រថយន្ត
អន្តរជាតិ
អាល្លឺម៉ង់​ផ្តល់ជំនួយ​រថយន្ត Mercedes-Benz ១២៦​គ្រឿង ទៅ​រដ្ឋាភិបាល​ហ្ស៊​កដា​នី​
05, Feb 2018 , 7:59 pm        
រូបភាព
ដោយ: ធីតា
​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​កាលពី​ចុងខែ​មករា កន្លងមក តាមរយៈ​លោកស្រី Ursula von der Leyen រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានប្រគល់​រថយន្ត Mercedes-Benz ចំនួន​១២៦​គ្រឿង​ទៅ​រាជាណាចក្រ​ហ្ស៊​កដា​នី នៅ​ទីក្រុង Amman​។ រថយន្ត​ទាំងនេះ ជា​ជំនួយ​របស់​ក្រុង​ប៊ែ​រ​ឡាំង ដើម្បី​ដឹក​បុគ្គលិក​រក្សា​សន្តិសុខ និង​ក្រុម​ជនអន្តោប្រវេសន៍​។​



​រថយន្ត​ប្រភេទ​មី​នី​បឹ​ស Sprinter Transfer ចំនួន​៥៦​គ្រឿង រថយន្ត Zetros 2733 A 6x6 ចំនួន​២០​គ្រឿង និង​រថយន្ត Zetros 1833 A 4x4 ចំនួន​៥០​គ្រឿង ត្រូវ​ប្រើប្រាស់​ជា​មធ្យោបាយ​ធ្វើដំណើរ​សម្រាប់​កងកម្លាំង​សន្តិសុខ និង​ជនរងគ្រោះ​ដោយសារ​សង្គ្រាម​ដ៏​រាំ​រ៉ាំ​នៅតាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ហ្ស៊​កដា​នី​។​

​យោងតាម​ការផ្សាយ​រប​ស់ Fox Business នេះ​ជា​កញ្ចប់​ជំនួយ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ សម្រាប់​រដ្ឋាភិបាល​ហ្ស៊​កដា​នី តាមរយៈ​ក្រុមហ៊ុន Daimler AG (DAI.XE) ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត Mercedes​។ Daimler បានបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ថា​៖ «​ជំនួយ​នេះ ជា​ផ្នែក​នៃ​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​សហព័ន្ធ​អាល្លឺម៉ង់ ក្នុងការ​គាំទ្រ​រដ្ឋ ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​»​។​

​របាយការណ៍​ក៏បាន​បង្ហាញ​ផងដែរ ក្រសួងការពារជាតិ​អាល្លឺម៉ង់​ចំណាយ​ក្នុង​រង្វង់​១៨​លាន​អឺរ៉ូ (២២​លាន​ដុល្លារ​អាមេរិក​) សម្រាប់​ជំនួយ​ជា​កញ្ចប់​នេះ​។ បន្ថែម​ពីលើ​នេះ អាល្លឺម៉ង់​ក៏​ផ្តល់​ការបណ្តុះ​បណ្តាញ​ជំនាញ​បន្ថែម​ដល់​កង​អាកាសយាន​និក និង​សេវាកម្ម​ហ្វឹកហ្វឺន​ផ្សេងទៀត​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com