ពីនេះ ពីនោះ
មុខរបរម៉ូតូឌុប និងទុកទុកនឹងមានវាសនាអាក្រក់ដូចមុខរបរកង់ឌុប និងស៊ីក្លូ, ហេតុអ្វី?
× ភ្នំពេញ៖ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ អ្នករត់ម៉ូតូឌុប និងអ្នករត់ម៉ូតូរឺម៉កកង់បី(ទុកទុក) បានត្អូញត្អែរគ្រប់គ្នាថា ប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះយ៉ាងគំហុក។ តើកត្កាអ្វីខ្លះដែលនាំឲ្យប្រាក់ចំណូលអ្នករត់ម៉ូតូឌុប និងអ្នករត់ម៉ូតូរឺម៉កកង់បីធ្លាក់ចុះ ហើយមុខរបររបស់ពួកគេនឹងឈានទៅរកក្ស័យធន?
មុខរបរ កង់ឌុប ក្ស័យធនរួចហើយ។ មុខរបរ រឺម៉កកង់ ស្ទើរបាត់បង់ពីទីផ្សាររួចហើយ។ មុខរបរ ស៊ីក្លូ ស្ទើរលែងរស់ហើយ។ ចុះមុខរបរម៉ូតូឌុប និងមុខរបរម៉ូតូរឺម៉កកង់បី(ទុកទុក) នឹងក្ស័យធនដែរឬទេ?
មុខរបរម៉ូតូឌុប និងអ្នករត់ទុកទុកមិនទាន់ដួលនៅឡើយទេ។ តែមុខរបរនេះចាប់ផ្តើមមានសញ្ញាអាក្រក់ដូចមុខរបរស៊ីក្លូ កង់ឌុប និងរឺម៉កកង់ហើយនាពេលនេះ មានន័យថា មិនយូរមិនឆាប់ មុខរបរទាំងពីរនេះនឹងមានវាសនាអាក្រក់ដូចមុខរបរដែលបានរៀបរាប់ខាងលើដែរ។
មុខរបរម៉ូតូឌុប និងមុខរបររឺម៉កកង់បី(ទុកទុក)អាចនឹងដួលបះជើងនាពេលខាងមុខដោយសារមូលហេតុមួយចំនួនក្នុងនោះមាន៖ ទី១ គឺដោយសារការប្រកួតប្រជែងដ៏ស្រួចស្រាល់ពីសំណាក់ក្រុមហ៊ុនដឹកជញ្ជូនបែបទំនើបបរទេស-ខ្មែរ ដូចជា Uber App, Pass App, Grab… ក្រុមហ៊ុនបែបទំនើបថ្មីៗទាំងនេះ មានតម្លៃថោកដោយសារការប្រើប្រាស់ហ្គាស។
ទី២ គឺដោយសារ សេដ្ឋកិច្ចអ្នកក្រីក្រដែលមានទម្លាប់ជិះម៉ូតូឌុប និងទុកទុកកើនឡើងបន្តិច ហើយកត្កានេះអនុញ្ញាតឲ្យពួកគេអាចទិញម៉ូតូជិះដោយខ្លួនឯងបាន និងមូលហេតុទី៣ គឺដោយសារសេវាកម្មឲ្យខ្ចីប្រាក់មានលក្ខណៈទូលំទូលាយ។ មានន័យថា អ្នកក្រីក្រទាំងឡាយអាចមានលទ្ធភាពខ្ចីលុយទិញម៉ូតូដែលមានតម្លៃថោកតាមរយៈរូបមន្តបង់រំលោះប្រចាំខែ ឬប្រចាំថ្ងៃ។
ដោយសារតែលក្ខខណ្ឌចុងក្រោយនេះមានលក្ខណៈអំណោយផលយ៉ាងខ្លាំងដល់អ្នកក្រីក្រដូច្នោះ មុខរបរអ្នករត់ម៉ូតូ និងអ្នករត់ទុកទុកប្រឈមនឹងការដួលរលំនាពេលខាងមុខជាក់ជាពុំខាន។ និយាយបែបផ្សេង អ្នកក្រីក្រសម្លាប់អ្នកក្រីក្រ ឬម្យ៉ាងទៀត ក្រុមហ៊ុនធំកំពុងសម្លាប់មុខរបរតូចតាច៕
© រក្សាសិទ្ធិដោយ thmeythmey.com