អន្តរជាតិ
កូរ៉េខាងជើងធ្វើព្យុហយាត្រាកងទ័ពមុនព្រឹត្តិការណ៍អូឡាំពិក ដើម្បីបង្អួតអានុភាពយោធា
× កូរ៉េខាងជើងបានប្រកាសថា ខ្លួននឹងរៀបចំក្បួនព្យុហយាត្រាយោធាដ៏ធំមួយនៅថ្ងៃទី៨ ខែកុម្ភៈ ដើម្បីអបអរថ្ងៃកំណើតកងទ័ព។ កម្មវិធីនេះធ្វើឡើងមួយថ្ងៃមុនព្រឹត្តិការណ៍អូឡាំពិករដូវរងារនៅកូរ៉េខាងត្បូងចាប់ផ្ដើមនៅថ្ងៃទី៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ។ អ្នកវិភាគខ្លះជឿថា ការណ៍ដែលកូរ៉េខាងជើងរៀបចំក្បួនដង្ហែរយោធា គឺមានគោលដៅបង្អួតពីអានុភាពយោធារបស់ខ្លួនទៅកាន់ពិភពលោក ដែលកំពុងផ្ដោតអារម្មណ៍លើព្រឹត្តិការណ៍អូឡាំពិកនៅកូរ៉េខាងត្បូង។
ងាកទៅកាន់ខែមករា ឆ្នាំ២០១៨ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានបោះដៃទៅរកកូរ៉េខាងត្បូង និងប្រកាសចរចាដើម្បីបើកផ្លូវឲ្យអត្តពលិកកូរ៉េខាងជើងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងព្យុងឆាង។ កូរ៉េទាំងពីរក៏ចាប់ផ្ដើមជួបគ្នាជាបន្តបន្ទាប់លើបញ្ហានេះ ហើយកូរ៉េខាងត្បូងក៏សម្រួលបែបបទគ្រប់សព្វបែបយ៉ាងដើម្បីធានាថា ប្រតិភូ និងអត្តពលិកកូរ៉េខាងជើងនឹងមានវត្តមានក្នុងព្រឹត្តិការណ៍នៅកូរ៉េខាងត្បូង។ ប៉ុន្មានថ្ងៃក្រោយមក កូរ៉េខាងជើងបែរជាធ្វើឲ្យកូរ៉េខាងត្បូងបើកភ្នែកក្រឡែត។
ក្រុងព្យុងយ៉ាងបានប្រកាសពីផែនការរៀបចំព្យុហយាត្រាយោធាដើម្បីរំឭកខួបទី៧០ ថ្ងៃកំណើតកងទ័ពរបស់ខ្លួននៅថ្ងៃទី៨ ខែកុម្ភៈ គឺមួយថ្ងៃមុនកម្មវិធីបើកកីឡាអូឡាំពិកនៅទីក្រុងព្យុងឆាង។ តាមពិតទៅ ព្យុងយ៉ាងបានផ្លាស់ប្ដូរថ្ងៃកំណើតយោធារបស់ខ្លួន ដែលពីមុនតែងធ្វើនៅថ្ងៃទី២៥ ខែមេសាឯណោះ។ ក្រុងសេអ៊ូលពិតជាភ្ញាក់ផ្អើលនឹងការប្រកាសរបស់ក្រុងព្យុងយ៉ាង ព្រោះរដ្ឋមួយនេះទើបតែបន្ទន់ឥរិយាបថមិនបានប៉ុន្មានថ្ងៃផង។
បើតាមរូបភាពថតដោយផ្កាយរណបនៅថ្ងៃទី៥ ខែមករា កងទ័ពកូរ៉េខាងជើងប្រមាណ១៣០០០នាក់ កំពុងហាត់សមនៅឯមូលដ្ឋានមួយកន្លែងក្រៅរដ្ឋធានីព្យុងយ៉ាង ប៉ុន្តែគេឃើញមានសព្វាវុធតិចតួចប៉ុណ្ណោះ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន South China Morning Post ។ ជាទម្លាប់ កូរ៉េខាងជើងតែងប្រកាសគម្រោងដង្ហែរក្បួនយោធានៅមុនព្រឹត្តិការណ៍ធំៗរបស់ខ្លួន ឬក៏នៅកូរ៉េខាងត្បូងជាដើម។
លោក Park Won-Gon សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនិយាយថា កូរ៉េខាងជើងដែលប្រកាសខ្លួនជារដ្ឋនុយក្លេអ៊ែរកាលពីសប្ដាហ៍មុន ចង់អួតអាងឥទ្ធិពលយោធាខ្លួនឯង ហើយរបបដឹកនាំក្រុងព្យុងយ៉ាងចង់ទាក់ទាញការគាំទ្រពីប្រជាជនខ្លួនផង។ ជុំវិញកម្មវិធីរំឭកខួបនេះ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ចង់ប្រមូលសំឡេងគាំទ្រតាមរយៈការបង្ហាញអានុភាពកងទ័ព ដើម្បីឆ្លើយតបកូរ៉េខាងត្បូងដែលមានសេដ្ឋកិច្ចជឿនលឿន។
សម្រាប់ការចូលរួមព្រឹត្តិការណ៍កីឡារដូវរងារនៅថ្ងៃទី៩ ខែកុម្ភៈវិញ ប្រមុខរដ្ឋកូរ៉េខាងជើង គីម យ៉ុងណាម នឹងដឹកនាំប្រតិភូជាន់ខ្ពស់កូរ៉េខាងជើងចូលរួមកម្មវិធីបើក និងទស្សនាការប្រកួតមួយចំនួនទៀត។ ដោយឡែក ក្រុមសម្ដែងសិល្បៈស្ត្រីកូរ៉េខាងជើងចំនួន១៤០នាក់បានទៅដល់កូរ៉េខាងត្បូងនៅថ្ងៃទី៦ ខែកុម្ភៈហើយ ខណៈប្រតិភូ និងអត្តពលិកកូរ៉េខាងជើងចំនួន២៤០នាក់ នឹងទៅកាន់កូរ៉េខាងត្បូងនៅថ្ងៃទី៧ ខែកុម្ភៈ ៕
Tag:
កូរ៉េខាងជើង
កូរ៉េខាងត្បូង
Olympic2018
© រក្សាសិទ្ធិដោយ thmeythmey.com