ជាតិ
​​​ន​យោ​បាយ​ជាតិ​
សភា​អាស៊ាន ចាត់ទុក ការកែ​រដ្ឋធម្មនុញ្ញ ជា​ក្តីបារម្ភ​ថ្មី ចំពោះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​
07, Feb 2018 , 3:36 pm        
រូបភាព
រដ្ឋសភា បើកកិច្ចប្រជុំនាពេលកន្លងមក
រដ្ឋសភា បើកកិច្ចប្រជុំនាពេលកន្លងមក
​ភ្នំពេញ​៖ សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស រិះគន់​ការធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ ដោយ​យល់ថា នឹង​ប៉ះពាល់​កាន់តែខ្លាំង​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។  មន្ត្រីជាន់ខ្ពស់​បក្ស​កាន់អំណាច ប្រាប់ថា សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស គ្មាន​សិទ្ធិ​រិះគន់​ការធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា​ឡើយ​។



​សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស (APHR) បានចេញ​សេចក្តីថ្លែងការណ៍មួយ ដោយ​លើកឡើង​ពី​គុណវិប្បត្តិ ដែល​រដ្ឋាភិបាល​កម្ពុជា ផ្តើម​ការធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ​។ ស្ថាប័ន​អន្តរជាតិ​មួយ​នេះ យល់ឃើញថា បន្ទាប់ពី​ការចាប់​លោក កឹម សុខា ដាក់ពន្ធនាគារ និង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការធ្វើ​សោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ គឺជា​ក្តីបារម្ភ​ថ្មី​បន្ថែមទៀត ដែល​នឹង​ជំរុញ​ឲ្យ​កម្ពុជា ឈានទៅរក​ប្រព័ន្ធ​ឯក​បក្ស ហើយ​ប្រជាធិបតេយ្យ នឹង​កាន់តែ​ថមថយ​។

​ដោយសារតែ​ក្តីបារម្ភ​បែបនេះ សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស ក៏បាន​ស្នើ​ឲ្យ​សភា​កម្ពុជា ច្រានចោល​ការធ្វើ​វិសោធន​កម្មនេះ​។ លោក Charles Santiago សមាជិកសភា​ម៉ាឡេស៊ី និង​ជា​ប្រធានសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស បាន​អះអាង​ក្នុង​សេចក្តីថ្លែងការណ៍​យ៉ាង​ដូច្នេះ​ថា​៖«​ប្រសិនបើ​អនុម័ត​មែន​នោះ វិសោធន​កម្មនេះ នឹងធ្វើ​ឲ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដល់​ស្ថាប័ន​ជាតិ ហើយក៏​នឹង​ប៉ះពាល់​ដល់​នីតិរដ្ឋ​នៅ​កម្ពុជា​ផងដែរ​»​។ លោក បញ្ជាក់ទៀតថា​៖«​ការធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​ណាមួយ មិនគួរ​ត្រូវបាន​ធ្វើឡើង​ដោយ​ប្រញាប់​ញា​ល់​និង​លាក់បាំង​នោះទេ​។ វា គឺជា​ដំណើរការ​មួយ ដែល​តម្រូវ​ឲ្យ​មាន​តម្លាភាព​ខ្ពស់បំផុត និង​មានការ​ពិគ្រោះ​យោបល់​យ៉ាង​ត្រឹមត្រូវ ជាមួយ​អ្នកពាក់ព័ន្ធ​ទាំងអស់​»​។​

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឆ្លើយតប​ថា ប្រទេស​ដទៃ រួមទាំង​សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស​ផងដែរ មិនមាន​សិទ្ធិ​រិះគន់​ការធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​នានា នៅ​កម្ពុជា​នោះទេ​។ លោក បាន​សរសេរ​សារ​ទៅកាន់​អ្នកកាសែត តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រា​មយ៉ាង​ដូច្នេះ​ថា​៖«​មតិ​របស់​សមាជិក​សភា​អាស៊ាន​នេះ គឺជា​ការរំលោភ​ធម្មនុញ្ញ​អាស៊ាន ដែល​ហាម​មិន​ឲ្យ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​»​។

​បើតាម​ការបកស្រាយរ​បស់​អ្នកនាំពាក្យ​បក្ស​កាន់អំណាច មានតែ​ក្រុមប្រឹក្សាធម្មនុញ្ញ​ប៉ុណ្ណោះ ដែលមាន​សមត្ថកិច្ច ក្នុងការ​សន្និដ្ឋានថា ការធ្វើ​វិសោធនកម្ម​ណាមួយ ស្របតាម​រដ្ឋធម្មនុញ្ញ ឬ​មិន​ស្រប​។ ម្យ៉ាង​ទៀតថា លោក ក៏បាន​បញ្ជាក់ដែរថា ការធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ផ្សេងៗ គឺជា​រឿង​ធម្មតា នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក ពីព្រោះ​វា ជា​តម្រូវការ​និង​ជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ក្នុងប្រទេស​ទាំងនោះ​។​

​មាត្រា ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ត្រូវបានធ្វើ​វិសោធនកម្ម រួមមាន មាត្រា​៣៤ មាត្រា​៤២ មាត្រា​៤៩ មាត្រា​៥៣ និង​មាត្រា​១១៨​។ មិនមែន​មានតែ​រដ្ឋធម្មនុញ្ញ​នោះទេ ក្រមព្រហ្មទណ្ឌ និង​ច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ ក៏ត្រូវ​បានធ្វើ​វិសោធនកម្ម​ផងដែរ​។​

​មកដល់ពេលនេះ សេចក្តីព្រាង ស្តីពី​ការធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ នៅក្នុង​ដៃ​រដ្ឋាភិបាល នៅឡើយ​ទេ​។ ឯ​សេចក្តីព្រាង ស្តីពី​ការធ្វើ​វិសោធនកម្ម​លើ​ក្រមព្រហ្មទណ្ឌ និង​ច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបាន​បញ្ជូន​ទៅកាន់​រដ្ឋសភា​រួចហើយ ដើម្បី​ពិនិត្យ និង​អនុម័ត​នាពេលខាងមុខ​៕
អត្ថបទទាក់ទង




Tag:
 រដ្ឋធម្មនុញ្ញ​
  វិសោធនកម្ម​
  APHR
  សុខ ឥសាន​
© រក្សាសិទ្ធិដោយ thmeythmey.com