អន្តរជាតិ
ម៉ាល់ឌីវ៖ តុលាការកំពូលរកវិធីទម្លាក់ប្រធានាធិបតី ព្រោះមិនព្រមដោះលែងអ្នកទោសនយោបាយ ប្រធានាធិបតីម៉ាល់ឌីវ Abdulla Yameen (រូបភាព៖ AFP)
× តុលាការកំពូលម៉ាល់ឌីវ កំពុងស្វែងរកវិធានការ ដើម្បីដកហូតតំណែងប្រធានាធិបតីបច្ចុប្បន្ន ក្រោយពេលដែលលោក មិនគោរពបទបញ្ជា ឲ្យដោះលែងបណ្តាអ្នកនយោបាយបក្សប្រឆាំង កាលពីសប្តាហ៍មុន។ ប៉ុន្តែតំណាងរដ្ឋាភិបាល បានដាក់បញ្ជាឲ្យទីភ្នាក់ងាររដ្ឋទាំងអស់ ជាពិសេសកម្លាំងប្រដាប់អាវុធ មិនបាច់គោរពបទបញ្ជារបស់តុលាការកំពូលឡើយ។
ម៉ាល់ឌីវ កំពុងផុងកាន់តែជ្រៅក្នុងវិបត្តិនយោបាយ ដោយចលនាបាតុកម្មផុសផុលឡើង ដើម្បីទាមទារឲ្យរដ្ឋាភិបាល ដោះលែងអ្នកទោសនយោបាយ តាមការសម្រេចរបស់តុលាការកំពូល។ ប៉ុន្តែរដ្ឋាភិបាល ម៉ាល់ឌីវ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Abdulla Yameen មិនបានខ្វល់ឡើយ ហើយក៏ត្រៀមខ្លួនតតាំងជាមួយតុលាការកំពូលទៀត។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃព្រហស្បតិ៍ តុលាការកំពូលម៉ាល់ឌីវ បានទាត់ចោលបណ្តឹងចោទប្រកាន់ របស់រដ្ឋាភិបាលម៉ាល់ឌីវ លើអ្នកនយោបាយ៩នាក់ ក្នុងនោះមានអតីតប្រធានាធិបតី Mohamed Nasheed ដែលកំពុងនិរទេសខ្លួន នៅអង់គ្លេសផងដែរ។ តុលាការទាមទារឲ្យរដ្ឋាភិបាល ដោះលែងអ្នកនយោបាយទាំងនោះ ហើយក៏បានសម្រេចផ្តល់សិទ្ធិ និងអំណាចឡើងវិញ ដល់តំណាង ១២ នាក់ផ្សេងទៀត ដែលបានប្រកាសចូលរួមជីវភាពនយោបាយ ជាមួយបក្សប្រឆាំងនោះ។
រដ្ឋាភិបាលបច្ចុប្បន្ន បារម្ភខ្លាំងព្រោះកាលណាបើអ្នកនយោបាយ ១២ នាក់ខាងលើ ត្រឡប់ចូលសភាវិញ ក្នុងនាមជាតំណាងរាស្ត្របក្សប្រឆាំង បក្សខ្លួន នឹងបាត់បង់សំឡេងភាគច្រើន និងចាញ់ប្រៀបបក្សប្រឆាំងមិនខាន។
ទាក់ទិនបញ្ហាដកហូតតំណែងប្រធានាធិបតី អគ្គរដ្ឋអាជ្ញាម៉ាល់ឌីវ Mohamed Anil បានអះអាងថា មកដល់ពេលនេះ តុលាការការកំពូល កំពុងស្វែងរកចំណាត់ការ ដើម្បីធើ្វយ៉ាងណា ដកហូតតំណែងប្រធានាធិបតី Yameen ឲ្យបាន ដោយសារលោក មិនគោរពបទបញ្ជារបស់តុលាការកន្លងមកនោះ។
មន្ត្រីជាន់ខ្ពស់តំណាងរដ្ឋាភិបាលរូបនេះ បានបញ្ជាក់ដូច្នេះ៖« យើងបានទទួលដំណឹងថា តុលាការនឹងចេញសេចក្តីសម្រេចដកហូតតំណែងប្រធានាធិបតី ហើយវានឹងនាំឲ្យមានវិបត្តិសន្តិសុខជាតិផង។ ស្ថាប័នរដ្ឋទាំងអស់ បានទទួលដំណឹងនេះ ហើយរាល់ស្ថាប័នរដ្ឋទាំងអស់ មិនមានសមត្ថកិច្ចក្នុងការអនុវត្តអំណាច ដែលមិនមានចែងក្នុងរដ្ឋធម្មនុញ្ញឡើយ»។
លោក Anil បានបន្ថែមថា លោកបានប្រាប់ស្ថាប័នរដ្ឋទាំងអស់ផងដែរថា ក្នុងស្ថានភាពបែបនេះ ទីភ្នាក់ងារអនុវត្តច្បាប់ទាំងអស់ មិនគួរគោរពសេចក្តីសម្រេចរបស់តុលាការ ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញឡើយ។
ចំណែកប្រធានាធិបតី Yameen ឯណោះវិញ បានអះអាងថា លោកត្រៀមខ្លួន ដើម្បីប្រកាសរៀបចំបោះឆ្នោតបោះឆ្នោតឆាប់ៗ មុនពេលអាណត្តិនយោបាយរបស់លោក ចប់នៅក្នុងខែវិច្ឆិកា ដើម្បីផ្តល់សិទ្ធិឲ្យប្រជាពលរដ្ឋម៉ាល់ឌីវ អនុវត្តសិទ្ធិ និងរើសមេដឹកនាំដែលខ្លួនពេញចិត្ត។ លោកបន្ថែមថា លោកមិនរំពឹងសោះ ចំពោះសេចក្តីសម្រេចរបស់តុលាការ ប៉ុន្តែលោកអះអាងថា អាជ្ញាធររបស់លោក ត្រូវធ្វើការងារច្រើនដើម្បីធានាថា ពួកគេអាចអនុវត្តសេចក្តីសម្រេចរបស់តុលាការបាន ដោយមិនបង្កផលប៉ះពាល់ខ្លាំងដល់ប្រទេសជាតិនោះ។
ទាក់ទិនវិបត្តិនយោបាយនេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស រួមជាមួយតំណាងសហរដ្ឋអាមេរិក បាននាំគ្នាអំពាវនាវឲ្យរដ្ឋាភិបាលម៉ាល់ឌីវ ធ្វើយ៉ាងណាគោរពឲ្យបាននូវបញ្ជារបស់តុលាការកំពូល និងស្វែងរកផ្លូវ ដើម្បីបង្កើតដំណោះស្រាយនយោបាយផងដែរ៕
Tag:
ម៉ាល់ឌីវ
Abdulla Yameen
Mohamed Nasheed
© រក្សាសិទ្ធិដោយ thmeythmey.com