អន្តរជាតិ
វិបត្តិ​ម៉ា​ល់​ឌី​វ​៖ ព្រោះ​ខ្លាច​បាត់​អំណាច ប្រធានាធិបតី​ម៉ា​ល់​ឌី​វ ចាប់ខ្លួន​ចៅក្រម និង​បង្ក្រាប​បក្សប្រឆាំង
06, Feb 2018 , 9:39 pm        
រូបភាព
រូបភាព៖ SFGATE
រូបភាព៖ SFGATE
​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ Abdulla Yameen បានប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​រយៈពេល ១៥​ថ្ងៃ​ទាំង​កណ្តាលយប់​ថ្ងៃ​ចន្ទ​ទី ៥ ខែមករា ដោយ​មិនមាន​ហេតុផល​ច្បាស់លាស់​ឡើយ​។ ប៉ុន្តែ​គេ​ដឹង​ច្បាស់​ថា វា​ជា​វិធានការ​មួយ​ប្រឆាំងនឹង​តុលាការ​កំពូល​ដែល​ចង់​ដកហូត​តំណែង​លោក​ព្រោះ​លោក​មិន​ព្រម​ដោះលែង​អ្នកទោសនយោបាយ​។  បន្ទាប់​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​ហើយ ប្រមុខរដ្ឋ​ម៉ា​ល់​ឌី​វ​បាន​បញ្ជា​ឲ្យ​គេ​បោសសម្អាត​អ្នកប្រឆាំង​ដោយ​ចាប់ខ្លួន​ចៅ​ក្រុម​តុលាការ​កំពូល និង​អតីត​ប្រធានាធិបតី​ដែលជា​បង​ប្អួ​ន​ខ្លួន និង​គាំទ្រ​គណបក្សប្រឆាំង​ដែរ​។​



​វិបត្តិ​នយោបាយ​ប្រទេស​កោះ​ដ៏​តូច​មួយ​កណ្តាល​មហាសមុទ្រ​ឥណ្ឌា ម៉ា​ល់​ឌី​វ វិ​វត្ត​ទៅរក​ភាព​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ចន្ទ​ទី ៥ ខែកុម្ភៈ ដោយ​ប្រធានាធិបតី Abdulla Yameen ចេញ​ក្រឹត្យ​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន រយៈពេល ១៥ ថ្ងៃ​។ បន្ទាប់ពី​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​ហើយ រដ្ឋាភិបាល​របស់លោក ចាប់ផ្តើម​បង្ក្រាប​រាល់​ក្រុម​អ្នកប្រឆាំង​រដ្ឋាភិបាល​លោក​រួមទាំង​ចៅក្រម​តុលាការ​កំពូល និង​អ្នកនយោបាយ​ដែល​ចូលរួម​ជាមួយ​គណបក្ស​ប្រឆាំង​ដើម្បី​ត្រៀម​ទម្លាក់​លោក​ពី​តំណែង​ផង​។ Yameen ត្រូវបាន​គេ​រិះគន់ និង​ចាត់ទុកជា​អ្នកនយោបាយ​ពុករលួយ ប្រើប្រាស់​អំណាច​ខុស​គោលដៅ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ផងដែរ​។​

១.​ចាប់ខ្លួន​ចៅក្រម​តុលាការ​កំពូល​

​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ Abdulla Yameen  មិនបាន​គោរព​សាលដីកា​របស់​តុលាការ​កំពូល​ដែល​បញ្ជា​ឲ្យ​ដោះលែង​អ្នកនយោបាយ​បក្សប្រឆាំង ប្រាំ​បួនរូប​ឡើយ​។ ផ្ទុយទៅវិញ​រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​អះអាងថា តុលាការ​កំពូល​បានរៀបចំ​វិធានការ​ដើម្បី​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង ខណៈដែល​លោក Yameen នឹង​បញ្ចប់​អាណត្តិ​របស់ខ្លួន​នៅក្នុង​ខែវិច្ឆិកា​ខាងមុខ​។

​ដើម្បី​កម្ចាត់​គូប​ដិ​បក្ស​ដែល​កាន់អំណាច​តុលាការ​ដែល​ជា​អំណាច​ឯករាជ្យ​នោះ លោក Yameen ប្រើ​លេស​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន ហើយ​បញ្ជា​ឲ្យ​ប៉ូលិស​ចូលចាប់​ខ្លួន​ប្រធាន​ចៅក្រម​តុលាការ​កំពូល​តែម្តង​។ លោក Abdulla Saeed ប្រធាន​តុលាការ និង​ចៅ​ក្រុម​ម្នាក់ទៀត​គឺ​លោក Ali Hameed  ពីរ ត្រូវបាន​គេ​ចាប់ខ្លួន​នៅ​ថ្ងៃ​អង្គារ​ក្រោយ​ការប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​។ 

​ក្រៅពី​បញ្ជា​ឲ្យ​ដោះលែង​សមាជិក​បក្សប្រឆាំង​ប្រាំបួន​នាក់​ហើយ តុលាការ​កំពូល​នេះ​បានសម្រេច​ផ្តល់​សិទ្ធិ និង​អំណាច​ឡើងវិញ​ដល់​តំណាងរាស្ត្រ ១២ រូប​ដែល​បាន​ចុះចូល​ជាមួយ​គណបក្សប្រឆាំង​ក​ន្ល​ង​មក​ផងដែរ​។ នេះ​ជា​មូលហេតុ​ធំ​មួយទៀត​ដែល​រដ្ឋាភិបាល​បារម្ភ ដ្បិតថា គណបក្ស​ជឿនលឿន​ម៉ា​ល់​ឌី​វ (PPM) ដែលជា​បក្ស​កាន់អំណាច​នឹង​បាត់បង់​សំឡេង​ភាគច្រើន​ក្នុង​សភា​ដែលមាន​សមាជិក​សរុប ៨៥​នាក់​នោះ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប៉ូលីស​ម៉ា​ល់​ឌី​វ បាន​ព្យាយាម​បកស្រាយ​ថា ចៅក្រម​តុលាការ​កំពូល​ដែលជា​តំណាង​ឲ្យ​ស្ថាប័ន​យុត្តាធិការ​ផុត​លេខ​នោះ​ត្រូវ​ចាប់ខ្លួន​ដោយសារ​ពួកគេ​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ពុករលួយ​ដែល​គេ​កំពុង​ស៊ើបអង្កេត​។ ប៉ុន្តែ​វា​មិនមែនជា​ហេតុផល​ច្បាស់លាស់​ឡើយ​។​

​យ៉ាងណាក៏ដោយ តំណាង​រដ្ឋាភិបាល​បាន​អះអាងថា បញ្ហា​វា​ផ្តើមចេញពី​ពេលដែល​តុលាការ​កំពូល​សម្រេច​ទាត់ចោល​ការចោទប្រកាន់​អ្នកនយោបាយ​បក្សប្រឆាំង​ប្រាំបួន​នាក់​ដែល​ពាក់ព័ន្ធ​រឿង «​ភេរវកម្ម​» ហើយ​បញ្ជា​ឲ្យ​មានការ​ដោះលែង​ពួកគេ​ថែមទៀត​។​

​រដ្ឋមន្ត្រី​យុត្តិធម៌​ម៉ា​ល់​ឌី​វ Azima Shakoor បាន​និយាយ​ពេញៗ​មាត់​ថា សាលដីកា​តុលាការ​កំពូល​ចេញ​កាលពីដើម​ខែកុម្ភៈ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​អំណាចនីតិប្រតិបត្តិ និង បំពាន​សន្តិសុខ​ជាតិ និង​ប្រយោជន៍​សាធារណៈ​ថែមទៀត​។​

២.​រដ្ឋាភិបាល​ព្យាយាម​កម្ចាត់​បក្សប្រឆាំង​?

​ក្រៅពី​ចាប់ខ្លួន​ចៅក្រម រដ្ឋាភិបាល​ម៉ា​ល់​ឌី​វ ក៏​កំពុង​ព្យាយាម​បោសសម្អាត​គណបក្សប្រឆាំង​ដែល​កំពុង​ក្លាយជា​ដៃគូ​ប្រជែង​ដ៏​ធំ និង​គ្រោះថ្នាក់​បំផុត​សម្រាប់​លោក​ដែរ ស្រប​ពេលដែល​ការបោះឆ្នោត​ជិត​មកដល់​នោះ​។

​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្រុម​សន្តិសុខ​សម្រុក​ចូលក្នុង​លំនៅដ្ឋាន អតីត​ប្រធានាធិបតី​ម៉ា​ល​ឌី​វ​ដែល​កាន់តំណែង​រហូតដល់ ៣០​ឆ្នាំ លោក Maumoon Abdul Gayoom ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​បងប្អូន​បង្កើត​ម្តាយ​ទីទៃ​របស់លោក Yameen  និង​បាន​ចាប់ឃុំខ្លួន​លោក​ផង​។ ទោះ​មានគ្រួសារ​រួមគ្នា​ក្តី លោក Gayoom ឈរ​ជាមួយ​បក្សប្រឆាំង និង​មាន​ចេតនា​ចង់​ទម្លាក់​លោក Yameen ពី​តំណែង​ដូចគ្នា​។

​សមត្ថកិច្ច​បាន​បកស្រាយ​ថា​ការចូល​ចាប់ខ្លួន​អតីត​ប្រធានាធិបតី​នេះ​ធ្វើឡើង​តាម​ការស៊ើបអង្កេត​ដែល​រកឃើញថា លោក​មាន​ពាក់ព័ន្ធ​បទល្មើស​ស៊ីសំណូកសូកប៉ាន់ និង​បានរៀបចំ​គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ថែម​ទៀតផង​។ ដែល​នេះ​ជា​បទល្មើស​ដែល​ធ្ងន់ធ្ងរ​មិនអាច​អត់ឱន​ឲ្យ​បានឡើយ​។​

​បើតាម​ការចុះផ្សាយ​រប​ស់​ទូរទស្សន៍​កាតា Al Jazeera អតីត​ប្រធានាធិបតី​មួយរូប​ទៀត​ដែល​បាន​ឡើងកាន់តំណែង​តាម​ការបោះឆ្នោត​ប្រ​ធានា​ធិបតេយ្យ​ដំបូង​គេ និង​ជា​អ្នក​ទិតៀន​របប​ដឹកនាំ​បច្ចុប្បន្ន​គឺ​លោក Mohamed Nasheed ក៏​ស្ថិតក្រោម​ការ​តាម​ចាប់ខ្លួន​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​ដែរ​ព្រោះ​តុលាការ​បាន​កាត់ក្តី​ឲ្យ​លោក​ជាប់ទោស ១៣ ឆ្នាំ​។​

​បច្ចុប្បន្ន​លោក​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​អង់គ្លេស ទោះជា​ទោស​ជាប់ពន្ធនាគារ​រយៈពេល ១៣ ឆ្នាំ​របស់លោក​នោះ​ត្រូវបាន​តុលាការ​កំពូល​សម្រេច​និរាករណ៍​កាលពីដើម​ខែកុម្ភៈ​ក៏ដោយ​។ អតីត​មេដឹកនាំ​ម៉ា​ល់​ឌី​វ​រូបនេះ​ចាត់ទុក ការដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​មិន​ខុសពី​ការអនុវត្ត​ច្បាប់អាជ្ញាសឹក​ឡើយ​។​

​ឆ្លើយតប​នឹង​ស្ថានការណ៍​នយោបាយ​ដ៏​អាក្រក់​នេះ សហគមន៍​អន្តរជាតិ​ជាពិសេស​សហរដ្ឋអាមេរិក និង​អង្គការសហប្រជាជាតិ​បាន​រិះគន់ និង​បង្ហាញ​ការខកចិត្ត​ចំពោះ​ការប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​។ គេ​ក៏បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ម៉ា​ល់​ឌី​វ គោរព​ឲ្យ​បាន​នូវ​នីតិរដ្ឋ ប្រជាធិបតេយ្យ និង​អនុវត្តតាម​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​ផងដែរ​។

​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​លោក Yameen នៅតែ​បដិសេធ​ដោះលែង​អ្នកទោសនយោបាយ​ទាំងអស់​។ រដ្ឋាភិបាល​លោក​បន្ត​យក​លេស​ដោះស្រាយ​បញ្ហា​សន្តិសុខ​កើនឡើង​នៅ​ម៉ា​ល់​ឌី​វ ជាពិសេស​ការគំរាមកំហែង​ពី​សំណាក់​ភេរវកម្ម​ដើម្បី​បង្ក្រាប​ក្រុមប្រឆាំង​។ ម្យ៉ាង​វិញ​ហើយ​របប​ដឹកនាំ​របស់លោក Yameen មិនសូវ​ខ្វល់​ពីស​ម្តី​លោកខាងលិច ដោយសារ​ខ្លួន​បន្ត​ពង្រឹង​ទំនាក់ទំនង​កាន់តែ​ស្និទ្ធស្នាល​ជាមួយ​មហា​យក្ស​ចិន និង​អា​រ៉ា​ប៊ី​សា​អូឌីត​។ ប្រទេស​ទាំងនេះ​ជា​ខ្នងបង្អែក​សំខាន់​សម្រាប់​របប​ដឹកនាំ​ម៉ា​ល់​ឌី​វ ដោយសារ​ប្រទេស​ទាំង​នោះបាន​ចំណាយលុយ​ច្រើនសន្ធឹក​វិនិយោគ​ក្នុង​ទឹកដី​ម៉ា​ល់​ឌី​វ​កន្លងមក​ដែរ​៕

Tag:
 ម៉ា​ល់​ឌី​វ​
  Abdulla Yameen
© រក្សាសិទ្ធិដោយ thmeythmey.com