អន្តរជាតិ
អាមេរិក​មិន​បារម្ភ​ខ្លាច​បាត់បង់​ទីផ្សារ​លក់​សព្វាវុធ​នៅ​អាស៊ី​ទៅ​មហា​យក្ស​ចិន និង​រុស្ស៊ី​ឡើយ​
05, Feb 2018 , 10:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​ខណៈដែល​ដៃគូ​ប្រជែង​លក់​សព្វាវុធ​មាន​កាន់តែ​ច្រើន​នៅ​អាស៊ី​ជាពិសេស​អាស៊ីអាគ្នេយ៍ មន្ត្រីជាន់ខ្ពស់​ក្រុង​វ៉ាស៊ីនតោន​នៅតែ​អះអាងថា អាមេរិក​មិន​បារម្ភ​រឿង​បាត់បង់​ទីផ្សារ​ឡើយ ព្រោះ​អាវុធ​អាមេរិក​មានគុណ​ភាព​ខ្ពស់​ដាច់​គេ​។ អាមេរិក​នឹង​បន្ត​ជំរុញ​ការលក់​ផលិតផល​យោធា​របស់ខ្លួន​ក្នុង​តំបន់ ហើយ​ស្រប​ជាមួយគ្នា​នោះ​រួមចំណែក​រក្សា​ស្ថិរភាព សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់​ដែរ​។



​លោកស្រី​ឯកអគ្គរដ្ឋទូត និង​ជា​ឧបការី​រង​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ទទួលបន្ទុក​ការិយាល័យ​នយោបាយ និង​យោធា​អាមេរិក Tina Kaidanow អះអាងថា អាមេរិក​មិន​បារម្ភ​ខ្លាច​បាត់បង់​ទីផ្សារ​លក់​សព្វាវុធ​នៅ​តំបន់​អាស៊ី​ឡើយ ទោះ​មាន​មហាអំណាច​ផ្សេងទៀត​ដូចជា​រុស្ស៊ី និង​ចិន​កំពុង​ប្រឹង​ប្រកួតប្រជែង​ក៏ដោយ​។

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​ចន្ទ​ទី ៥ កុម្ភៈ​ពី​ប្រទេស​សិង្ហ​បុរី​លោកស្រី Tina Kaidanow បាន​អះអាង​ដូច្នេះ​ថា​៖« ខ្ញុំ​មិន​គិតថា យើង​នឹង​បាត់បង់​ម៉ូយ​ដោយសារ​ការប្រកួតប្រជែង​ឡើយ​។ ទំនិញ​របស់​យើង​មាន​គុណភាព​ខ្ពស់​ជាងគេ​ក្នុង​វិស័យ​ឧស្សាហកម្ម​យោធា ហើយ​ជាង​អ្នកណាៗ​ទាំងអស់​»​។

​កន្លងមក​គេ​ឃើញ មហាអំណាច​ដូចជា​រុស្ស៊ី និង​ចិន​បាន​ក្លាយជា​អ្នកផ្គត់ផ្គង់​សព្វាវុធ​ថ្មី​សម្រាប់​តំបន់ ដោយ​ផលិតផល​ប្រទេស​ទាំងនោះ​មានតម្លៃ​សមរម្យ និង​មាន​គុណភាព​គ្រាន់បើ​។ មួយវិញទៀត លក្ខខណ្ឌ​នៃ​ការលក់​សព្វាវុធ​របស់​ប្រទេស​ទាំងនេះ​មិនសូវ​ជា​តឹងរ៉ឹង​ដូច​អាមេរិក​ឡើយ​។  ប្រទេស​ក្នុង​តំបន​អាស៊ាន​ដូចជា ឥណ្ឌូណេស៊ី ហ្វីលីពីន និង​ថៃ​ក៏​នាំគ្នារ​ត់ទៅ​ទិញ​អាវុធ​ពី​រុស្ស៊ី និង​ចិន​ដែរ​កន្លងមក​។​

​ដោយឡែក​លោកស្រី​ឯកអគ្គរដ្ឋទូត​អាមេរិក​ខាងលើ​បាន​បន្ថែមទៀតថា ក្នុងពេលដែល​សព្វាវុធ​អាមេរិក​មានគុណ​ភាព​ខ្ពស់​ផុត​គេ​នោះ មន្ត្រី​អាមេរិក​ក៏ត្រូវ​បន្ត​ផ្សព្វផ្សាយ​ទាកទាញ និង បំពេញតម្រូវការ​រប​ស់​អតិថិជន​ដែល​ចង់​ទិញ​សព្វាវុធ​អាមេរិក​ដូចគ្នា​។

​លោកស្រី​បញ្ជាក់​ដូច្នេះ​៖«​ការងារ​របស់ខ្ញុំ​ក៏ត្រូវ​ប្រឹងប្រែង​តាម​ដែល​អាច​ធ្វើបាន​ដើម្បី​ឆើ្ល​យ​តប​នឹង​តម្រូវការ និង​អាច​ប្រកួតប្រជែង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ប៉ុន្តែ​ខ្ញុំ​ដឹងថា អាមេរិក​មិនចាំបាច់​ប្រឹង​ខ្លាំងពេក​ទេ ព្រោះថា​ប្រទេស​ឯទៀត​ពិតជា​ស្គាល់​ច្បាស់​ពី​ផលិតផល​របស់​អាមេរិក​ហើយ​»​។

​តាំងពី​លោក ដូ​ណា​ល់ ត្រាំ ស្បថ​ចូលកាន់​តំណែង​កាលពី​ខែមករា​ឆ្នាំ ២០១៧ រដ្ឋបាល​នេះ​ចាប់ផ្តើម​យុទ្ធនា​ការជំរុញ​ឲ្យ​បណ្តា​មន្ត្រី និង​អ្នកការទូត​ខ្លួន​ជួយ​ផ្សព្វផ្សាយ​បង្កើន​ការលក់​ផលិតផល​យោធា​របស់​អាមេរិក​នៅ​បរទេស​។ ការធ្វើ​បែបនេះ​ក៏​ដើម្បី​ឲ្យ​ស្របតាម​គោលនយោបាយ​របស់លោក ដូ​ណា​ល់ ត្រាំ ដែល​ប្រកា​សកាល​ឃោសនាបោះឆ្នោត​ឆ្នាំ ២០១៦ ដោយមាន​ការបង្កើត​កា​ងារ  និង​លក់​ផលិតផល​អាមេរិក​ឲ្យ​កាន់តែច្រើន​ទៅ​បរទេស​ផង​៕


Tag:
 អាមេរិក​
  អាស៊ី​
  Tina Kaidanow
© រក្សាសិទ្ធិដោយ thmeythmey.com