊ឹម សីហា នាយក​ស្រាវជ្រាវ​នៅ​ក្រុមហ៊ុន VTrust Appraisal និង​ជា​អ្នកនិពន្ធ​របាយការណ៍​នេះ ​បាន​និយាយថា​ឆ្នាំ​២០១៧ ​គឺជា​ឆ្នាំ​ដ៏​ល្អ​បំផុត ​សម្រាប់​ការសាងសង់​លំនៅដ្ឋាន ដោយសារ​មាន​តម្រូវការកើនឡើង​ខ្លាំង​។ គម្រោង​លំនៅដ្ឋាន​ជាច្រើន​ បានបញ្ចប់​ការសាងសង់​នៅ​ឆ្នាំនេះ ជាពិសេស​គម្រោងលំនៅដ្ឋាន​តម្លៃ​សមរម្យ​។​
 
​ទន្ទឹមនេះ បណ្ឌិត គីម ហ៊ាង ប្រធាន​សមាគមន៍​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចល​ទ្រព្យ​កម្ពុជា ​បានលើកឡើង​ថា​ តម្រូវការ​លំនៅដ្ឋាន​តម្លៃ​សមរម្យ ​ដែលមាន​តម្លៃ​ចន្លោះ​ពី ៣០,០០០ ទៅ ៤០, ០០០ ដុល្លារ​ មានការ​កើនឡើង​ខ្លាំង​នៅ​ឆ្នាំ២០១៧ ហើយនឹង​បន្ត​កើនឡើង​នៅ​ឆ្នាំ​២០១៨​ខាងមុខ​។​
 
​យ៉ាងណាក៏ដោយ​ គម្រោង​ខុន​ដូ បាន​ធ្លាក់ចុះ​ពី ១៨,៥០០ យូ​នី​ត​ ក្នុង​ឆ្នាំ២០១៦ ដល់ ១០,០០០ យូ​នី​ត​ នៅក្នុង​ឆ្នាំ២០១៧ ពោលគឺ​ធ្លាក់ចុះ ៤៥ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦​។ នេះ​បើ​យោងតាម​របាយការណ៍ VTrust ។​
 
​ការធ្លាក់ចុះ​នេះ ​បណ្ដាលមកពី​ការបារ​ម្ភ ​ពី​ចំនួន​ផ្គត់ផ្គង់​ខុន​ដូច្រើនពេក​ នៅក្នុង​ទីផ្សារ​។ ប្រការនេះ ជំរុញ​ឱ្យ​អ្នក​អភិវឌ្ឍន៍​ ប្តូរ​មក​វិនិយោគ​លើ​ទីផ្សារ​ថ្មី​វិញ​ម្ដង គឺ​លំនៅដ្ឋាន​តម្លៃ​សមរម្យ​។ លោក សីហា បាន​បន្ថែមថា​នៅក្នុង​ឆ្នាំ​២០១៨​ អ្នក​អភិវឌ្ឍន៍​នឹង​បញ្ចុះតម្លៃ ​គម្រោង​លំនៅដ្ឋាន​របស់​ពួកគេ ​ដើម្បី​ប្រកួតប្រជែង​ក្នុង​ទីផ្សារ និង​ផ្តល់នូវ​ជម្រើស​ទូទាត់​ប្រសើរ​ជាង​នេះ​ ដើម្បី​ជំរុញ​ការលក់​។​
 
​លោក បណ្ឌិត គីំ​ម ហ៊ាង ផ្ដល់យោបល់​ថា​ គេ​គួរតែ​ទិញ​អចលនទ្រព្យ​នៅ​ឆ្នាំ២០១៨ នេះ ដោយសារតែ​វា​ជា​ពេល​ដែលមាន​អ្នកលក់​ច្រើន​ ដូច្នេះ​តម្លៃនឹង​ធូរ​ថ្លៃ​ ហើយ​គេ​អាច​ទិញ​បាន​អចលនទ្រព្យ​ល្អៗ​។​
 
​និន្នាការ​សំខាន់​មួយទៀត​ នៅ​ឆ្នាំ ២០១៧ នេះ​គឺ​ការ​រឹតបន្តឹង​ការចេញ​អាជ្ញាបណ្ណ​គម្រោង​សាងសង់​ដល់​អ្នក​អភិវឌ្ឍន៍​។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​កាលពី​ចុងខែ​តុលា​ឆ្នាំ​២០១៧​ បាន​ព្រាង​ច្បាប់ ​ដើម្បី​ធានាថា​ រាល់​គម្រោង​សាងសង់​ នឹងត្រូវ​បញ្ចប់​តាម​កាលកំណត់​។​
 
​លោក បណ្ឌិត គីម ហ៊ាង មានប្រសាសន៍ថា ​ច្បាប់​ថ្មី​នេះ​ល្អ​សម្រាប់​កម្ពុជា ​ព្រោះ​មានតែ​អ្នក​ដែលមាន​ទុនវិនិយោគ​ពិតប្រាកដ​ទេ​ ដែល​អាច​វិនិយោគ​លើ​គម្រោង​អចលនទ្រព្យ​។ ម្យ៉ាងទៀត ​វា​នឹង​ជួយកាត់បន្ថយ​គម្រោង ​ដែល​មិនទាន់​សាងសង់ ​ដែល​អាច​ប៉ះពាល់​ដល់​អ្នកទិញ ​នៅពេលដែល​គម្រោង​នោះ​ មិនបាន​សាងសង់​ចប់​ទាន់ពេល​។ កន្លងមក​ ធ្លាប់មាន​ក្រុមហ៊ុន​ដែល​ប្រើប្រាស់​ដី​ ធ្វើជា​ទ្រព្យ​បញ្ចាំ ​ដើម្បី​ខ្ចីលុយ​ធនាគារ ហើយ​យក​ថវិកានោះ មក​សាងសង់​លំនៅដ្ឋាន ​ហើយ​ប្រកា​សលក់​មុន​គម្រោង​។ ប្រការនេះ​ មាន​ហានិភ័យ​ខ្លាំងណាស់​សម្រាប់​អ្នកទិញ​។​
 
​ការកើនឡើង​ទេសចរ​ចិន​នៅ​កម្ពុជា ​គឺជា​និន្នាការ​សំខាន់​មួយទៀត​ សម្រាប់​កំណើន​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ នៅ​ឆ្នាំ​២០១៧ ។ ​ប្រការនេះ​ នឹង​បន្ត​ផ្ដល់​ផល​វិជ្ជមាន​ជាច្រើន​ទៀត​នៅ​ឆ្នាំ ២០១៨ ខាងមុខនេះ​។​
 
​នាវេ​ទិ​កា​ថ្នាក់ជាតិ​លើក​ទី២ ស្ដីពី​គោលដៅ​ទេសចរ​ចិន​មក​កម្ពុជា​ ​នៅ​ខែតុលា​ឆ្នាំ​២០១៧​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន គូសបញ្ជាក់ថា​ កម្ពុជា​គ្រោង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន ​ចំនួន​២​លាន​នាក់ ​មកកាន់​កម្ពុជា​នៅត្រឹម​ឆ្នាំ ២០២០​។​
 
«ការ​ស្ដែង​ឱ្យឃើញ​នៅ​ឆ្នាំ ២០១៧នេះ ​ទេសចរចិន​មកកាន់​កម្ពុជា ​បាន​កើន​ឡើងដល់​ជាង​១​លាន​នាក់​ រួចស្រេច​ទៅហើយ​ ដែលជា​ចំនួន​ច្រើន​មិន​ធ្លាប់មាន​ពីមុនមក ​នៅ​កម្ពុជា​។ ប្រាក់ចំណូល​ដែល​បាន​ពី​ចំនួន​ភ្ញៀវ​ទេសចរ​ចិន ​មាន​ចំនួន​ជាង​៧០០​លាន​ដុល្លារ​»។ នេះ​បើ​យោងតាម​លោក​រដ្ឋមន្ត្រី​។​
 
​ទស្សនកិច្ច​របស់​នាយ​ក​រដ្ឋមន្ត្រី​ចិន​មក​កម្ពុជា ​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ចំនួន​១៩ ​រវាង​ប្រទេស​ទាំង២ ជាពិសេស​កិច្ចព្រមព្រៀង​ លើ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត ​នៅ​កម្ពុជា ​នឹង​ជំរុញ​ឱ្យ​វិស័យ​អចលនទ្រព្យ ​កាន់តែ​មាន​ភាព​រីកចម្រើន​ច្រើន​ថែមទៀត ​នៅ​ឆ្នាំ​២០១៨​នេះ​។​
 
(​ទទួលបាន​សិ​ទិ្ធ​ដកស្រង់​ទាំងស្រុង​ ពី​គេហទំព័រ https://www.realestate.com.kh/km/news/2017-s-key-real-estate-and-economic-trends-paving-a-road-map-for-the-year-ahead/
 
 

Tag:
 អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com