អន្តរជាតិ
មហា​យក្ស​ចិន​សាកល្បង​ប្រព័ន្ធ​ស្ទាក់ចាប់​មី​ស៊ី​ល​របស់ខ្លួន​ដោយ​ជោគជ័យ​
06, Feb 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើម​សប្តាហ៍​នេះ ក្រុង​ប៉េកាំង​បានសម្រេច​ជោគជ័យ​ក្នុងការ​សាកល្បង​ប្រព័ន្ធ​ចាប់​មី​ស៊ី​ល​របស់ខ្លួន ហើយ​របប​ដឹកនាំ​នេះ​បាន​អះអាងថា វា​ជាការ​ពង្រឹងសមត្ថភាព​ការពារ​ខ្លួន មិនមាន​គោលដៅ​ប្រឆាំង​អ្នគណា​ឡើយ​។ ចិន​បន្ត​ស្រាវជ្រាវ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​ខ្លួន​ស្រប​ពេលដែល​មហាអំណាច​នេះ​ជំទាស់​ការដំឡើង​ខែល​ការពារ​មី​ស៊ី​ល​អាមេរិក​នៅលើ​ទឹកដី​កូរ៉េខាងត្បូង​ផងដែរ​។​



​ក្រសួងការពារជាតិ​ចិន​នៅ​ថ្ងៃ​អង្គារ​ទី ៦ ខែកុម្ភៈ​នេះ​បាន​ទទួលស្គាល់ថា ខ្លួន​បានសម្រេច​ជោគជ័យ​ក្នុងការ​សាកល្បង​ប្រព័ន្ធ​ស្ទាក់ចាប់​មី​ស៊ី​ល​កាលពី​ថ្ងៃ​ចន្ទ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP​។

«​ការសាកល្បង​ប្រព័ន្ធ​ស្ទាក់ចាប់​មី​ស៊ី​លបាញ់​ពី​លើដី​ត្រូវបាន​រៀបចំឡើង​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​ដែនដី​ចិន​។ ការ​សាល​ល្បង​នេះ​គឺ​ជោគជ័យ​ស្របតាម​ការរំពឹងទុក​»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងការពារជាតិ​ចិន​។

​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ក្រោម​ការដឹកនាំ​របស់​លោក ស៊ី ជិន​ភីង មហា​យក្ស​ចិន​បន្ត​ស្រាវជ្រាវ និង​ផលិត​ប្រព័ន្ធ​ការពារ​ដែនអាកាស​ជាពិសេស​ស្រាវជ្រាវ​មី​ស៊ី​ល​ច្រើន​ប្រភេទ​ជា​បន្តបន្ទាប់ ដើម្បី​ពង្រឹងសមត្ថភាព​យោធា​របស់ខ្លួន​។ ក្នុងចំណោម​នោះ ចិន​ក៏​ស្រាវជ្រាវ​លើ​មី​ស៊ី​ល​ដែល​អាច​បាញ់​ទម្លាក់​ផ្កាយរណប​នៅលើ​អាកាស​ដើម្បី​អភិវឌ្ឍ​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់ខ្លួន​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ផង​។​

​ក្រៅ​ប្រកាស​ពី​ភាពជោគជ័យ​របស់ខ្លួន ក្រសួងការពារជាតិ​ចិន​ក៏បាន​បញ្ជាក់​ផងដែរ​ថា ការ​មិនមែន​ជាការ​ប​ង្អួ​ត​ឬ​គំរាមកំហែង​ភាគី​ណាមួយ​ឡើយ ហើយ​វា​គ្រាន់តែ​ជាការ​ការពារ​ខ្លួន​ប៉ុណ្ណោះ​។

​តាមពិតទៅ​រដ្ឋាភិបាល​ចិន​បន្ត​ស្រាវជ្រាវ​លើ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ ដោយសារ​ខ្លួន​បារម្ភ​ខ្លាំង​ពី​ការដំឡើង​ខែល​ការពារ​មី​ស៊ី​ល​របស់​អាមេរិក THADD នៅលើ​ទឹកដី​កូរ៉េខាងត្បូង​។
​ចិន​ខ្លាច​ថា ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អាមេរិក THAAD ដែលមាន​បំពាក់​ដោយ​ប្រព័ន្ធ​រ៉ា​ដា​ស៊េរី​ទំនើប​នោះ អាច​មើលឃើញ​ចូល​ជ្រៅ​ក្នុង​ទឹកដី​ចិន ហើយ​វា​អាច​គំរាមកំហែង​សន្តិសុខ​របស់​ចិន​ខ្លាំង​ផង​។ ប៉ុន្តែ​ខាង​អាមេរិក និង​កូរ៉េខាងត្បូង​អះអាងថា ការដំឡើង​ខែល​ការពារ​មី​ស៊ី​ល​នេះ​គ្រាន់តែ​ដើម្បី​ការពារ​សន្តិសុខ និង​ប្រឆាំង​មី​ស៊ី​ល​កូរ៉េខាងជើង​ប៉ុណ្ណោះ​។


Tag:
 ចិន​
  មី​ស៊ី​ល​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com