ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ​កំពូល នឹង​ជំនុំជម្រះ លើ​សេចក្តីសម្រេច ដែល​ឲ្យ​លោក អ៊ុំ សំអាន ជាប់ពន្ធនាគារ​ពីរ​ឆ្នាំកន្លះ
07, Feb 2018 , 10:20 pm        
រូបភាព
រូបភាព៖ លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់តុលាការនាពេលកន្លងមក
រូបភាព៖ លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់តុលាការនាពេលកន្លងមក
ភ្នំពេញ​៖ តុលាការ​កំពូល បានកំណត់​យក​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២0១៨ ដើម្បី​បើកសវនាការ លើ​បណ្តឹងសាទុក្ខ​របស់លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដែល​កំពុង​ជាប់ពន្ធនាគារ ដោយសារ​រិះគន់​ពី​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​។ បណ្តឹងសាទុក្ខ​របស់​អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង ដែលមាន​ជំនាញ​ផ្នែក​ព្រំដែន​រូបនេះ គឺ​ដើម្បី​សុំ​ប្រឆាំងនឹង​តុលាការ​ជាន់​ទាប ដែល​កាត់ទោស​លោក ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំកន្លះ​។


 
​លោក​មេធាវី ជូ​ង ជូ​ងី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា លោក នឹងចូលរួម​សវនាការ​នេះ ដើម្បី​ការពារ​ក្តី​ឲ្យ​លោក អ៊ុំ សំអាន  ទៅតាម​ផ្លូវច្បាប់​។ ប៉ុន្តែ លោក​មេធាវី​រូបនេះ មិនបាន​បញ្ជាក់​នោះទេ ថា​សមត្ថកិច្ច នឹង​នាំ​លោក អ៊ុំ សំអាន  ដែលជា​កូនក្តី​របស់លោក ទៅកាន់​សវនាការ​នៃ​តុលាការ​កំពូល ឬ​យ៉ាងណា​។ 
 
​មុននឹង​ឈានទៅដល់​តុលាការ​កំពូល លោក អ៊ុំ សំអាន ធ្លាប់​ពឹង​មេធាវី ឲ្យ​ដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍​រួម​មកហើយ ដើម្បី​សុំ​ប្រឆាំងនឹង​ការដាក់ទោស​លើ​រូបលោក​។ ប៉ុន្តែ​ សាលាឧទ្ធរណ៍ ​បាន​ច្រានចោល​ការជំទាស់​របស់​លោក ដោយ​លើកឡើងថា ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​សម​ហេតុផល និង​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​។
 
​សូម​រម្លឹកថា កាលពី​អំឡុង​ខែតុលា ឆ្នាំ​២0១៦ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កាត់ទោស​លោក អ៊ុំ សំអាន ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំកន្លះ និង​ពិន័យ​ជា​ប្រាក់​ចំនួន​បួន​លាន​រៀល ពីបទ​«​ញុះញង់​នាំ​ឲ្យ​មានការ​រើសអើង និង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ពាក់ព័ន្ធ​នឹង​ការបញ្ចេញ​ទស្សនៈ​ពី​បញ្ហា​ព្រំដែន​តាម​ហ្វេ​ស​ប៊ុ​ក​។ មកដល់ពេលនេះ លោក បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំកន្លះ​ហើយ​៕

Tag:
 តុលាការ
  មេធាវី
  អ៊ុំ សំអាន
© រក្សាសិទ្ធិដោយ thmeythmey.com