ពីនេះ ពីនោះ
កិច្ចប្រជុំ​ពិភាក្សា​លើកទីមួយ​ស្តីពី​វារិ​អ​គិ្គ​ស​នី និង​ត្រី​ ​នឹងធ្វើ​នៅក្នុង​វេទិកា​ជណ្តើរ​ត្រី​ពិភពលោក​
05, Feb 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សមាគមន៍​ជលផល​អាមេរិកាំង វិទ្យាស្ថាន​ធនធានទឹក និង​បរិស្ថាន នៃ​សមាគមន៍​វិស្វករ​ស៊ីវិល ​អាមេរិក នឹងធ្វើ​សន្និសីទ​អំពី​ជណ្តើរ​ត្រី​ប្រចាំឆ្នាំ​មួយ នៅ​ប្រទេស​អូស្ត្រាលី ក្នុងឆ្នាំនេះ ដោយ​សហការ​ជាមួយ​អ្នកទទួល​រៀបចំ គឺ​សាកលវិទ្យាល័យ​ឆាល​ស្តើ​ត (Charles Sturt University) និង​រដ្ឋាភិបាល​​រដ្ឋ​ញូ​សោត​វេ​ល (New South Wales Government) នៃ​ប្រទេស​អូស្ត្រាលី​។ កិច្ចប្រជុំ​ពិភាក្សា​ថ្នាក់​អន្តរជាតិ​លើកទីមួយ​ស្តីពី​ការគ្រប់គ្រង​វា​រី​អ​គិ្គ​ស​នី និង​ត្រី​នេះ នឹងធ្វើ​នៅក្នុង​សន្និសីទ​អន្តរជាតិ ស្តីពី​ការ     ត​ភ្ជាប់​ទន្លេ (River connectivity) នៅ​ទីក្រុង​អាល់​ប៊ើ​រី (Albury) ចាប់ពី​ថ្ងៃទី​១០  ដល់ ១៤ ខែធ្នូ ។

  
                                                                             

​កិច្ចប្រជុំ​ពិភាក្សា​ថ្នាក់​អន្តរជាតិ​នេះ ត្រូវបាន​គ្រោង​ឱ្យ​លោក លូ​អ៊ី​ស ស៊ី​ល​វ៉ា (Luiz Silva) ធ្វើជា​ប្រធាន​។ លោក លូ​អ៊ី​ស ស៊ី​ល​វ៉ា ជា​អ្នកវិទ្យាសាស្ត្រ​ត្រី​ទឹកសាប ជនជាតិ​ប្រេ​ស៊ី​ល​មួយរូប ដែល​បច្ចុប្បន្ននេះ ធ្វើការ​នៅ​វិទ្យាស្ថាន​ដី​-​ទឹក និង​សង្គម នៃ​សាកលវិទ្យាល័យ​អូស្ត្រាលី ក្នុង​ទីក្រុង​អាល់​ប៊ើ​រី ដែលមាន​ទីតាំង​ស្ថិតនៅ​ក្បាលទឹក (​ប្រភពទឹក​) នៃ​ទន្លេ​មួ​រេ (Murray River) ដែល​បង្កើតបានជា​អាងទឹក​ទន្លេ​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ប្រទេស​អូស្ត្រាលី ។ បណ្ឌិត ស៊ី​ល​វ៉ា បានរួម​ចំណែក​យ៉ាងច្រើន​ដល់​ការយល់ដឹង​ពី​ជណ្តើរ​ត្រី​នៅក្នុង​តំបន់​ត្រូពិច ត្រូវបាន​ទទួលស្គាល់​លើ​ការអភិវឌ្ឍ ដែល​ជាប់ទាក់ទង​យ៉ាងខ្លាំង​ទៅនឹង​ឧស្សាហកម្ម​វារិ​អ​គិ្គ​ស​នី​ក្នុងប្រទេស​ប្រេ​ស៊ី​ល​។​

​សន្និសីទ​ទាំងមូល​គ្រោង​ឱ្យធ្វើ​ប្រធាន​រួមគ្នា​ដោយ​លោក លី បូម​ហ្គា​ត​នើ (Lee Baumgartner)
​សាស្ត្រាចារ្យ​រង នៅ​វិទ្យាស្ថាន​ដី ទឹក និង​សង្គម និង​លោក ម៉ា​ធ្យូ ហ្គោ​ដូ​ស (Matthew Gordos) អ្នកគ្រប់គ្រង​ជណ្ដើរ​ត្រី នៅ​នាយកដ្ឋាន​ឧស្សាហកម្ម​បឋម នៃ​រដ្ឋ​ញូ​សៅ​វេ​ល​។​

​សារៈសំខាន់​សម្រាប់​ពិភពលោក​
​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ដាច់ដោយឡែក គឺជា​ផ្នែក​នៃ​ការផ្តួចផ្តើម​មួយ សម្រាប់​កម្មវិធី​សហ​ប្រតិ​ប​តិ្ត​ការ វារិ​អ​គិ្គ​ស​នី របស់​ទីភ្នាក់ងារ​ថាមពល​អន្ត​រ​ជាតិ ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស (​ជាពិសេស​ក្រុមការងារ​វារិ​អគ្គិសនី និង​ត្រី នៃ​ទីភ្នាក់ងារ​នេះ ដែល​ត្រូវបាន​គេ​ស្គាល់​នៅក្នុង​ឧបសម្ព័ន្ធ​ទី​ប្រាំបី​)​។ តាម​គេហទំព័រ​របស់​សន្និសីទ​នេះ ដែល​ដាក់​អោយប្រើ​ដោយ​សាកលវិទ្យាល័យ ម៉ាសា​ជូ​សិត ក្នុង​អាទិត្យ​ទី ២ នៃ​ខែមករា បានសរសេរថា​៖ “​មានការ​កើនឡើង​នូវ​គោលបំណង នៅ​ទូទាំង​ពិភពលោក​ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​វិធាន​នៅក្នុង​ពហុមុខ​វិជ្ជា សម្រាប់​ការជាប់​ទាក់ទង​ទៅនឹង​ការគ្រប់គ្រង​ត្រី និង​ការអភិវឌ្ឍន៍​វា​រី​អគ្គិសនី​។ វា​រី​អ​គិ្គ​ស​នី គឺជា​សកម្មភាព​សេដ្ឋកិច្ច​ដ៏​ចម្បង​មួយ ជាពិសេស​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ តែ​ក៏​ជាការ​គំរាមកំហែង​ដ៏​ចម្បង​មួយ​សម្រាប់​វា​រី​ភាវរស់ (​សត្វ និង​រុក្ខជាតិ​ដែល​រស់នៅក្នុង​ទឹក​) ពិសេស​ត្រី​។ ក្នុងករណី​ជាច្រើន ការ​កង្វះខាត​ចំណេះដឹង​ពី​អេកូឡូស៊ី នៃ​ប្រភេទ​ត្រី​ដែល​រង​ផលប៉ះពាល់​ពី​ទំនប់​វារិ​អគ្គិសនី គឺជា​កត្តា​ដ៏​សំខាន់ ដែល​រាំងស្ទះ​ដល់​លទ្ធភាព​ធ្វើ​សេចក្តីសម្រេចចិត្ត និង​ធ្វើ​ផែនការ​គ្រប់គ្រង​សម្រាប់​វារិ​អគ្គិសនី ឲ្យ​កាន់តែ​សុ​ក្រឹត្យ និង​គិតគូ​កាន់តែ​ល្អិតល្អន់​។​»

​កិច្ចប្រជុំ​ពិភាក្សា​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​ផ្តោតទៅលើ​បញ្ហា​ពិភពលោក ទាក់ទង​នឹង​វារិ​អគ្គិសនី និង​ផលប៉ះពាល់​ទៅលើ​ជីវសាស្ត្រ និង​អេកូឡូស៊ី​របស់​ត្រី ហើយនឹង​នាំមក​នូវ​ទស្សនវិស័យ​ទាំងឡាយ​ពី​ប្រទេស​ផ្សេងៗ ជាពិសេស ប្រទេស​ទាំងឡាយណា​ដែល​ការអភិវឌ្ឍន៍​បែបនេះ គឺជា​សកម្មភាព​សេដ្ឋកិច្ច​ដ៏​ចម្បង​មួយ​។ ប្រធានបទ​ទាំង​ប្រាំ​មានដូចជា​៖
១. ទំនប់​វារិ​អគ្គិសនី និង​ផលប៉ះពាល់​លើ​ទីជម្រក​ត្រី​
២. សំណង់ (​ទម្រង់​រូបរាង​) ឬក៏​ដំណើរការ​របស់​វារិ​អគ្គិសនី និង​ផលប៉ះពាល់​ផ្ទាល់​លើ​ត្រី​
៣. ការតាមដាន និង​គ្រប់គ្រង​វារិ​អគ្គិសនី​សម្រាប់​ត្រី​
៤. ការរៀបចំ  ការអភិវឌ្ឍ និង​ការតាមដាន វិធានការណ៍​កាត់បន្ថយ​ផលប៉ះពាល់​
៥. ការធ្វើ​សេចក្តីសម្រេចចិត្ត​អំពី​វារិ​អគ្គិសនី និង​គោលនយោបាយ​វារិ​អ​គ្កិ​ស​នី​

​ការពាក់ព័ន្ធ​ទៅនឹង​អាង​ទន្លេមេគង្គ​
​បណ្ឌិត បូម​ហ្គា​ត​នើ ប្រធាន​មួយរូប​ក្នុងចំណោម​សហប្រធាន​ទាំង​ពីររូប របស់​សន្និសីទ​បាន​ថ្លែង ថា​៖ អ្នករៀបចំ មាន​គោលបំណង​ឱ្យមាន​ការចូលរួម​យ៉ាង​ខ្លាំង ពី​តំបន់​ទន្លេមេគង្គ​។

​គាត់​បាន​ជម្រាបជូន​ព្រឹត្តិ​ព័ត៌មាន​វិទ្យាសាស្ត្រ​ឈ្មោះ Terra Daily ថា​៖ «​ការអភិវឌ្ឍន៍​ទន្លេ នឹង​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ធនធាន​វារិ​ជាតិ និង​ការប្រើប្រាស់​ទឹក​នៅក្នុង​តំបន់​អាងទឹក​ទន្លេមេគង្គ​ក្រោម​»​។

«​ទិន្នផល​វារិ​អគ្គិសនី​បច្ចុប្បន្ន​ប្រមាណ​ជា ៣.៣២៥ មេ​ហ្គា​វ៉ា​ត់ ត្រូវគេ​រំពឹងថា នឹង​កើនឡើង​ប្រាំពីរ​ភាគរយ​ជា​រៀងរាល់ឆ្នាំៗ ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍ ជាមួយ​សំណង់​ទំនប់​ថ្មី​ចំនួន​១៣៤​។ បណ្ដាញ​ស្រោចស្រព​ត្រូវគេ​រំពឹងថា នឹង​កើនឡើង​ច្រើនជាង ២៥០ ភាគរយ ក្នុងកំឡុងពេល​ដូចគ្នានេះ​។ ការកើនឡើង​ចំនួន​គម្រោង​អភិវឌ្ឍន៍​ធនធានទឹក​ខ្នាត​ធំ នៅក្នុង​អាង​ទន្លេមេគង្គ គឺ​កំពុង​ប្រឈម​ទៅនឹង​និរន្តរភាព​រយៈពេល​យូរ របស់​ជលផល​ទឹកសាប ដែលមាន​ផលិតភាព​ខ្ពស់បំផុត​របស់​ពិភពលោក​»​។

​អ្នក​អេកូឡូស៊ី ត្រី​ទឹកសាប ជនជាតិ​អូស្ត្រាលី ដែល​បច្ចុប្បន្ននេះ ដឹកនាំ​គម្រោង​រយៈពេល​ប្រាំ​ឆ្នាំ ស្តីពី​ការកំណត់​បរិមាណ​ផលប៉ះពាល់​នៃ​មជ្ឈដ្ឋាន កត្តា​ជះឥទ្ធិពល​លើ​ការរស់រានមានជីវិត ការលូតលាស់ និង​ការវិវឌ្ឍ​នៃ​ប្រភេទ​ត្រី​ណាមួយ និង​ការកំណត់​បរិមាណ​ផលប៉ះពាល់ នៃ​សហគមន៍​របស់​ប្រភេទ​ត្រី​ណាមួយ​នោះ (quantifying the biophysical and community impacts) ពី​ការកែលម្អ​ជណ្ដើរ​ត្រី​នៅក្នុង​ប្រទេស​ឡាវ​។ គម្រោង​នេះ ត្រូវបាន​ផ្តល់ប្រាក់​ពី​មជ្ឈមណ្ឌល​អូស្ត្រាលី សម្រាប់​ការស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ (ACIAR) ដែល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១៦​។ បណ្ឌិត បូម​ហ្គា​ត​នើ ថ្លែងថា​៖  «​ផល​នេសាទ​នៅ​តំបន់​អាង​ទន្លេមេគង្គ​ក្រោម គឺមាន​សារៈសំខាន់​ខ្លាំងណាស់​»​។​

«​ផល​នេសាទ​នៅ​តំបន់​អាង​ទន្លេមេគង្គ​ក្រោម រួមចំណែក​ជាង​៥០% នៃ​ប្រូតេអ៊ីន​សត្វ និង​ទ្រទ្រង់​ដល់​ការប្រកប​របរ​ចិញ្ចឹមជីវិត របស់​ប្រជាជន​ជិត​៧០​លាន​នាក់ ដែល​រស់នៅក្នុង​អាង​ទន្លេមេគង្គ​។ ប៉ុន្តែ ការអភិវឌ្ឍន៍​ទន្លេ បាន​គំរាមកំហែង​ផលិតភាព​នេះ​»​។

«​នៅ​អាមេរិក​ខាងត្បូង ការអភិវឌ្ឍន៍​ស្រដៀង​គ្នា​នេះ នៅក្នុង​ទន្លេ អា​ម៉ា​ហ្សូ​ន បានធ្វើឱ្យ​ផលិតផល​នេសាទ​ថយចុះ រហូតដល់​៧០​ភាគរយ​។ នៅ​អាមេរិក​ខាងជើង នៅ​ទន្លេ​កូ​ឡុំ​បៀ ផល​នេសាទ​ត្រី​សាល់​ម៉ុ​ន ក៏​ធ្លាក់ចុះ​ផងដែរ ក្រោយ​មានការ​សាងសង់​ទំនប់​វារិ​អគ្គិសនី​។ ដើម្បី​ស្តារឡើងវិញ​ដោយ​ផ្នែក​ខ្លះ នៃ​ធនធាន​ជលផល​ពាក់ព័ន្ធ ទឹកប្រាក់​ចំនួន​៧​កោដ​ដុល្លា បានមក​ចំណូល​វារិ​អគ្គិសនី ត្រូវបាន​គេ​វិនិយោគ​ទៅក្នុង​ការស្រាវជ្រាវ សម្រាប់​យកមកអនុវត្ត​រយៈពេល​ជាង​៥០​ឆ្នាំ​។​» បណ្ឌិត បូម​ហ្គា​ត​នើ បាន​ថ្លែងថា​៖ ករណី​ទាំងនេះ បាន​ពន្យល់ថា តើ​វិទ្យាសាស្ត្រ​រឹងមាំ​ណាមួយ​ដែល​គេ​ត្រូវការ (​តម្រូវការ​វិទ្យាសាស្ត្រ​រឹងមាំ​យ៉ាងណា​) ដើម្បី​កំណត់ វាយតម្លៃ និង​បន្ថយ​ផលប៉ះពាល់​នៃ​ការអភិវឌ្ឍ​ទន្លេ​។

​គាត់​និយាយថា​៖ «​វា​មានតម្លៃ​ថោក​ជាង​ឆ្ងាយ​ណាស់ ដែល​នឹងធ្វើ​បែបនេះ មុននឹង​ធ្វើការ​វិនិយោគ​ក្នុងការ​អភិវឌ្ឍ​ធនធានទឹក ជាជាង​ការដោះស្រាយ​ការធ្លាក់ចុះ នៃ​ផល​ត្រី​ជា​បន្តបន្ទាប់ ក្រោយពី​ការសាងសង់​រួចហើយ​»​។​

«​បើ​គ្មាន​យុទ្ធសាស្ត្រ​កាត់បន្ថយ​ផលប៉ះពាល់ ប្រកបដោយ​ប្រសិទ្ធភាព​ទេ ផលិតផល​នេសាទ​នឹង​ធ្លាក់ចុះ​យ៉ាងខ្លាំង ដែល​នឹង​ប៉ះពាល់​ដល់​ប្រភព​ដ៏​ចម្បង​នៃ​ប្រូតេអ៊ីន​សត្វ និង​ប្រាក់ចំណូល​។​»

​សន្និសីទ​នៅ​ទីក្រុង​អាល់​ប៊ើ​រ៉ី ក្នុង​ខែធ្នូ ធ្វើតាម​ការប្រជុំ​ថ្នាក់​តំបន់​មួយ នៅ​ទីក្រុង​វៀង​ច័ន្ទ កាលពី​ឆ្នាំ​២០១៦ ដែល​បាន​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​អូស្ត្រាលី សម្រាប់​ការស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ​(ACIAR) និង​នាយកដ្ឋាន​មហាផ្ទៃ​សហរដ្ឋអាមេរិក ហើយ​នៅក្នុង​ការប្រជុំ​នោះ អ្នកជំនាញ​ជាច្រើន​ផ្នែក​ដែល​ធ្វើការ​នៅ​តំបន់​អាង​ទន្លេមេគង្គ​ក្រោម បាន​ពិភាក្សា​ពី​បញ្ហា​ជណ្តើរ​ត្រី​ជា​លើក​ទី​១​។ សន្និសីទ​នេះ​បានផ្ដល់​វេទិកា​មួយ ដើម្បី​លើកឡើង​នូវ​បញ្ហា​ទាំងនោះ​នៅលើ​ឆាក​អន្តរជាតិ​។​

​បណ្ឌិត បូម​ហ្គា​ត​នើ និយាយថា​៖ សន្និសីទ​ក្នុង​ខែ​ឆ្នូ នឹង​នាំយក​អ្នកជំនាញ​អន្តរជាតិ​ខាង​ផ្នែក​អភិវឌ្ឍ​ជណ្តើរ​ត្រី និង​ការគ្រប់គ្រង​ប្រព័ន្ធ​វារិ​អេកូឡូស៊ី នៅតាម​ដង​ទន្លេ ដើម្បី​បង្ហាញថា តើ​ការសិក្សា​ស្រាវជ្រាវ អាច​ត្រូវបាន​គេ​យកមកអនុវត្ត ដើម្បី​ពង្រឹង​គោលនយោបាយ​ពិភពលោក និង​ការធ្វើ​សេចក្តីសម្រេចចិត្ត​។​

​គាត់​បាន​ថ្លែង​បន្ថែមថា​៖ “​សន្និសីទ​នេះ បាន​បើកចំហ​អោយចូល​រួម​ពី​ទីភ្នាក់ងារ​រដ្ឋាភិបាល (​ស្ថាប័ន​
​រដ្ឋាភិបាល​) អ្នក​អភិវឌ្ឍន៍ អ្នកស្រាវជ្រាវ ថ្នាក់ដឹកនាំ​នៅ​ថ្នាក់មូលដ្ឋាន​ក្នុងស្រុក និង​ខេត្ត និង​អ្នកគ្រប់គ្រង​ធនធានធម្មជាតិ ក៏ដូចជា​អ្នកធ្វើ​នេសាទ​លំហែ​កំសាន្ត ដើម្បី​ជួយ​ចែករំលែក​ចំណេះដឹង​ស្តីពី​ជោគជ័យ នៃ​និរន្តរភាព​ជលផល និង​ឱកាស​សម្រាប់​និរន្តរភាព​ជលផល​»​។​

«​គោលបំណង​ចម្បង គឺ​ដើម្បី​ធានា​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ទៅមុខទៀត ក្នុងខណៈដែល​រក្សាបាន​ធនធាន​ជលផល​ឱ្យមាន​លក្ខណៈ​ល្អ និង​នៅ​កន្លែង​ណា​ដែល​ចាំបាច់​ត្រូវធ្វើ​ការស្តារ​ធនធាន​ជលផល ឱ្យមាន​លក្ខណៈ​ល្អ​ឡើងវិញ​។​»

​កាលពី​ដំបូង​ត្រូវបាន​គេ​ស្គាល់​ថា ជា​សន្និសីទ​ជាតិ ស្តីពី​វិស្វកម្ម​ជណ្តើរ​ត្រី និង​អន្ត​រកម្ម របស់​ទឹក​និង​ប្រព័ន្ធ​អេកូឡូស៊ី​ពី​ជណ្តើរ​ត្រី (engineering and ecohydrology for fish passage) គឺជា​ការប្រមូលផ្តុំ​អ្នកជំនាញការ​ប្រចាំឆ្នាំ ដែល​ត្រូវ​បានរៀបចំ​ដោយ​សាកលវិទ្យាល័យ​ម៉ា​សាជូ​សេត សាកលវិទ្យាល័យ​រដ្ឋ​អូ​រី​ហ្គែ​ន និង​សាកលវិទ្យាល័យ​វី​ស្កុន​ស៊ីន ក្នុង​ចន្លោះ​ឆ្នាំ​២០១១ និង ២០១៤ ក៏ដូចជា​ក្នុង​ចន្លោះ​ឆ្នាំ​២០១៦ និង​២០១៧​។ សន្និសីទ​លើក​ទី​១ នៅក្រៅ​សហរដ្ឋអាមេរិក គឺ​នៅ​ទីក្រុង​របស់​ជនជាតិ​ហូល​ឡង់​ឈ្មោះ​ហ្គ្រោ​នី​ង​ហ្គែ​ន នា​ឆ្នាំ​២០១៥ ដោយ​សហការ​ជាមួយ​ស្ថាប័ន​មួយចំនួន របស់​សហភាព​អឺរ៉ុប​។​

​សន្និសីទ​នេះ បាន​អំពាវនាវ​ឱ្យ​ដាក់​សេចក្តី​សង្ខេប​អត្ថបទ ដែល​បើក​ឱ្យ​ផ្ញើមក​ចាប់ពី​ថ្ងៃទី​១​ខែកុម្ភៈ រហូតដល់​ថ្ងៃទី​៣០​ខែមេសា ដែលជា​ថ្ងៃ​បិទ​ឈប់​ទទួល​សេចក្តី​សង្ខេប​អត្ថបទ សម្រាប់​ការចូលរួម​ក្នុង​សន្និសីទ​។ អ្នកអាន​ណា​ដែល​ចាប់អារម្មណ៍ គេ​អាច​ចុះឈ្មោះ​នៅក្នុង​បញ្ជី​ផ្ញើ​សារ (​បញ្ជី​ផ្ញើ​សំបុត្រ​) របស់​សន្និសីទ សូម​ទាក់ទង​បណ្ឌិត បូម​ហ្គា​ត​នើ ដោយផ្ទាល់ តាម​អាស័យដ្ឋាន​សារ​អេ​ឡិច​ត្រូ​និ​ច​៖ ([email protected])​។​

​អ្នកនិពន្ធ គឺជា​អ្នក​កែសម្រួល​ទស្សនា​វ​ដ្តី ការនេសាទ និង​ចិញ្ចឹម​ត្រី​-​បរិស្ថាន នៃ​ព្រឹត្តិប័ត្រ​ស្រាវជ្រាវ និង​ការអភិវឌ្ឍ​ជលផល និង បរិស្ថាន​។ អត្ថបទ​នេះ ត្រូវបាន​ចេញផ្សាយ​ជា​លើកដំបូង​ជា​ភាសា​អង់គ្លេស​ដោយ Terra Daily នៅ​ថ្ងៃទី 25 ខែមករា​។​

​ដើម្បី​ចូល​អាន​គេហទំព័រ​សន្និសីទ​នេះ
សូម​ចុច​ត្រង់នេះ

​ដោយ៖ ភីតធើ ស្តាររ

© រក្សាសិទ្ធិដោយ thmeythmey.com