ជាតិ
សម្ដេច ស ខេង បញ្ជាឲ្យសមត្ថកិច្ចបង្ក្រាបគោលដៅមេខ្លោងគ្រឿងញៀន
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានបញ្ជាឲ្យសមត្ថកិច្ចទូទាំងប្រទេស ចុះបង្ក្រាបឲ្យចំមេខ្លោងគ្រឿងញៀន ដើម្បីកាត់ផ្ដាច់ចរន្តគ្រឿងញៀន ដែលឆ្លងដែនចូលមកកម្ពុជា។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលនៃការត្រួតពិនិត្យការងារគ្រឿងញៀនឆ្នាំ២០១៧ កាលពីថ្ងៃទី៥ កុម្ភៈ សម្ដេច ស ខេង បានបង្ហាញពីកង្វល់នៃការបង្ក្រាបគ្រឿងញៀនយ៉ាងគំហុក ដែលនាំឲ្យមានការចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនយ៉ាងច្រើននៅកម្ពុជា។
សូមស្ដាប់សំឡេង៖
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ដូច្នេះថា៖ «ត្រូវខិតខំកសាងសមត្ថភាពមន្ត្រីក្នុងការស្រាវជ្រាវ និងស៊ើបអង្កេតបន្ថែមទៀត ដើម្បីមានលទ្ធភាពបង្ក្រាបឲ្យចំមេខ្លោង និងកាត់ផ្តាច់ខ្សែរយៈអង្គការចាត់តាំងរបស់ពួកនេះឲ្យដល់ឫសគល់ ។ ទន្ទឹមនឹងនេះ ត្រូវផ្តោតការយកចិត្តទុកដាក់ឲ្យបានខ្លាំងថែមទៀត ក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀនតាមព្រំដែនកម្ពុជា-ឡាវ ដែលជាភូមិសាស្ត្ររបៀងគ្រឿងញៀនពីតំបន់ត្រីកោណមាស ដើម្បីធ្វើយ៉ាងណាបង្ការ និងបង្ក្រាបឲ្យបាន នូវការលួចលាក់ចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែនចូលមកប្រទេសយើង»។
ក្នុងឆ្នាំ២០១៧ អ្នកញៀនគ្រឿងញៀន មានចំនួន ១៤៧៨២នាក់ ដែលទទួលការព្យាបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងមណ្ឌលបណ្ដោះអាសន្ន។ ចំនួនអ្នកប្រើប្រាស់គ្រឿងញៀន បានកើនឡើង៣១០១នាក់ ដែលស្មើនឹង២៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២0១៦។ នេះបើតាមរបាយការណ៍ ពីគណៈកម្មាធិការទទួលបន្ទុកការព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលត្រូវបានផ្សាព្វផ្សាយ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យអ្នកញៀនគ្រឿងញៀនឆ្នាំ២១៧ ដែលរៀបចំឡើងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨៕
© រក្សាសិទ្ធិដោយ thmeythmey.com