អន្តរជាតិ
កូរ៉េខាងជើង​មិន​ចង់​ជួប​មន្ត្រី​អាមេរិក​នៅ​កូរ៉េខាងត្បូង ខណៈ​អាមេរិក​ត្រៀម​ដាក់ទណ្ឌកម្ម​ថ្មី​ទៀត​
08, Feb 2018 , 12:16 pm        
រូបភាព
​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ផ្សាយ​ថា មន្ត្រី​កូរ៉េខាងជើង​គ្មាន​គម្រោង​ជួប​ប្រតិភូ​អាមេរិក​អំឡុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងារ​នៅ​កូរ៉េខាងត្បូង​ឡើយ​។ ជំហរ​របស់​កូរ៉េខាងជើង បាន​បង្អាក់​ក្ដី​សង្ឃឹមថា ព្រឹត្តិការណ៍​កីឡា​រៀបចំ​រៀងរាល់​បួន​ឆ្នាំ​ម្ដងនេះ នឹង​ក្លាយជា​វេទិកា​ដែល​សត្រូវ​ទាំងពីរ​អាច​ជួបចរចា​គ្នា​បាន​លើ​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ចំណែក​អាមេរិក​វិញ​ក៏​ត្រៀម​ប្រកាស​ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង​ដែរ​។



​គ្មាន​ឡើយ​ជំនួប​រវាង​មន្ត្រី​កូរ៉េខាងជើង និង​អាមេរិក​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងារ​ឆ្នាំ​២០១៨ នៅ​កូរ៉េខាងត្បូង ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ​។ កូរ៉េខាងជើង​បាន​បញ្ជូន​ប្រតិភូ​ជាន់ខ្ពស់​ដឹកនាំ​លោក គីម យ៉ុង​ណា​ម ប្រធានសភា ដែល​អមដំណើរ​ដោយ​លោកស្រី គីម យ៉ូ​ចុង ប្អូនស្រី​បង្កើត​លោក គីម ជុង​អ៊ុន ។ ឯ​ប្រតិភូ​អាមេរិក​វិញ​មាន​វត្តមាន​លោក​អនុ​ប្រធានាធិបតី ម៉ៃ ផេ​ន និង​មាន​កូនស្រី​លោក ដូ​ណា​ល់ ត្រាំ ផង​។

​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ស្រង់​សម្ដី​មន្ត្រី​ក្រសួងការបរទេស​ម្នាក់​ថា កូរ៉េខាងជើង​មិនបាន​អង្វរ​សុំ​ជួបចរចា​ជាមួយ​អាមេរិក​ឡើយ ហើយក៏​មិន​ខ្ចី​អង្វរ​នៅ​ថ្ងៃ​ពេលខាងមុខ​ដែរ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap មន្ត្រី​ដដែល​នេះ​ប្រកាស​ច្បាស់ៗ​ថា កូរ៉េខាងជើង​គ្មាន​ឆន្ទៈ​ជួប​មន្ត្រី​អាមេរិក​អំឡុង​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​ឡើយ​។   

​វត្តមាន​រួមគ្នា​របស់​មេដឹកនាំ​ជាន់ខ្ពស់​អាមេរិក និង​កូរ៉េខាងជើង​នៅក្នុង​ព្រឹត្តិការណ៍​តែមួយ គឺជា​រឿង​កម្រ ដែល​នេះ​បង្កក្ដី​រំពឹងថា នឹងមាន​ជួបគ្នា​មិន​ខាន​។ ទន្ទឹមនឹង​ការបដិសេធ​របស់​កូរ៉េខាងជើង ក្រសួងការបរទេស​អា​មេ​រិ​ក​ក៏​ធ្លាប់​និយាយ​ដែរ​ថា ប្រតិភូ​អាមេរិក​មិនទាន់​គម្រោង​ជួប​មន្ត្រី​កូរ៉េខាងជើង​ដែរ​។ លោក​អនុ​ប្រធានាធិបតី ផេ​ន លើកឡើងថា អាមេរិក​មិន​អនុញ្ញាត​ឲ្យ​កូរ៉េខាងជើង​ប្រើប្រាស់​ព្រឹត្តិការណ៍​នេះ​ដើម្បី​ប្រយោជន៍​ខ្លួន​ឡើយ​។​

​មុន​ចូលរួម​កម្មវិធី​បើក​អូឡាំពិក​នៅ​ទីក្រុង​ព្យុងយ៉ាង លោក ផេ​ន បានប្រកាស​ពី​ទីក្រុង​តូ​ក្យូ​ថា អាមេរិក​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ដ៏​ធ្ងន់​បំផុត​លើ​កូរ៉េខាងជើង​។ នៅ​ជប៉ុន អនុ​ប្រធានាធិបតី​អាមេរិក​រូបនេះ​បានប្រកាស​ពី​ការប្ដេជ្ញាចិត្ត​របស់​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ដាក់​សម្ពាធ​អតិបរមា​លើ​កូរ៉េខាងជើង និង​ការពារ​សម្ព័ន្ធមិត្ត​តំបន់​អាស៊ី​។ លោក ផេ​ន និយាយថា ជម្រើស​ទាំងអស់​ត្រូវដាក់​លើ​តុ ហើយ​អាមេរិក​បាន​បញ្ជូន​សព្វាវុធ​ទំនើបៗ​របស់ខ្លួន​ទៅ​ជប៉ុន និង​តំបន់​ទាំងមូល​ដើម្បី​រក្សា​សន្តិសុខ​។​

​តាមពិតទៅ អាមេរិក​មិន​ជឿថា កូរ៉េខាងជើង​មានបំណង​សុទ្ធចិត្ត​ក្នុងការ​ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក​ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​២៥ ខែកុម្ភៈ​នេះឡើយ និង​អះអាងថា កូរ៉េខាងជើង​ប្រើប្រាស់​វត្តមាន​របស់ខ្លួន​ដើម្បី​កេងចំណេញ​ប៉ុណ្ណោះ​។ អនុ​ប្រធានាធិបតី​អាមេរិក​បញ្ជាក់ថា អាមេរិក​មិន​អនុញ្ញាត​ឲ្យ​កូរ៉េខាងជើង​យក​កម្មវិធី​អូឡាំពិក​ដើម្បី​លាក់​សកម្មភាព​បំពាន​ប្រជាជន និង​បង្ក​ការគំរាមកំហែង​ដល់​សន្តិសុខ​តំបន់​ឡើយ​៕


Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  កូ​រេ​ខាងត្បូង​
  Olympic2018
© រក្សាសិទ្ធិដោយ thmeythmey.com