អន្តរជាតិ
សិង្ហបុរីស្នើបង្កើតបណ្ដាញទីក្រុងឆ្លាតអាស៊ាន ដើម្បជំរុញឱកាសរកស៊ីនិងការពារបរិស្ថាន
× បុរីរដ្ឋសិង្ហបុរី ដែលជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០១៨ នឹងលើកសំណើបង្កើតបណ្ដាញទីក្រុងឆ្លាតអាស៊ាន ក្នុងគោលដៅលើកម្ពស់បរិស្ថានរស់នៅក្នុងទីក្រុង និងជំរុញឱកាសរកស៊ីសម្រាប់តំបន់អាស៊ីអាគ្នេយ៍។ សំណើនេះនឹងត្រូវលើកឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី៦ ខែកុម្ភៈ ដែលសិង្ហបុរីធ្វើជាម្ចាស់ផ្ទះ។ គម្រោងរបស់សិង្ហបុរីរំពឹងថា នឹងលេចជារូបរាងក្នុងខែមេសា មុននឹងដំណើការផ្លូវការនៅខែវិច្ឆិកា។
គម្រោងបង្កើតបណ្ដាញទីក្រុងឆ្លាតអាស៊ាន គឺជាគំនិតផ្ដួចផ្ដើមមួយរបស់សិង្ហបុរីក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០១៨ ក្រោមមូលបទ «ភាពរឹងមាំនិងគំនិតច្នៃប្រឌិតថ្មី»។ គម្រោងនេះត្រូវបានពិភាក្សាដោយរដ្ឋមន្ត្រីការបរទេសទាំងដប់របស់អាស៊ានក្នុងពិធីជប់លៀងអាហារពេលល្ងាចនៅថ្ងៃទី៥ ខែកុម្ភៈ រៀបចំដោយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី វីវៀន បាឡាគ្រីស្នាន (Vivian Balakrishnan) មុនអនុម័តយល់ព្រមក្នុងកិច្ចប្រជុំចង្អៀតនៅថ្ងៃទី៦ ខែកុម្ភៈនេះ។
នៅក្នុងឯកសារព្រាងសម្រាប់កិច្ចប្រជុំនេះ កំណើនសេដ្ឋកិច្ចរដ្ឋសមាជិកអាស៊ានទាំងអស់នាពេលកន្លងមក និងនៅពេលអនាគត ត្រូវបានជំរុញដោយការរីកចម្រើនផ្នែកនគរូបនីយកម្ម ដោយប្រជាជនច្រើនជាង៩០លាននាក់ នឹងក្លាយជាអ្នកក្រុងនៅត្រឹមឆ្នាំ២០៣០។ ឯកសារដដែលនេះបន្តថា បណ្ដាទីក្រុងមធ្យមដែលមានប្រជាជនចន្លោះពីរសែននាក់ទៅពីរលាននាក់ ក៏ជួយជំរុញកំណើនសេដ្ឋកិច្ចតំបន់ដល់ទៅ៤០ភាគរយ។
យ៉ាងណាក្ដី ការរីកចម្រើនផ្នែកនគរូបនីយកម្មនៅតាមប្រទេសអាស៊ាន ក៏ជួបបញ្ហាជាច្រើនតួយ៉ាង ការកកស្ទះចរាចរណ៍ ការថយចុះគុណភាពទឹក និងខ្យល់ ភាពក្រីក្រ ការកើនឡើងអសមធម៌ ការបែងចែករវាងទីក្រុង និងជនបទ ព្រមទាំងសុវត្ថិភាព និងសន្តិសុខប្រជាជនផង។ នេះបើតាមឯកសារដដែល ដែលបន្តថា បណ្ដាញទីក្រុងអាស៊ាន នឹងក្លាយជាវេទិការួមគ្នាមួយដែលទីក្រុងបីមកពីរដ្ឋសមាជិកអាស៊ាននីមួយៗ នឹងសហការគ្នាដើម្បីសម្រេចគោលដៅការអភិវឌ្ឍប្រកបដោយចីរភាព និងឆ្លាត។
បើតាមឯកសារដែលដាក់ឲ្យរដ្ឋមន្ត្រីការបរទេសទាំង១០ អនុម័តនោះ ការអភិវឌ្ឍទីក្រុងឆ្លាតនឹងផ្ដោតលើវិស័យជាច្រើនដូចជាការដឹកជញ្ជូន គុណភាពទឹក សុខភាព ថាមពល ការអប់រំ សេវាសាធារណៈ ព័ត៌មាន ទិន្នន័យ និងបច្ចេកវិទ្យាគមនាគមន៍។ ដោយសារតែអាទិភាពអភិវឌ្ឍទីក្រុងនីមួយៗមិនដូចគ្នា គម្រោងនេះនឹងអនុញ្ញាតឲ្យទីក្រុងសមាជិកទាំងអស់ ផ្ដោតលើវិស័យចាំបាច់របស់ខ្លួនឲ្យស្របតាមបរិបទក្នុងស្រុក។
ទីភ្នាកងារព័ត៌មាន Kyodo ផ្សាយថា គម្រោងនឹងត្រូវបញ្ជូនទៅឲ្យមេដឹកនាំសមាជិកអាស៊ានទាំងដប់អនុម័តក្នុងកិច្ចកំពូលអាស៊ានក្នុងខែមេសាខាងមុខ ហើយការអនុវត្តគម្រោងនឹងចាប់ផ្ដើមនៅកិច្ចប្រជុំក្នុងខែវិច្ឆិ្កកា។ បន្ទាប់ពីនេះ រដ្ឋសមាជិកទាំងអស់នឹងអនុវត្តផែនការជាក់លាក់របស់ខ្លួនទៅតាមការងារអាទិភាពចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥៕
© រក្សាសិទ្ធិដោយ thmeythmey.com