អន្តរជាតិ
នាយករដ្ឋមន្ត្រី អា​បេ ប្រកាស​បន្ត​ដំណើការ​រើ​មូលដ្ឋានទ័ព​អាមេរិក​នៅ​កោះ​អូ​គី​ណា​វ៉ា​
05, Feb 2018 , 3:37 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ នៅ​ថ្ងៃទី​៥ ខែកុម្ភៈ បានប្រកាស​បន្តដំណើរ​ការផ្លាស់ប្ដូរ​មូលដ្ឋាន​កងទ័ព​អាមេរិក​នៅ​កោះ​អូ​គី​ណា​វ៉ា ក្រោយ​ចៅហ្វាយក្រុង​ដែល​ជំទាស់​ការផ្លាស់ប្ដូរ​នេះ​អស់តំណែង​ក្នុងការ​បោះឆ្នោត​។ មូលដ្ឋានទ័ព​អាមេរិក​ដែល​សព្វថ្ងៃ​ស្ថិតនៅ​ភាគខាងត្បូង​កោះ នឹងត្រូវ​រើ​ទៅកាន់​ភាគ​ខាងជើង​វិញ ព្រោះ​ជា​តំបន់​មិនសូវមាន​មនុស្ស​ច្រើន និង​ដើម្បី​បញ្ចៀស​ការរំខាន​ដល់​ប្រជាជន​នៅ​តំបន់​ខាងត្បូង​។​



​ជ័យជម្នះ​របស់លោក Taketoyo Toguchi ដែល​គាំទ្រ​ដោយ​បក្ស​កាន់អំណាច​លើ​អភិបាលក្រុង​ចាស់​លោក Susumu Inamine ធ្វើ​ឲ្យ​ក្ដីសង្ឃឹម​រើ​មូលដ្ឋានទ័ព​អាមេរិក​របស់​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ កើនឡើង​យ៉ាងខ្លាំង​។ លោក Toguchi បាន​ផ្ដួល​លោក Inamine ក្នុងការ​បោះឆ្នោត​អភិបាលក្រុង Nago នៃ​កោះ​អូ​គី​ណា​វ៉ា ដែលជា​ទីតាំង​ថ្មី​នៃ​មូលដ្ឋានទ័ព​អាមេរិក​។ លោក Inamine បាន​ជំទាស់​ទទួល​ទ័ព​ដាច់ខាត ព្រោះ​វា​ក្លាយជា​បន្ទុក​ធ្ងន់​សម្រាប់​ប្រជាជន​ក្នុង​តំបន់​។​

​នាយករដ្ឋមន្ត្រី អា​បេ ពិតជា​រីករាយ​ខ្លាំង​ចំពោះ​ជ័យជម្នះ​លោក Toguchi ព្រោះ​ការផ្លាស់ប្ដូរ​ទីតាំង​មូលដ្ឋានទ័ព​អាមេរិក Futenma អាច​ដំណើការ​ស្រួល​ជាង​មុន​។ បើតាម​ទីភ្នាកងារ​ព័ត៌មាន Reuters លោក អា​បេ បាន​និយាយថា លោក​ចង់​បន្ត​ការផ្លាស់ប្ដូរ​មូលដ្ឋាន​យោធា​អាមេរិក​តាម​ការសម្រេច​របស់​តុលាការ​កំពូល ព្រម​គ្នា​នឹង​ការសុំ​ការយោគយល់​ពី​ប្រជាជន ហើយ​លោក​គាំទ្រ​ការអភិវឌ្ឍ​កោះ​អូ​គី​ណា​វ៉ា​។​


មូលដ្ឋានទ័ព Futenma របស់អាមេរិកនៅលើកោះអូគីណាវ៉ា (រូបភាព៖ Kyodo)

​ក្នុង​ឆ្នាំ​២០១៦ តុលាការ​កំពូល​ជប៉ុន​បាន​បើកផ្លូវ​ឲ្យ​មានការ​រើ​មូលដ្ឋានទ័ព​អាមេរិក ខណៈ​ប្រជាជន​នៅ​កោះ​មួយ​នេះ​ចង់​ឲ្យ​លុបចោល​បន្ទាយ​ទាហាន​អាម​រិ​ក​តែម្ដង​។ វត្តមាន​ទាហាន​អាមេរិក ធ្វើ​ឲ្យ​ប្រជាជន​អូ​គី​ណា​វ៉ា​មិន​សប្បាយចិត្ត​ឡើយ ព្រោះ​ជួប​បញ្ហា​ជាច្រើន​។ ឧក្រិដ្ឋកម្ម​បង្កដោយ​ទាហាន​អាមេរិក ការបំពុល​បរិស្ថាន និង​គ្រោះថ្នាក់​ជា​ញឹកញយ បង្ក​ការរំខាន​ខ្លាំង​ដល់​ជីវិត​រស់នៅ​របស់​ប្រជាជន​។ បាតុកម្ម​បានកើត​ឡើង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លុបចោល​បន្ទាយ​អាមេរិក​។​

​យ៉ាងណាក្ដី រដ្ឋាភិបាល​ជប៉ុន​សុខចិត្ត​ផ្លាស់ប្ដូរ​ទីតាំង​ទាហាន​អាមេរិក​វិញ ព្រោះ​វត្តមាន​យោធា​អាមេរិក ជា​រឿង​សំខាន់​ដើម្បី​ទប់ទល់​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​។ មូលដ្ឋាន​នៅ​អូ​គី​ណា​វ៉ា គឺជា​ជំរំ​ទាហាន​អាមេរិក​មួយ​នៅលើ​ទឹកដី​ជប៉ុន និង​ជាទី​តាំងរបស់​កម្លាំង​ម៉ា​រី​ន​។ យន្តហោះ​ជាច្រើន​បាន​ពង្រាយ​នៅ​មូលដ្ឋាន​នេះ ហើយ​ការឡើង​ចុះ​យន្តហោះ​នេះ ដែល​បង្ក​ជា​សំឡេង​រំខាន​ខ្លាំង​ដល់​ប្រជាជន​ជប៉ុន​៕


Tag:
 ជប៉ុន​
  អាមេរិក​
  ស៊ីន​ហ្សូ អា​បេ​
  កោះ​អូ​គី​ណា​វ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com