អន្តរជាតិ
ស្នេហ៍​គម្លាត​វ័យ​១៥​ឆ្នាំ កូនក្រមុំ​ជា​អ្នក​ជូន​បណ្ណាការ​ជិត​៨​សែន​ដុល្លារ​ទៅ​គ្រួសារ​កូនកំលោះ​
06, Feb 2018 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ចិន​៖ បុរស​ចំណាស់​ការ​ជាមួយ​នារី​ក្មេង​គឺជា​ព័ត៌មាន​ធម្មតា​។ ប៉ុន្តែ​បណ្តាញ​សង្គម Weibo របស់​ចិន កាលពីពេល​ថ្មីៗ​កន្លងមកនេះ មានការ​ពិភាក្សា​យ៉ាង​ក្តៅគគុក​លើ​ប្រធានបទ​ស្ត្រី​អ្នកមាន​វ័យ​៣៨​ឆ្នាំ រៀបការ​ជាមួយ​យុវជន​អាយុ​២៣​ឆ្នាំ​។ សារព័ត៌មាន Apple Daily បាន​រាយការណ៍​ថា កូនក្រមុំ បាន​ជូន​កាដូ និង​បណ្ណាការ​ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ​៨​សែន​ដុល្លារ​អាមេរិក​។



​ស្នេហា​ខុស​វ័យ​រហូតដល់​ទៅ​១៥​ឆ្នាំ មានការ​ជំទាស់​យ៉ាងខ្លាំង​ពី​សំណាក់​ឪពុកម្តាយ​ខាង​ប្រុស​។ ម្តាយ​ខាង​កូនកំលោះ​មាន​អាយុ​លើស​ខាង​ស្រី​តែ​១​ឆ្នាំ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ទីបំផុត ពិធី​អាពាហ៍ពិពាហ៍​យ៉ាង​អធិកអធម បាន​កើតឡើង​កាលពី​ថ្ងៃទី​១០ ខែមករា នៅ​ក្រុង Qionghai ខេត្ត Hainan ប្រទេស​ចិន​។​

​កាសែត Apple Daily បាន​ផ្សាយ​ឲ្យ​ដឹងថា គូស្នេហ៍​ដែល​មិន​ត្រូវបាន​បង្ហើប​ឈ្មោះ​នោះ ភ្លាត់ស្នៀត​មានកូន​ជាមួយគ្នា​។ ដើម្បី​ទទួលបាន​ពរជ័យ​ពី​មេបា​ខាង​ប្រុស ស្ត្រី​មេម៉ាយ​ដែលមាន​អាយុ​៣៨​ឆ្នាំ និង​ជា​សេដ្ឋិនី​ខាង​អចលនទ្រព្យ​ផងដែរ​នោះ សុខចិត្ត​រ៉ាប់រង​រាល់​ការចំណាយ​ទាំងអស់ រួមទាំង​ជូន​បណ្ណាការ​ជាទី​គាប់ចិត្ត​ដល់​ឪពុក​ម្តាយក្មេក​។ 

​ចំណងដៃ​ជា​សាច់ប្រាក់​ចំនួន​៦៦០ ០០០​យន់ (១០៤ ២៧៣​ដុល្លារ​អាមេរិក​) ផ្ទះ និង​ដី​ឡូ​តិ៍ រួមទាំង​រថយន្ត Ferrari មួយគ្រឿង ដែលមាន​តម្លៃ​សរុប ៥​លាន​យន់ (​ជិត​៨​សែន​ដុល្លារ​អាមេរិក​) ជាការ​ចំណាយ​ទាំងស្រុង​របស់​កូនក្រមុំ ដែលមាន​កូន​អាយុ​១៤​ឆ្នាំ ជាមួយ​ស្វាមី​មុន​។​

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម Weibo បាន​បញ្ចេញមតិ​សឹងតែ​ដូចជា​គ្នា​លើ​ករណី​អាពាហ៍ពិពាហ៍​នេះ​។ ពួកគេ​យល់ថា កូនកំលោះ​ដ៏​សង្ហា​ដែលមាន​អាយុ​២៣​ឆ្នាំ​នោះ មិនមាន​ក្តី​ស្នេហ៍​ពិតប្រាកដ​នោះឡើយ ពោលគឺ​មើលឃើញ​លុយ​ភរិយា​ច្រើនជាង​។​

​ទោះបីជា​យ៉ាងណាក៏ដោយ មនុស្ស​មួយចំនួន​នៅតែ​ផ្ញើរ​ជូនពរ​ដល់​គូ​ស្វាមី​ថ្មីថ្មោង ដោយ​ពួកគេ​រង់ចាំ​មើល​ដំណើរ​ទៅមុខ​របស់​អ្នក​ទាំងពីរ​៕




Tag:
 អាពាហ៍ពិពាហ៍​
© រក្សាសិទ្ធិដោយ thmeythmey.com