អន្តរជាតិ
​តុលាការ​កំពូល​គាំទ្រ​លោក ឌូ​ទើ​តេ ឲ្យ​បន្ត​អនុវត្ត​ច្បាប់​«​អាជ្ញាសឹក​»​មួយឆ្នាំ​ទៀត​នៅ​មិន​ដា​ណាវ​
06, Feb 2018 , 10:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​តុលាការ​កំពូល​ហ្វីលីពីន​បានសម្រេច​គាំទ្រ​ការពន្យារពេល​អនុវត្ត​ច្បាប់អាជ្ញាសឹក​នៅ​មិន​ដា​ណាវ​ក្នុង​រយៈពេល​មួយឆ្នាំ​បន្ថែមទៀត​តាម​ការចង់បាន​របស់​ប្រ​ធា​ធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​។  យ៉ាងណាក៏ដោយ​ក្រុម​សិទ្ធិមនុស្ស​បាន​អះអាងថា ការសម្រេច​របស់​តុលាការ​នេះ​ជា​បញ្ហា​ធំ​សម្រាប់​សិទ្ធិមនុស្ស​ហ្វីលីពីន​។​



​ចុងក្រោយ​ក្រឹត្យ​ពន្យារពេល​អនុវត្ត​ច្បាប់​អា​ជា្ញ​សឹក​រយៈពេល​មួយឆ្នាំ​ទៀត​នៅ​កោះ​មិន​ដា​ណាវ​របស់​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ត្រូវបាន​តុលាការ​កំពូល​ហ្វីលីពីន​ទទួលយក​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​អង្គារ​ទី ៦ ខែកុម្ភៈ​នេះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។

​តុលាការ​កំពូល​ហ្វីលីពីន​បាន​ថ្លែង​តាម​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា​៖« ប្រធានាធិបតី និង​សភា​មាន​អំណះអំណាង​គ្រប់គ្រាន់​ដើម្បី​ពន្យារពេល​ការអនុវត្ត​ច្បាប់អាជ្ញាសឹក​នេះ​។ ចលនា​បះបោរ​ដែល​គំរាមកំហែង​ក្រុង​ម៉ា​រ៉ាវី​នៅតែ​បន្ត​កើតមាន​ឡើយ ហើយ​វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​ពន្យារពេល​អនុវត្ត​ដើម្បី​សុវត្ថិភាព​សាធារណៈ​»​។​

​បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​ទ​ទួល​យក​ក្រឹត្យ​ប្រធានាធិបតី​នេះហើយ សភា​ទាំងពីរ​ថ្នាក់​ក៏​ប្រកាស​គាំទ្រ​ក្រឹត្យ​ដែលមាន​គោលដៅ​ពន្យារ​ការអនុវត្ត​ច្បាប់អាជ្ញាសឹក​នេះ​រហូតដល់​ចុងឆ្នាំ ២០១៨ ដែរ​។ លោក ឌូ​ទើ​តេ បានសម្រេច​ដាក់​អនុវត្ត​ច្បាប់អាជ្ញាសឹក​នៅ​ទូទាំង​មិន​ដា​ណាវ ដែលមាន​ប្រជាជន​រស់នៅ ២០ លាន​នាក់ កាលពី​ខែឧសភា​ឆ្នាំ ២០១៧ នៅពេលដែល​ក្រុម​ភេរវជន​ដែលជា​បណ្តាញ​ក្រុម​រដ្ឋ​ឥស្លាម​វាយ​យ​ប្រហារ​និង​ដណ្តើម​កាន់កាប់​ទីក្រុង​ម៉ា​រ៉ាវី​នោះ​។

​រដ្ឋាភិបាល​ហ្វីលីពីន​អះអាងថា ក្រុម​នេះ​មាន​ចេតនា​ចង់យក​តំបន់​ភាគខាងត្បូង​ហ្វីលីពីន​ដើម្បី​បង្កើត​រដ្ឋ​ឥស្លាម​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ​។ គេ​នៅ​ចាំបាន​ថា យុទ្ធនា​ការរំដោះ​ក្រុង​ម៉ា​រ៉ាវី​នេះ​ត្រូវ​ចំណាយ​ពេលវេលា​ប្រាំ​ខែ​ឯណោះ​ដោយមាន​ការគាំទ្រ​ពី​ទាហាន​អាមេរិក​ផង ហើយ​ការរំដោះ​ទីក្រុង​ពី​កណ្តាប់ដៃ​ភេ​រវជ​នេះ​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​សរុប​ច្រើនជាង ១១០០​នាក់​ឯណោះ​។

​ទោះជា​អាជ្ញាធរ​ចាត់ទុកថា ការបន្ត​អនុវត្ត​ច្បាប់អាជ្ញាសឹក​នេះ​ជា​រឿង​ចាំបាច់​សម្រាប់​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សន្តិភាព​តំបន់​ក៏ដោយ នៅ​ហ្វីលីពីន​ច្បាប់អាជ្ញាសឹក​ជា​រឿងចម្រូងចម្រាស និង​រសើប​បំផុត​ចាប់ពី​ជំនាន់​មេដឹកនាំ​ផ្តាច់ការ ហ្វែ​រ​ឌី​ណង់ ម៉ា​កូ​ស​។ ខាង​ក្រុម​អ្នក​រិះគន់​យល់ឃើញថា ការបន្ត​ច្បាប់អាជ្ញាសឹក​នេះ​ជា​គ្រោះថ្នាក់​សម្រាប់​សិទ្ធិមនុស្ស​ក្នុងប្រទេស ហើយ​ការបន្ត​ពន្យា​ការអនុវត្ត​នេះ​ជាការ​រំលោភ​រដ្ឋធម្មនុញ្ញ​ផង​។​

​ប៉ុន្តែ​តុលាការ​កំពូល​បាន​ច្រានចោល​ការចោទប្រកាន់​នេះ​ដោយ​លើក​អំណះអំណាង​ថា រដ្ឋធម្មនុញ្ញ​មិនមាន​ចែង​ឡើយ​ពាក់ព័ន្ធ​ចំនួន​ដង​នៃ​ការពន្យារពេល​អនុវត្ត​ច្បាប់អាជ្ញាសឹក​នោះ​។ ដូច្នេះ​ការអះអាង​ថា វា​ជាការ​រំលោភ​រដ្ឋធម្មនុញ្ញ​នោះ​ជា​រឿង មិន​ត្រឹមត្រូវ​ឡើយ​៕


Tag:
 ច្បាប់អាជ្ញាសឹក​
  ហ្វីលីពីន​
  មិន​ដា​ណាវ​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com