អន្តរជាតិ
លោក Mike Pence គ្រោង​ទប់ទល់​នឹង​ភាព​គឃ្លើន​របស់​កូរ៉េខាងជើង​នៅឯ​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងា​
06, Feb 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក Mike Pence ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ទៅ​តំបន់​អាស៊ី​ឦសាន ដើម្បី​ពង្រីក​កេរ្តិ៍ឈ្មោះ​របស់លោក​។ នៅក្នុង​ឆ្នាំនេះ​លោក​មាន​គម្រោង​ទៅ​ទស្សនកិច្ច​ឲ្យ​បាន​១០​ប្រទេស និង​ដើម្បី​ទប់ទល់​ជាមួយនឹង​ភាព​គឃ្លើន​របស់​កូរ៉េខាងជើង​នៅឯ​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ដែល​ធ្វើឡើង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​។​



​មន្ត្រី​សេត​វិមាន​ម្នា​ក់បាន​ប្រាប់​ក្រុម​អ្នក​សារពត៌មាន​នៅមុន​ដំណើរ​ទស្សនកិច្ច​របស់​លោក Pence កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋអាមេរិក​មិន​ចង់​ឲ្យ​របប​ដឹកនាំ​កូរ៉េខាងជើង លួច​យកសារ​ដើម្បី​ធ្វើការ​ឃោសនា​របស់​ពួកគេ​នោះទេ​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​អនុ​ប្រធានាធិបតី​នៅក្នុង​ទីក្រុង​តូ​ក្យូ និង​ទីក្រុង​សេ​អ៊ូ​ល​នៅ​សប្តាហ៍​នេះ លោក Pence នឹង​ពង្រីក​នូវ​អ្វីដែល​រដ្ឋបាល​សហរដ្ឋ​អាមេរិក ហៅថា​ជា​យុទ្ធនា​ការដាក់​សម្ពាធ​អតិបរិមា​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​បោះបង់ចោល​កម្មវិធី​នុយក្លេអ៊ែរ និង​កាំ​ជ្រួញ​ផ្លោង​ឆ្លង​ទ្វីប​របស់ខ្លួន​។​

​ទស្សនកិច្ច​នេះ​ធ្វើឡើង​នៅ​ស្របពេល​មានការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ និង​មាន​សេចក្តីរាយការណ៍​ពី​ការមិន​ព្រមព្រៀងគ្នា​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ី​តោន និង​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល អំពី​វិធា​ការណ៍​ទប់ទល់​និង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​មន្ត្រី​សហរដ្ឋអាមេរិក​បាន​ថ្លែងថា «​យើង​បានឃើញ​ពី​ការវាយលុក​យ៉ាង​គឃ្លើន​របស់​កូរ៉េខាងជើង​កាលពីពេល​កន្លងមក ហើយ​ពួកគេ​មិនបាន​ធ្វើ​អ្វី​ដើម្បី​បញ្ជាក់​ពី​ការបោះបង់ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ពួកគេ​នោះទេ​»​។​

​បន្ទាប់ពី​លោក Pence ស្តាប់​បទ​បង្ហាញ​អំពី​ប្រព័ន្ធ​ការពារ​កាំ​ជ្រួញ​ម៉ី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប​នៅឯ​មូលដ្ឋាន​ទ័ពអាកាស​នៅក្នុង​រដ្ឋ​អា​ឡា​ស្កា នៅ​អំឡុង​ការឈប់​សំចត​របស់លោក​រួចមក លោក​នឹង​បន្តដំណើរ​របស់លោក​ទៅកាន់​ប្រទេស​ជប៉ុន​។​

​លោក Pence នឹង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​លោក នៅក្នុង​ទីក្រុង​តូ​ក្យូ​នៅ​ថ្ងៃ​ពុធ លោក​នឹង​ជួបប្រជុំ​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​ជប៉ុន និង​បន្ទាប់​មកជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe នៅក្នុង​កម្មវិធី​ស្វាគមន៍​អាហារ​ពេល​ល្ងាច​សម្រាប់​លោក​អនុ​ប្រធានាធិបតី Pence​។ ភាគី​ទាំងពីរ​នឹងធ្វើ​សេចក្តីថ្លែងការណ៍​ទៅកាន់​អ្នក​សារពត៌មាន​នៅពេលនោះ​ផងដែរ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com