អន្តរជាតិ
មេ​សិទ្ធិមនុស្ស UN ៖ ការ​ធ្វើទុក្ខបុកម្នេញ​ជ​ន​រ៉ូ​ហ៊ីង​យ៉ា អាច​បង្កជម្លោះ​ក្នុង​តំបន់​
05, Feb 2018 , 5:59 pm        
រូបភាព
ស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Zeid Ra
ស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Zeid Ra'ad Al Hussein (រូបភាព៖ AFP)
ស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Zeid Ra
ស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Zeid Ra'ad Al Hussein (រូបភាព៖ AFP)
​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ស្នងការ​ការពារ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បាន​ព្រមាន​ពី​គ្រោះថ្នាក់​សម្រាប់​តំបន់ ដែល​បង្កឡើង​ដោយ​ការ​ធ្វើទុក្ខបុកម្នេញ​ជន​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម និង​ការ​បោសសម្អាត​ពូជសាសន៍ លើ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ទំនងជា​មូលហេតុ​ដែល​នាំ​ឲ្យ​វិបត្តិ​មួយ​នេះ រាលដាល​ពេញ​តំបន់ ខណៈដែល​លំហូរ​ជនភៀសខ្លួន​រាប់សែន​នាក់ និង​ការជួញដូរ​មនុស្ស​ខុសច្បាប់ កំពុង​អុកឡុក​ស្ថិរភាព​តំបន់​ខ្លាំង​ស្រាប់​។



«​មី​យ៉ាន់​ម៉ា​ជួប​បញ្ហា​ដ៏​ធ្ងន់ធ្ងរ ដែល​អាច​ប៉ះពាល់​ខ្លាំង​ដល់​សន្តិសុខ​តំបន់​។​» នេះ​ជាស​ម្ដី​ព្រមាន​របស់លោក Zeid Ra'ad Al Hussein ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​សិទ្ធិមនុស្ស​។ លោក​ព្រមាន​បែបនេះ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​នៅ​ប្រទេស​បងធំ​របស​អាស៊ាន គឺ​ឥណ្ឌូណេស៊ី ដែល​កន្លងមក​ក៏បាន​ចេញមុខ​ច្រើន ជួយ​ដោះស្រាយ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា តាមរយៈ​ការផ្ដល់​ជំនួយ​ដល់​ជនភៀសខ្លួន នៅ​បង់​ក្លា​ដែ​ស​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Zeid បាន​ព្រមាន​ពី​ការ​រាលដាល​វិបត្តិ​មនុស្សធម៌​នេះ គឺ​បន្ទាប់ពី​ការចេញផ្សាយ​របាយការណ៍ ស្ដីពី​រណ្ដៅ​សាកសព​រួម​របស់​ជន​ជាតិ​រ៉ូ​ហ៊ីង​យ៉ា នៅក្នុង​រដ្ឋ Rakhine កាលពី​សប្ដាហ៍​មុន​។ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោ បាន​ទាត់ចោល​របាយការណ៍​នេះ ក៏ដូចជា​ការចោទប្រកាន់​លើ​ករណី​រំលោភបំពាន​សិទ្ធិមនុស្ស​ផង ហើយក៏​បាន​បើក​ការស៊ើបអង្កេត​មួយ​ខ្លួនឯង ជុំវិញ​ការបង្ក្រាប​ក្រុម​ឧទ្ទាម​។​

​ពី​រដ្ឋធានី​ហ្សា​ការ​តា លោក Zeid លើកឡើងថា មី​យ៉ាន់​ម៉ា​បាន​រីករាយ​នឹង​កំណើនសេដ្ឋកិច្ច​របស់ខ្លួន ដែល​រួមបញ្ចូល​បាន​ផ្ដោតលើ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច នៅ​រដ្ឋ Rakhine ប៉ុន្តែ​ការលូតលាស់​នេះ មិនអាច​លាក់បាំង​ការរើសអើង​ជា​ប្រព័ន្ធ លើ​ជនជាតិភាគតិច​ឡើយ​។ ប្រមុខ​ស្ថាប័ន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ចង់​សំដៅ​ដល់​ការរើសអើង​លើ​សហគមន៍​រ៉ូ​ហ៊ីង​យ៉ា ដែល​មី​យ៉ាន់​ម៉ា មិន​ចាត់ទុកជា​ជនភាគតិច​មួយ​របស់​ខ្លួន ហើយ​ថែមទាំង​ជួប​ការ​ធ្វើទុក្ខបុកម្នេញ​ទៅទៀត​។​

​មកទល់ពេលនេះ ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជិត​៧​សែន​នាក់ កំពុង​រស់នៅក្នុង​ជំរំ​ភៀសខ្លួន​នានា ក្នុង​ទឹកដី​បង់​ក្លា​ដែ​ស ខណៈដែល​ប្រតិបត្តិការ​ដ៏​ហិង្សា របស់​យោធា​មី​យ៉ាន់​ម៉ា នៅតែ​បន្ត នៅឯ​រដ្ឋ​ភាគ​ខាងជើង​។ ជាមួយនឹង​ការរង​ការចោទប្រកាន់​ជាច្រើន​នោះ រដ្ឋាភិបាល​ទីប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី បាន​បដិសេធ ទទួល​ក្រុម​ស៊ើបអង្កេត​អន្តរជាតិ ហើយ​ថែមទាំង​មិន​ផ្ដល់​ទិដ្ឋាការ ឲ្យ​អ្នករាយការណ៍​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ទៀតផង​។

​សម្រាប់​លោក Zeid វិញ វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា នឹង​ជា​ប្រធានបទ​សំខាន់ ក្នុង​ទស្សនកិច្ច​នៅ​ឥណ្ឌូណេស៊ី​ពេលនេះ ហើយ​លោក​ក៏​គ្រោង​ជួប​ជាមួយ​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ផងដែរ​។ ឯ​លោក វី​ដូ​ដូ ក៏​ទើបតែ​ត្រឡប់​ពី​ទស្សនកិច្ច​នៅ​បង់​ក្លា​ដែ​ស​ដែរ ដោយ​លោក​បាន​ទៅដល់​ជំរំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​។ ឥណ្ឌូណេស៊ី បានផ្ដល់​ជំនួយ​ជាច្រើន ទៅ​ឲ្យ​បង់​ក្លា​ដែ​ស ដែល​ប្រកាស​សុំ​ជំនួយ​បន្ទាន់ ដើម្បី​ចែកចាយ​បន្តទៅ​ជនភៀសខ្លួន​៕


Tag:
 UN
  មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com