អន្តរជាតិ
ត្រាំ ថាសមាជិកសភាដែលមិនទះដៃពេលលោកថ្លែងសុន្ទរកថា សុទ្ធតែមិនស្រលាញ់ប្រទេសជាតិ លោក ដូណាល់ ត្រាំ កំពុងថ្លែងក្នុងសភា (រូបភាព៖ AFP)
× ប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃទី៥ ខែមករា បានរិះគន់អ្នកនយោបាយមកពីបក្សប្រជាធិបតេយ្យដែលអង្គុយស្ងៀមមិនទះដៃអអបអរ ពេលលោកនិយាយពីសមិទ្ធផលរបស់រដ្ឋាភិបាលនាឱកាសថ្លែងសុន្ទរកថាប្រចាំឆ្នាំនៅសភាកាលពីសប្ដាហ៍មុន។ លោក ត្រាំ ចាត់ទុកទង្វើសមាជិកបក្សប្រជាធិបតេយ្យ ជាការមិនស្រឡាញ់ប្រទេសជាតិ ហើយអាចក្លាយជាទោសក្បត់ជាតិ។ ប៉ុន្តែបក្សប្រជាធិបតេយ្យបានរិះគន់ការលើកឡើងបែបនេះវិញ ហើយថា លោក ត្រាំ មិនយល់អ្វីជាទោសក្បត់ជាតិផង។
ត្រឡប់ទៅការថ្លែងសុន្ទរកថាចំពោះមុខសភា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរៀបរាប់ពីសមិទ្ធផលដែលរដ្ឋាភិបាលលោកសម្រេចបានក្នុងពេលមួយឆ្នាំ និងនយោបាយអាមេរិកក្នុងឆ្នាំខាងមុខ។ សមាជិករដ្ឋសភា និងព្រឹទ្ធសភាមកពីបក្សសាធារណរដ្ឋ និងអ្នកចូលរួមផ្សេងទៀត បានងើបឈរទះដៃអបអរសាទរ ពេលលោក ត្រាំ និយាយម្ដងៗ។ ប៉ុន្តែក្រុមអ្នកយោបាយបក្សប្រជាធិបតេយ្យវិញ មិនសូវរីករាយឡើយ ហើយក៏មិនធ្វើសកម្មភាពដូចបក្សសាធារណរដ្ឋដែរ។
លោក ត្រាំ ហាក់អន់ចិត្តខ្លាំងចំពោះទង្វើរបស់សមាជិកសភាទាំងពីរជាន់នៃបក្សប្រជាធិបតេយ្យ។ លោកបានរិះគន់បក្សនេះក្នុងការថ្លែងសុន្ទរកថាមួយនៅថ្ងៃទី៥ ខែមករា នៅឯរដ្ឋ Ohio ហើយថែមទាំងឆ្ងល់ថាហេតុអ្វីពួកគេមិនអបអរជោគជ័យរបស់អាមេរិកក្រោមការគ្រប់គ្រងរបស់លោក។ បើតាមសារព័ត៌មានអាមេរិក USA Today លោក ត្រាំ ក៏សន្យាដាក់វិន័យអ្នកនយោបាយបក្សនេះក្នុងការបោះឆ្នោតសភាក្នុងខែវិច្ឆិកាខាងមុខ។
ពីទីក្រុង Cincinnati ប្រធានាធិបតីបក្សសាធារណរដ្ឋរូបនេះបានប្រដូចអាកប្បកិរិយានឹងថ្កល់របស់សមាជិកបក្សប្រជាធិបតេយ្យ ទៅនឹងមនុស្សស្លាប់ និងមិនមែនជាទង្វើពលរដ្ឋអាមេរិកឡើយ។ លោក ត្រាំ បានរំឭកសុន្ទរកថាស្ដីពីការថយចុះអត្រាអត់ការងាររបស់ប្រជាជនអាមេរិក ដែលសមាជិកបក្សសាធារណរដ្ឋអបអរ តែបក្សប្រជាធិបតេយ្យនៅស្ងៀមទៅវិញ។ លោកថា បក្សប្រជាធិបតេយ្យចង់ឃើញលោកធ្វើការមិនល្អ ជាងចង់ឃើញប្រទេសរីកចម្រើន។
បើតាមលោក ត្រាំ សកម្មភាពរបស់សមាជិកសភាបក្សប្រជាធិបតេយ្យ អាចចាត់ទុកជាទោសក្បត់ជាតិ ដ្បិតលោកយល់ថា ពួកគេមិនស្រឡាញ់ប្រទេសខ្លួនឯងឡើយ។ ភ្លាមៗក្រោយការលើកឡើងរបស់លោក ត្រាំ សមាជិកបក្សប្រជាធិបតេយ្យក៏រិះគន់តបវិញ ដោយហៅសម្ដីលោក ត្រាំ ជាការបំពានសិទ្ធិបញ្ចេញមតិ និងចោទលោកថា ចង់ធ្វើដូចជនផ្ដាច់ការទៅទៀត។ លោក David Pepper ប្រធានបក្សប្រជាធិបតេយ្យរដ្ឋ Ohio និយាយថា លោក ត្រាំ ធ្វើដូចប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ។
សមាជិកសភាបក្សប្រជាធិបតេយ្យលោក Don Beyer ក៏បានវាយបកទៅសម្ដីគំរាមរបស់លោក ត្រាំ ដែលថា បក្សប្រជាធិបតេយ្យអាចមានទោសក្បត់ជាតិនោះ។ សមាជិកសភារូបនេះអះអាងថា លោក ត្រាំ មិនយល់អ្វីទៅជារឿងក្បត់ជាតិ និងបានប្រាប់ឲ្យប្រធានាធិបតីរូបនេះអានរដ្ឋធម្មនុញ្ញអាមេរិកឡើងវិញ ត្រង់មាត្រា៣ ដែលចែងពីការព្រួយបារម្ភរបស់ស្ថាបនិកបង្កើតអាមេរិកជុំវិញការសងសឹកផ្នែកនយោបាយ៕
Tag:
អាមេរិក
ដូណាល់ ត្រាំ
គណបក្សប្រជាធិបតេយ្យ
© រក្សាសិទ្ធិដោយ thmeythmey.com