កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិបមួយនៅលីទុយអានីទិញកីឡាករដោយផ្អែកលើ Wikipedia តែ...
× រឿងរ៉ាវគួរឲ្យហួសចិត្តមួយ បានកើតឡើងលើក្លិបកីឡាបាល់ទាត់មួយក្នុងប្រទេសលីទុយអានី ដែលបានប្រកាស់ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្លាបម្នាក់ទៅរួមក្រុមដោយពឹងផ្អែកព័ត៌មានទាក់ទងជាមួយកីឡាកររូបនោះតែលើវេបសាយ Wikipedia ប៉ុណ្ណោះ។ ក្នុង Wikipedia កីឡាកររូបនោះ មានបទពិសោធន៍យ៉ាងជោគជាំនៅក្លិប Queens Park Rangers ប៉ុន្តែក្លិបបានបដិសេធ។
សារព័ត៌មាន Independent បានផ្សាយថា ក្លិប FK Panevezys ស្ថិតក្នុងលីកលំដាប់កំពូលរបស់លីទុយអានី Turnyro Lentele បានទិញចូលកីឡាករមួយរូបឈ្មោះ Barkley Miguel-Panzo ដោយបានប្រកាសនៅលើគេហទំព័រផ្លូវការក្លិបថា៖«កីឡាករដែលកើតនៅទីក្រុងប៉ារីសបានចាប់ផ្តើមអាជីពរបស់គាត់នៅក្នុងក្លិប Queens Park Rangers (QPR) របស់ចក្រភពអង់គ្លេស។ នៅរដូវកាល ២០១០ រហូតដល់ ២០១២ កីឡាករ B. Panzo បង្ហាញខ្លួនឲ្យ QPR នៃក្របខណ្ឌ Championship បាន ៣៦ប្រកួត និងស៊ុតបញ្ចូលទី ២៤គ្រាប់»។
នៅក្នុងព័ត៌មានខាងលើអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺចំនួនគ្រាប់ស៊ុតបញ្ចូលទីរហូតដល់ ២៤គ្រាប់ក្នុង ៣៦ប្រកួត ដែលគិតជាមធ្យម ០.៦៦ គ្រាប់ក្នុងមួយប្រកួតរបស់ Barkley Miguel-Panzo ប៉ុន្តែបែរជា QPR បដិសេធថាខ្លួនមិនដែលមានកីឡាកររូបនេះលេងឲ្យពួកគេទៅវិញ។
បើតាមការបញ្ជាក់របស់ Transfermarkt.co.uk កីឡាករ Miguel-Panzo ធ្លាប់លេងឲ្យក្រុម Woking មុនផ្លាស់ទៅក្លិបនៅបារាំង និងចុងក្រោយលេងឲ្យក្រុម Syrianska FC នៃក្របខណ្ឌទី៣ របស់ស៊ុយអែត។ ប្រភពខាងលើបន្ថែមថា Panzo មានអាយុ ២៥ឆ្នាំ កើតនៅទីក្រុងប៉ារីសហើយគាត់មានសញ្ជាតិអង់ហ្គោឡា។
យ៉ាងណាក៏ដោយ ជុំវិញរឿងរ៉ាវខាងលើទាំង Miguel-Panzo និងក្លិប FK Panevezys នៅមិនទាន់ឆ្លើយតបទៅនឹងសមាគមសារពត៌មាននៅឡើយទេ៕
Tag:
បាល់ទាត់
FK Panevezys
Barkley Miguel-Panzo
Wikipedia
© រក្សាសិទ្ធិដោយ thmeythmey.com